Galaxy S9 នឹងមានតម្លៃខ្ពស់ជាងមុន ១០០ដុល្លារ ធៀបនឹង Galaxy S8
Galaxy S9 នឹងត្រូវ Samsung សម្ពោធផ្លូវការនៅក្នុងសមាជទូរស័ព្ទពិភពលោក MWC 2018 ចុងខែកុម្ភៈនេះ។ ក្រោយពេលមានសេចក្ដីរាយការណ៍ថា S9 នឹងមានរចនាបថស្រដៀងគ្នាខ្លាំងទៅនឹង S8 នោះ ចំណែករបាយការណ៍ពីសារព័ត៌មានកូរ៉េ ETNews ថ្មីនេះវិញ បានលើកឡើងទាក់ទិននឹងតម្លៃស្មាតហ្វូនស៊េរីថ្មីនេះថា នឹងមានតម្លៃខ្ពស់ជាង Galaxy S8 ១០០ដុល្លារ។
របាយការណ៍ពីគេហទំព័រ ETNews (ផ្សាយដោយ Gizmodo) បានរាយការណ៍ថា Galaxy S9 អាចនឹងមានលក់ក្នុងតម្លៃ ៩២៥០០០ និង ១លានវ៉ុន ដែលស្មើនឹងចន្លោះពី ៨៧៥ដុល្លារ ទៅ ៩២៥ដុល្លារ។ លើសពីនេះ ប្រភពលេចឮពី Samsung បានបង្ហើបប្រាប់គេហទំព័រ Techradar ដែរថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung នឹងមានតម្លៃ ៧៨៩ផោន ឬប្រហែល ១០៩៥ដុល្លារ។ វាជាតម្លៃមួយខ្ពស់ជាងតម្លៃ S8 នៅលើទីផ្សារអង់គ្លេសប្រហែល ១០០ផោន។
យ៉ាងណា នេះអាចជាតម្លៃខ្ពស់មួយសម្រាប់អតិថិជនមួយចំនួនដែលជីវភាពនៅមានកម្រិត គិតច្រើនមិនហ៊ានប៉ងធ្វើជាម្ចាស់របស់ S9 នេះ។ បច្ចុប្បន្នយើងឃើញមានស្មាតហ្វូនទំនើបស៊េរីខ្ពស់ ហើយមានតម្លៃធូរថ្លៃត្រឹមពាក់កណ្ដាលស្មាតហ្វូនកំពូលរបស់ Samsung និង Apple ដូចជា OnePlus 5T។ តែក៏នៅសង្កេតឃើញមានអតិថិជនជាច្រើន ហ៊ានចាយប្រាក់ទាំងខ្ទាស់ទៅទិញប្រើស្មាតហ្វូនតម្លៃខ្ទង់ពាន់ទាំងនោះផងដែរ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techspot