Samsung ត្រៀមព្រឹត្តិការណ៍សម្ពោធ Galaxy S9 / S9 Plus នៅថ្ងៃអាទិត្យទី២៥ កុម្ភៈខានស្អែកនេះហើយ !
ក្រុមហ៊ុន Samsung នឹងរៀបចំព្រឹត្តិការណ៍បង្ហាញសមិទ្ធផលថ្មីៗអំឡុងសមាជ MWC ឆាប់ៗខាងមុខ។ បើផ្អែកតាមសេចក្ដីរាយការណ៍ចុងក្រោយនេះ ឱ្យដឹងថា ពិធីសម្ពោធ Galaxy S9 / S9 Plus នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យទី២៥ ខាងស្អែកនេះហើយ។
ព្រឹត្តិការណ៍នឹងចាប់ផ្ដើមពីម៉ោង 6PM CET នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ហើយនឹងមានធ្វើការផ្សាយបន្តបន្ទាប់ live stream នៅលើគេហទំព័រផ្លូវការរបស់ Samsung គឺ samsung.com និង www.samsungmobilepress.com ។ ព្រឹត្តិការណ៍ ក៏នឹងត្រូវផ្សាយផ្ទាល់លើបណ្ដាញសង្គម Twitter នៅ live.twitter.com/unpacked និងលើ Facebook ។
តាមរបាយការណ៍ និងពាក្យចចាមអារ៉ាមកន្លងទៅ បានលើកឡើង ជុំវិញលក្ខណៈសម្បត្តិខ្លះៗរបស់ Galaxy S9 ទាំងពីរម៉ូដែល។ នឹងមានការបំពាក់ឈីបពីរផ្សេងគ្នា គឺ Qualcomm Snapdragon 845 នឹងមានលក់នៅលើទីផ្សារបានទូលំទូលាយជាង ម៉ូដែលប្រើឈីប Exynos 9180 ។ Galaxy S9 ត្រូវពាក្យចចាមអារ៉ាមលើកឡើងថា នឹងមាន RAM 4GB ហើយ S9 Plus មាន RAM 6GB។
ស្មាតហ្វូនកំពូលទាំងពីរនឹងបំពាក់មកជាមួយប្រព័ន្ធកាមេរ៉ាថ្មី ដែល Samsung ទើបប្រកាសនាពេលថ្មីៗនេះ។ S9 នឹងមានកាមេរ៉ាមួយគ្រាប់ ចំណែក S9 Plus ជាកាមេរ៉ាភ្លោះ ហើយវានឹងត្រូវក្រុមហ៊ុនកូរ៉េនេះសម្ពោធផ្លូវការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងសមាជទូរស័ព្ទពិភពលោក៕
ចង់ដឹងច្បាស់យ៉ាងណា មានតែរង់ចាំក្រុមហ៊ុន Samsung នឹងប្រកាសផ្លូវការស្មាតហ្វូន Galaxy S9 និង S9 Plus នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២៥ កុម្ភៈខាងមុខទាំងអស់៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Samsung