តើត្រូវធ្វើដូចម្តេចបើបុគ្គលិកប្ដឹងក្រុមហ៊ុនរបស់អ្នក?
គ្រប់ម្ចាស់អាជីវកម្មទាំងអស់អាចមានពាក្យបណ្តឹងណាមួយកើតមានឡើង បើមិនពីភាគីខាងក្រៅ ក៏វាអាចកើតមានចេញពីបុគ្គលិករបស់ពួកគេផងដែរ។ ការប្ដឹងផ្ដល់នេះទោះតូច ឬធំវាអាចធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះមុខជំនួញក្រុមហ៊ុនរបស់អ្នក។ ហេតុដូច្នេះហើយដើម្បីជៀសវាងបញ្ហានេះកើតឡើង អ្នកគួរមានវិធីការពារមួយចំនួនដែលអ្នកត្រូវដឹងដើម្បីឆ្លើយតបទៅនឹងការប្តឹងផ្តល់នោះ។
មូលហេតុសំខាន់ៗដែលបុគ្គលិករបស់អ្នកប្តឹងអ្នក
មានមូលហេតុច្រើនណាស់ដែលបុគ្គលិករបស់អ្នកដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុនរបស់អ្នកក្នុងនោះរួមមានដូចជា៖
-ការបញ្ឈប់បុគ្គលិកខុសនីតិវិធីច្បាប់
-ផ្ដល់ប្រាក់ខែមិនត្រឹមត្រូវ
-គ្រោះថ្នាក់ ឬរងរបួសដោយសារតែភាពធ្វេសប្រហែសរបស់ក្រុមហ៊ុន
-ការរើសអើងប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ភេទ អាយុ...និង
-ការរំលោភបំពានផ្លូវភេទ ឬលក្ខខណ្ឌការងារមិនអាចអនុវត្តបានជាដើម។
ខាងក្រោមនេះជាគន្លឹះដ៏សំខាន់ដែលអ្នកត្រូវដឹងដើម្បីកាត់បន្ថយការគំរាមកំហែងប្ដឹងផ្ដល់ពីបុគ្គលិក៖
១.ការរំពឹងទុកនៃការប្តឹងផ្តល់ចេញពីបុគ្គលិក
ទោះបី ជាមុនពេលមានការប្តឹងផ្ដល់ត្រូវបានធ្វើឡើងក៏ដោយ លិខិតទាមទារស្របច្បាប់ណាមួយអាចត្រូវបានធ្វើឡើងដោយគ្មានការរំពឹងទុកចេញពីបុគ្គលិករបស់អ្នក មេធាវី ឬភាគីស្របច្បាប់ណាមួយរបស់ពួកគេ។ លិខិតទាមទារនោះគឺមានគោលបំណងតែមួយគត់គឺតម្រូវឲ្យក្រុមហ៊ុនរបស់អ្នកធ្វើរឿងអ្វីមួយត្រឹមត្រូវស្របតាមការទាមទាររបស់ពួកគេ ហើយពួកគេអាចគំរាមប្តឹងអ្នកផងដែរប្រសិនបើការទាមទារមិនត្រូវបានបំពេញ។ ហេតុដូច្នេះហើយ អ្នកត្រូវផ្ញើលិខិតនោះទៅកាន់មេធាវី ឬតំណាងស្របច្បាប់ក្រុមហ៊ុនរបស់អ្នកដែលមានជំនាញផ្លូវច្បាប់ពិនិត្យជាមុនថា នឹងត្រូវចាត់វិធានការបែបណាដើម្បីឆ្លើយតបទៅនឹងលិខិតទាមទារនោះ។
២.ស្វែងរកជំនួយផ្នែកច្បាប់
ជំហានបន្ទាប់ ប្រសិនបើមានការប្តឹងផ្តល់កើតឡើង អ្នកគួរស្វែងរកជំនួយផ្នែកច្បាប់ជាបន្ទាន់ ពីមេធាវី ឬក្រុមហ៊ុនមេធាវី។ អ្នកប្រហែលជាមានមេធាវី ឬមន្រ្តីច្បាប់ប្រចាំការក្រុមហ៊ុនរបស់អ្នក ប៉ុន្តែវាជារឿងល្អប្រសិនបើអ្នកជួលសេវាកម្មផ្នែកច្បាប់ដែលខ្លាំងជាងនេះដើម្បីទទួលខុសត្រូវឆ្លើយតបទៅនឹងការប្ដឹងផ្ដល់នោះត្បិតអីពួកគេមានសមត្ថភាពគ្រប់គ្រាន់លើសេវាកម្មច្បាប់ទូលំទូលាយសម្រាប់ដោះស្រាយវិវាទទាំងនោះ។
