មែនទែនហើយ ..! Huawei P20 Lite (ឬ P11) បង្ហាញរូបរាងកាន់តែច្បាស់ យកស្ទីលឌីហ្សាញ Dual Camera បញ្ឈរតាម iPhone X
ក្រុមហ៊ុន Huawei ត្រៀមនឹងប្រកាសចេញស្មាតហ្វូនថ្មីអាចមានឈ្មោះ Huawei P20 (ឬ P11 ដោយឈ្មោះរបស់វាមិនទាន់ច្បាស់លាស់នៅឡើយ) នៅថ្ងៃទី២៧ ខែមីនាខាងមុខ ក្នុងព្រឹត្តិការណ៍ពិសេសមួយក្នុងទីក្រុងប៉ារីស។ ខណៈដែល P20 និង P20 Plus ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនជាមួយកាមេរ៉ាក្រោយដល់ទៅ៣ ក្នុងនោះក៏នឹងមានស្មាតហ្វូនធុនមធ្យមចេញដំណាលគ្នាដែរ អាចស្ថិតក្នុងត្រកូល Lite ដូចរាល់ដង។ ហើយរូបថតបែកធ្លាយប៉ុន្មានសន្លឹកនេះត្រូវគេសន្និដ្ឋានថា នឹងជា P20 Lite តែម្ដង។
ស្មាតហ្វូននេះទើបតែត្រូវបានចុះបញ្ចីដោយ FCC កាលពីម្សិលមិញទេ ហើយរយៈពេលក្រោយមកតែប៉ុន្មានម៉ោង ក៏លេចចេញរូប render មុំ ៣៦០ដឺក្រេប៉ុន្មានសន្លឹក ដែលបង្ហាញឱ្យឃើញប្រព័ន្ធកាមេរ៉ាភ្លោះរាងបញ្ឈរស្រដៀងខ្លាំងទៅនឹងកាមេរ៉ារបស់ iPhone X។ ចំណែកពេលនេះ យើងទើបទទួលបានរូបជាក់ស្ដែងវិញម្ដង ដែលបែកធ្លាយចេញពីសារព័ត៌មានអេស្ប៉ាញ computerhoy ។
តាមរយៈរូបថតបែកធ្លាយខាងលើ យើងឃើញការឌីហ្សាញលេនស៍កាមេរ៉ាក្រោយត្រូវបានឌីហ្សាញដាក់បញ្ជាប់គ្នា និងក្រាលបិទដោយកញ្ចក់ការពារ ពកឡើងខ្ពស់ពីតួរបស់វាបន្តិច ដែលលក្ខណៈនេះពិតជាដូចទៅនឹងរចនាបថនៅលើ iPhone X ។ P20 Lite ត្រូវគេរំពឹងថា នឹងមានអេក្រង់ ៥,៨អ៊ីញជាមួយសមាមាត្រអេក្រង់ 18:9 aspect ratio និងមានកម្រិត resolution ទំហំ 2280x1080px និងម៉ូដែលមួយទៀតមានទំហំ ៦,១អ៊ីញ សមាមាត្រអេក្រង់ 19:9 aspect ratio។
P10 Lite ត្រូវគេរំពឹងថា នឹងមានវិមាត្រ 148 x 71 x 7.2 mm ហើយមានតួខ្លួនផលិតពីលោហធាតុ និងសារធាតុកញ្ចក់បែកភ្លឺ។ នៅក្នុងរូបយើងថែមទាំងឃើញមានរន្ធ USB-C, រន្ធកាស 3.5mm និងមានទ្រនាប់ស្កេនក្រយៅដៃជារង្វង់មូលនៅខាងក្រោយ។ ប្រភពដដែលថែមទាំងបានរំពឹងទៀតថា Huawei P20 Lite អាចមានកម្លាំងថ្ម 2900mAh ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo និងដំណើរការផ្ទៃរូបរាងជាសូហ្វ៊ែរ EMUI 8.0 របស់ Huawei ។ វាត្រូវគេរំពឹងថា នឹងបំពាក់ដោយបន្ទះឈីប Kirin 970 SoC ដែលជាការបន្ថែមលក្ខណៈសម្បត្តិពីជំនាន់ឈីប Kirin 659 នៅលើត្រកូល Lite ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena