Leica ចេញកាមេរ៉ា Q "Snow" ជំនាន់ Limited Edition ដើម្បីអបអរព្រឹត្តិការណ៍ Winter Olympics 2018 នេះ
ក្រុមហ៊ុនឯកទេសផលិតកាមេរ៉ាអាល្លឺម៉ង់ Leica សប្ដាហ៍នេះបានប្រកាសចេញកាមេរ៉ាថ្មីជំនាន់ Limited Edition ដើម្បីអបអរព្រឹត្តិការណ៍ Winter Olympics 2018 ឆ្នាំនេះ ដែលនឹងប្រារព្ធធ្វើនៅតំបន់ Pyeongchang ក្នុងប្រទេសកូរ៉េខាងត្បូង។ កាមេរ៉ាថ្មីនេះត្រូវបានហៅឈ្មោះថា Leica Q “Snow” ។
Leica Q “Snow” ជាជំនាន់នាឡិកា special edition ដែលត្រូវបានផលិតដោយសហការជាមួយម្ចាស់មេដាយមាសអូឡាំពិកស្វីស ជើងឯងពិភពលោកអ្នកជិះក្ដារបន្ទះ និងអ្នកថតរូបកាមេរ៉ា Leica ឈ្មោះ Iouri Podladtchikov ។
កាមេរ៉ាជំនាន់ថ្មីនេះ ត្រូវបានផលិតដោយផ្អែកលើលក្ខណៈគោលរបស់ម៉ូដែល Leica Q ធម្មតាអមជាមួយការឌីហ្សាញជាពណ៌ទឹកប្រាក់នៅផ្នែកលើរបស់ម៉ាស៊ីន ជើងទម្រ និងកន្លែងបញ្ជានៅលើផ្នែកខាងលើ ក៏មានពណ៌ទឹកប្រាក់ដែរ។ កាមេរ៉ា Leica Q “Snow” ពី Iouri Podladtchikov នេះ ត្រូវបានផលិតសុទ្ធសាធពីស្បែកស្ស៊ីនពណ៌ស បែបថ្លៃថ្នូរ ហើយបំពាក់គ្រឿងបន្សំ accessory ស្រោបពីក្រៅដែលផលិតពីសារធាតុអាលុយមីញ៉ូម។
Limited Edition Winter Olympics 2018 Leica នឹងមានលក់ជាឈុត special edition ហើយរួមបញ្ចូលទាំងតួ (body) ស្រោមស្បែកទន់ចំនួន១ (soft leather case) ដែលមានពណ៌ស។ អ្នកអាចរកជាវបានពីហាងរបស់ Leica ផ្ទាល់អំឡុងខែមីនាខាងមុខ។ ពេលនេះ ក្រុមហ៊ុនមិនទាន់បញ្ជាក់ឱ្យដឹងនូវតម្លៃកាមេរ៉ាចេញថ្មីនេះនៅឡើយ។ សម្រាប់ព័ត៌មានលំអិតបន្ថែមប្រិយមិត្តអាចចូលទៅគេហទំព័រផ្លូវការរបស់ Leica ដោយចុចលើតំណភ្ជាប់ Link ខាងក្រោម៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ LC