ពន្ធ​​លើ​ចំណេញ​​មូលធន ២០% ត្រូវ​បាន​លើកលែង​ក្នុង​ករណី​ណា​ខ្លះ?​



​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១ មករា ឆ្នាំ ២០២១ ខាងមុខ​នេះ​ហើយ។  ​យោង​តាម​សេចក្ដី​ប្រកាស​លេខ ៣៤៦ សហវ.ប្រក ស្តីពី​ពន្ធ​លើ​ចំណេញ​មូលធន​ការ​អនុវត្ត​​​ពន្ធ​នេះ​គឺ​មាន​ចំនួន​ស្មើ​នឹង​​ ២០% ​​ប្រាក់​ចំណេញ​​តែ​ទទួល​បាន​ពី​ការ​ផ្ទេរ ឬ​ការ​លក់​ទ្រព្យ​ដែល​ជា​មូលធន​កំណត់​ដោយ​ប្រកាស​នេះ។ ​

យ៉ាងណាក៏ដោយ ការលក់​អចលនវត្ថុនឹង​ត្រូវប្រមូល​ តែក្នុង​ករណី​ប្រតិបត្តិការ​លក់​អចលនវត្ថុណា ដែល​ទទួល​បាន​ប្រាក់​ចំណេញ​តែប៉ុណ្ណោះ។ ប៉ុន្តែ​បើ​ក្នុង​ករណី​ប្រតិបត្តិការ​លក់​អចលនវត្ថុ​ណា ដែលមិន​ទទួល​បាន​ប្រាក់​ចំណេញនោះ នឹងមិន​ជាប់កាតព្វកិច្ច​ពន្ធ​នេះឡើយ ហើយ​ពន្ធ​នេះ​ត្រូវ​បាន​លើកលែង​នៅ​ក្នុង​ករណី​មួយ​ចំនួន​។ 

 ​ត្រង់​ប្រការ​៥​នៃ​ប្រកាស​នេះ​​បាន​ចែង​ថា ពន្ធ​​លើ​ចំណេញ​​មូលធន ២០% ត្រូវ​បាន​លើកលែង​​ចំពោះ​ការ​ផ្ទេរ ឬ​ការ​លក់​នូវ៖ ​​

១-ទ្រព្យ​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថាប័ន​រដ្ឋ។ 
២-ទ្រព្យ​ដែល​ជា​កម្មសិទ្ធិ​របស់​​បេសកកម្ម​ទូត ឬ​កុងស៊ុល​បរទេស អង្គារ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​នៃ​រដ្ឋាភិបាល​ដទៃ។
៣-និវសនដ្ឋាន​ជា​គោលដើម​របស់​អ្នកជាប់ពន្ធ​ដែល​បាន​កាន់កាប់​ក្នុងរយៈពេល​យ៉ាងតិច​​ ៥​ឆ្នាំ ​មុន​លក់​ឬ​ផ្ទេរ។ ក្នុង​ករណី​អ្នក​ជាប់​ពន្ធ​មាន​និវាសដ្ឋាន​ច្រើន​ជាង​មួយ ឬ​អ្នក​ជាប់ ពន្ធ​ និង​សហព័ន្ធ​មាន​និវាសដ្ឋាន​ផ្សេង​ពី​គ្នា និវាសដ្ឋាន​តែមួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​​បាន​អនុញ្ញាត​ជា​និវាសដ្ឋាន​ជា​គោលដើម។
៤-អចលនទ្រព្យ​ក្នុ្ង​រង្វង់​ញាតិ​ដូច​មាន​ចែង​ក្នុង​បទបញ្ញត្តិ​ស្តីពី​ពន្ធ​ប្រថាប់ត្រា វៀរលែងតែ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធ​កាន់កាប់​អចលនទ្រព្យ​រវាង​បងប្អូន​បង្កើត និង​បងប្អូន​បង្កើត រវាង​ឪពុក-ម្តាយ​ក្មេក និង​កូនប្រសា​ និង​រវាង​យាយ​​តា​ក្មេក​ និង​ចៅ​ប្រសា។
៥-ទ្រព្យ​ដែល​ត្រូវ​បាន​លក់ ឬ​ផ្ទេរ​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ ស្រប​តាម​ច្បាប់​ស្ដីពី​អស្សាមិករណ៍។

ប្រិយមិត្ត​ដែល​ចង់​​ទទួល​បាន​ចំណេះដឹង​បន្ថែម​ សូម​មើល​ប្រកាស​ខាងលើ​នេះ​ដែល​អាច​ទាញយក​បាន​នៅ​គេហទំព័រអគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh

ដោយ៖ ខេវិន​

X
5s