៣.កុំព្យាមទាក់ទងទៅដើមចោទ (អ្នកប្ដឹង) ដោយផ្ទាល់
ហេតុអ្វី? សូមកុំប្រញាប់ប្រញាល់ទាក់ទងទៅដើមចោទដោយផ្ទាល់ពីព្រោះថា អ្នកអាចនិយាយឬធ្វើអ្វីមួយដែលអាចបង្កឲ្យប៉ះពាល់ដល់ប្រយោជន៍របស់អ្នកនៅពេលកាត់ក្ដីក្នុងតុលាការ។ ការទំនាក់ទំនងរបស់អ្នកទៅកាន់បុគ្គលិកដែលបានប្ដឹងផ្ដល់នោះ ត្រូវធ្វើឡើងរវាងមេធាវីតំណាងរបស់អ្នកជាមួយបុគ្គលិកដែលបានប្ដឹង ឬមេធាវីរបស់ពួកគេ។ ប្រការនេះអាចធ្វើឲ្យភាគីម្ខាងទៀតមិនអាចចាប់បានចំណុចខ្សោយរបស់អ្នក។
៤.ការពារហិរញ្ញវត្ថុរបស់អ្នក
នៅចំណុចនេះ អ្នកត្រូវការពារហិរញ្ញវត្ថុរបស់អ្នកជាអតិបរមា។ ប្រសិនបើឱកាសនៃការប្ដឹងផ្ដល់មានច្រើន អ្នកត្រូវការពារពីការប្តឹងផ្តល់ទាមទារសំណងស្របច្បាប់ទាំងនោះ។ ចំណុចល្អមួយអ្នកអាចទិញប័ណ្ណធានារ៉ាប់រងអាជីវកម្ម ពីព្រោះវាអាចជួយការពារផលប្រយោជន៍ជំនួញរបស់អ្នកបាន។ វាអាចជួយកាត់បន្ថយហានិភ័យដែលមិនធ្វើឲ្យអាជីវកម្មរបស់អ្នកខូចឈ្មោះ ខាតប្រាក់ ឬប៉ះពាល់ដោយសារតែការប្តឹងផ្តល់នោះ។
៥.រក្សាភាពអត់ធ្មត់
បើទោះបីជាវាមើលទៅពិបាកក្នុងការសម្រួលអារម្មណ៍ ជាពិសេសប្រសិនបើអ្នកខឹងសម្បា ឬមានអារម្មណ៍មួម៉ៅខ្លាំង វាជារឿងល្អប្រសិនបើអ្នកមានភាពអត់ធ្មត់ ធ្វើចិត្តឲ្យត្រជាក់ ហើយត្រូវមានសុទិដ្ឋិនិយមថា អ្វីៗនឹងប្រសើរឡើង។ អ្វីដែលសំខាន់គឺអ្នកត្រូវធានាថា អាជីវកម្មរបស់អ្នកនៅតែដំណើរការយ៉ាងរលូនជាធម្មតា និងមិនរងផលប៉ះពាល់ពីវិធានការច្បាប់ទាំងនោះ។
៦.ការពារពីការប្តឹងផ្តល់ដែលអាចកើតមានឡើងនៅពេលអនាគត
អ្នកត្រូវចាំថា ការប្តឹងផ្តល់លើកនេះ មិនមែនជាការប្តឹងផ្តល់ចុងក្រោយមកលើក្រុមហ៊ុនរបស់អ្នកនោះឡើយ។ បុគ្គលិកផ្សេងទៀតអាចធ្វើលើគន្លងផ្លូវដដែល ដែលនេះជាមូលហេតុដែលអ្នកត្រូវបង្កើតមូលដ្ឋានផ្នែកច្បាប់ត្រឹមត្រូវមួយឲ្យបានមុននៅកន្លែងការងារស្របតាមនីតិវិធីច្បាប់ចេញពីមន្រ្តីធនធានមនុស្ស (HR) របស់អ្នក។ ដូចគ្នានេះដែរ អ្នកត្រូវបណ្ដុះបណ្ដាលបុគ្គលិករបស់អ្នកឲ្យពួកគេបានយល់ពីច្បាប់ការងារ ដូចជាលក្ខខណ្ឌការងារ ការរើសអើង ឬការរំលោភបំពានសិទ្ធមនុស្ស ព្រមទាំងបង្ហាញពីនីតិវិធីដែលពួកគេត្រូវដាក់ពាក្យបណ្តឹងមកកាន់ក្រុមហ៊ុនជាដើម៕
ដោយ៖ ខេវិន
ប្រភព៖ Entrepreneur