តើត្រូវបំពេញល័ក្ខខ័ណ្ឌអ្វីខ្លះ ដើម្បីទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលបញ្ចាំ និង ទិញ-លក់ទ្រព្យបញ្ចាំ?​



អាជីវកម្មទទួលបញ្ចាំ គឺជាអាជីវកម្មមួយប្រភេទដែលភាគីម្ខាងដាក់នូវចលនវត្ថុ (មានដូចជា ឡាន ម៉ូតូ ) ឬ ឯកសារបញ្ជាក់សិទ្ធិកាន់កាប់អចលនវត្ថុ (មានដូចជា ប្លង់ដី/ផ្ទះ លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ ជាអាទិ៍) ឬ ឯកសារផ្សេងៗទៀត ទៅឱ្យភាគីម្ខាងទៀតជាអាជីវករ ដើម្បីធានាដល់ការទូទាត់សងប្រាក់កម្ចី និង ការប្រាក់។ ដើម្បីទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មនេះ អាជីវករទាំងឡាយត្រូវបំពេញនូវល័ក្ខខ័ណ្ឌដូចខាងក្រោម៖ 1. ជារូបវ័ន្តបុគ្គលដែលមានសញ្ជាតិខ្មែរ ហើយមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ ឬជានីតិបុគ្គលដែលមាន សញ្ជាតិខ្មែរដែលបានបំពេញបែបបទ និង ចុះបញ្ជីត្រឹមត្រូវតាមច្បាប់។ 2. មានលិខិតថ្កោលទោស ឬលិខិតបញ្ជាក់កិរិយាមាយាទដែលចេញដោយក្រសួងយុត្តិធម៌ ឬពីអាជ្ញាធរ ពាក់ព័ន្ធ។ 3. បានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់នៅក្រសួងពាណិជ្ជកម្ម (ប្រសិនបើជានីតិបុគ្គល)។ 4. មានអាសយដ្ឋានស្នាក់នៅ (ក្នុងករណីរូបវ័ន្តបុគ្គល) ឬ អាសយដ្ឋានចុះបញ្ជី (ក្នុងករណីនីតិបុគ្គល) ច្បាស់លាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 5. ត្រូវបង្ហាញពីកន្លែងសុវត្ថិភាពដើម្បីធានាថែរក្សា និង ការពារការខូចខាត ឬការបាត់បង់ទ្រព្យ។ 6. ត្រូវមានដើមទុនអាជីវកម្មអប្បរមាចំនួន ៨០ លានរៀល (ស្មើនឹង ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) និង ដាក់ ប្រាក់តំកល់ចំនួន ១០% នៃដើមទុនអាជីវកម្ម ឬ ប្រាក់តំកល់អតិបរមាចំនួន ៤០ លានរៀល (ស្មើនឹង ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ទៅក្នុងគណនីរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលមានចែងនៅក្នុង សៀវភៅបន្ទុក។ 7. អាជីវករអាចដកប្រាក់តំកល់ខាងលើមកវិញបាន លុះត្រាតែមានការអនុញ្ញាតពីក្រសួងដូចដែលមានចែង នៅក្នុងសៀវភៅបន្ទុក។ 8. ត្រូវមានលិខិតបញ្ជាក់អាសយដ្ឋានកន្លែងអាជីវកម្មឱ្យបានច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋាន។ 9. មានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រ ឬប្រហាក់ប្រហែលផ្នែកសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ឬនីតិសាស្ត្រ ឬ វិញ្ញាបនបត្រផ្សេងៗទៀតដែលទាក់ទងនឹងអាជីវកម្ម ឬមានបទពិសោធន៍ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង អាជីវកម្ម ឬធ្លាប់បម្រើការងារផ្នែកនេះពីមុន។ 10. មានសមត្ថភាពក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាពទាំងការនិយាយ ការសរសេរ និង មានសមត្ថ ភាពក្នុងការរៀបចំរបាយការណ៍ដែលមានទំរង់បែបបទត្រឹមត្រូវ។ 11. បង្ហាញពីម្ចាស់ភាគហ៊ុន នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងផ្នែកផ្សេងៗ និងឈ្មោះបុគ្គលិកដែលបម្រើការងារ នៅក្នុងកន្លែងអាជីវកម្មឱ្យបានច្បាស់លាស់។ 12. បានបង់ថ្លៃអាជ្ញាប័ណ្ណដូចបានកំណត់។ 13. ភ្ជាប់គំរូស្លាកសញ្ញា និង ត្រារបស់កន្លែងអាជីវកម្ម ព្រមទាំងហត្ថលេខារបស់អ្នកកាន់អាជ្ញាប័ណ្ណ។ល៕ គួរបញ្ជាក់ផងដែរថា អាជ្ញាប័ណ្ណសម្រាប់ប្រកបអាជីវកម្មទទួលបញ្ចាំនេះមានសុពលភាពរយៈពេល ០១ ឆ្នាំ គិតចាប់ ពីថ្ងៃចុះហត្ថលេខា។ អ្នកកាន់អាជ្ញាប័ណ្ណត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឱ្យបាន ៣០ ថ្ងៃ មុនពេលអាជ្ញាប័ណ្ណ នោះអស់សុពលភាព។ អាជ្ញាប័ណ្ណថ្មីក៏ដូចជាអាជ្ញាប័ណ្ណបន្តគឺមានតម្លៃ ២.០០០.០០០ រៀល (ស្មើនឹង ៥០០ ដុល្លារសហរដ្ឋអាមេរិក)។ ដោយ៖ ប៉ុម ទូច
X
5s