Apple ត្រូវគេរាយការណ៍ថា នឹងបញ្ចេញលក់កុំព្យូទ័រ MacBook Air តម្លៃធូរថ្លៃអំឡុងត្រីមាសទី២ ឆ្នាំ២០១៨ នេះ
Apple ក្រៅពីខ្លាំងខាងជំនួញទូរស័ព្ទ រីឯជំនួញកុំព្យូទ័រយូរដៃក៏ជោគជ័យគួរកត់សម្គាល់ផងដែរ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនេះ ហាក់មានការផ្ដោតអភិវឌ្ឍស៊េរីកុំព្យូទ័រយួរដៃ MacBook Pro និង MacBook ១២អ៊ីញខ្លាំងជាងស៊េរីកុំព្យូទ័រផ្សេងៗ។ ចំណែកសេចក្ដីរាយការណ៍ថ្មីនេះ អះអាងថា Apple អាចនឹងមានរបត់ផ្លាស់ប្ដូរខ្លះ ដោយផលិតចេញម៉ូដែលកុំព្យូទ័រធូរថ្លៃជាងស៊េរីមុនៗ នឹងត្រូវក្រុមហ៊ុនប្រកាសនៅអំឡុងត្រីមាសទី២ ឆ្នាំ២០១៨ នេះ។
បើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន 9to5Mac ដែលបានលើកយកសម្ដីអ្នកជំនាញវិភាគមកពីក្រុមហ៊ុន KGI Securities លោក Ming-Chi Kuo ឱ្យដឹងថា លោកជឿថា នឹងមានវត្តមាន MacBook Air ស៊េរីថ្មី “មានខ្ទង់តម្លៃទាប” ប្រកាសដោយ Apple នៅអំឡុងត្រីមាសទី២ ឆ្នាំនេះ។ ម៉ាស៊ីនឡេបថបថ្មីនេះ ធ្លាប់ត្រូវរាយការណ៍ដោយគេហទំព័រ Digitimes រួចមកហើយកាលពីដើមឆ្នាំ២០១៨ កន្លងទៅ។
រចនាបថរបស់ MacBook Air ទើបតែមានការកែប្រែបន្តិចបន្តួចប៉ុណ្ណោះអស់រយៈពេល ១០ឆ្នាំមកនេះ។ Apple បានដកសមាជិកម៉ូដែល ១១អ៊ីញ និង ១៥អ៊ីញ ដោយទុកជំនាន់ ១៣អ៊ីញដែលលក់ក្នុងតម្លៃចាប់ពី ៩៩៩ដុល្លារ ទៅ ១១៩៩ដុល្លារអាមេរិក អាស្រ័យតាមលក្ខណៈសម្បត្តិខុសគ្នា។ វានៅតែទទួលបានការគាំទ្រពីសិស្សនិស្សិត ដូច្នេះជម្រើសតម្លៃទាបជាងនេះ នោះនឹងមិនមានត្រូវសង្ស័យថា ប្រាកដជាស្វាគមន៍យ៉ាងខ្លាំងពីពួកគេឡើយ។
គេរំពឹងថា MacBook Air តម្លៃធូរថ្លៃជាងមុន ប្រហែលនឹងត្រូវបង្កើនលក្ខណៈសម្បត្តិខ្ពស់ ទំនើបជាងមុនបន្តិច គឺលឿនជាង CPU ប្រភេទ 1.8GHz dual-core i5 កាលពីឆ្នាំមុន។ ក្រុមហ៊ុនអាចថែមទាំងដក USB-A connector ដោយទុកតែ USB Type-C ប៉ុណ្ណោះ។ ផ្នែកដែល Apple នឹងបង្កើនសមត្ថភាពគឺនៅលើកម្រិត resolution ឱ្យខ្ពស់ជាង 1440x900 ទៅ 1080 ឬ ខ្ពស់ជាងនេះដើម្បីប្រកួតប្រជែងនឹង resolution នៅលើឡេបថបPC ។
លើសពីនេះ លោក Kuo បានគូសបញ្ជាក់ថា AirPods ជំនាន់ថ្មីអាចនឹងបង្ហាញខ្លួនក្នុងឆ្នាំ២០១៨ នេះផងដែរ។ លោកថែមទាំងលើកឡើងទៀតថា តម្រូវការឧបករណ៍បំពងសំឡេង HomePod នឹងមានកម្រិតបង្គួរ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techspot