អុញ​នោះ ..! នរណា​ខ្លះ​ហ្វេន X1 Carbon ? Lenovo ​ប្រកាស​ប្រមូល​វិញ​បន្ទាន់​ក្រោយ​កើត​បញ្ហា​នេះ​ភ្លាម​



ក្រុមហ៊ុន Lenovo បាន​សហការ​ជាមួយ​គណៈកម្មការ​សុវត្ថិភាព​លើ​ផលិតផល​របស់​អាមេរិក​ហៅ​កាត់​ថា CPSC ​បាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​ប្រមូល​មក​វិញ​នូវ​កុំព្យូទ័រ​យួរដៃ​ត្រកូល ThinkPad X1 Carbon ក្រោយ​មាន​សេចក្ដី​រាយការណ៍​ថា មាន​បញ្ហា​ថ្ម​ឆាប់​ឡើង​កម្ដៅ រហូត​អាច​បង្ក​ឱ្យ​ឆេះ។ ម៉ូដែល​ Laptop ដែល​ក្រុមហ៊ុន​អេឡិចត្រូនិក​ខ្នាត​ធំ​មាន​ស្នាក់ការ​ធំ​នៅ​ចិន និង​អាមេរិក​នេះ កំពូល​ប្រមូល​មក​វិញ​មាន​លេខ​កូដ 20HQ, 20HR, 20K3 និង 20K4។

​អ្នក​អាច​ឆែក​មើល​ថា​តើ X1 Carbon ដែល​អ្នក​កំពុង​ប្រើ មាន​បញ្ហា​ដូច​គ្នា​នេះ​ឬ​ទេ ដោយ​ផ្ញើ​ប្រភេទ​ម៉ាស៊ីន និង​លេខ​ស៊េរី (serial number) ​ទៅ​លើ​ទំព័រ recall page ​របស់ Lenovo បាន។ បញ្ហា​កើត​មាន​តែ​នៅ​លើ ThinkPad X1 Carbons ​ដែល​មាន​ឆ្នាំ​ផលិត​ចន្លោះ​ថ្ងៃ​ទី១ ធ្នូ ២០១៦ ​ទៅ​ថ្ងៃ១ ខែ​វិច្ឆិកា ២០១៧ ។ ប្រសិន​បើ​អ្នក​ទើប​តែ​ទិញ​វា​នាពេល​ថ្មីៗ​នេះ វា​ប្រហែល​នឹង​គ្មាន​បញ្ហា​ដូច​ករណី​នេះ​ឡើយ ប៉ុន្តែ​អ្នក​ក៏​គួរ​តែ​ពិនិត្យ​ឱ្យ​ច្បាស់​ជៀសវាង​កើត​ករណី​ផ្ទុះ​ឆេះ​ដោយសារ​បញ្ហា​ថ្ម។ សេចក្ដី​រាយការណ៍​នេះ បាន​ឱ្យ​ដឹង​នូវ​ចំនួន​ប៉ាន់ប្រមាណ​នូវ ThinkPad X1 Carbons ​ដែល​មាន​បញ្ហា គឺ​មាន​ជាង ៨០០០០គ្រឿង។ ប្រសិន​បើ​ឆែក​ឃើញ​ថា Laptop ដែល​អ្នក​កំពុង​ប្រើ​ជា​ម៉ូដែល​កំពុង​កើត​មាន​បញ្ហា អ្នក​គួរ​តែ​ផ្អាក​ប្រើ​ជា​បន្ទាន់ ហើយ​ទាក់ទង​ទៅ​កាន់​ផ្នែក​បម្រើ​សេវាកម្ម​របស់ Lenovo ​ដើម​សុវត្ថិភាព។ ThinkPad X1 Carbon ជា​កុំព្យូទ័រ​ទំនើប​មួយ​ដែល​ត្រូវ​បាន​បន្ត​អភិវឌ្ឍ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​កាន់តែ​ឡូយ ទំនើប ស្ដើង សមាសធាតុ​ផលិត​ល្អ ដំណើរការ​លឿន ពិសេស​រូបរាង​ដ៏​ស្លីម និង​មាន​សម្បក​ផលិត​ពី​សារធាតុ​កាបូន​ហ្វៃប៊ឺ​នាំ​ឱ្យ​ទម្ងន់​ស្រាល។ តម្លៃ​ដាក់​លក់​នៅ​លើ​ទីផ្សារ​របស់ X1 Carbon ​ចាប់ពី ១៣២០ដុល្លារ ទៅ ២៥០០ដុល្លារ​អាមេរិក៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s