Facebook សុខៗ​ត្រូវ BlackBerry ប្ដឹង​ថា ​កំពុង​លួច​ប្រើកម្មសិទ្ធិ​បញ្ញា​ផ្នែក​សូហ្វ៊ែរ​​ផ្ញើសារ (messaging) ចំនួន៧ របស់​ខ្លួន !​



ក្រុមហ៊ុន BlackBerry ជាក់ស្ដែង​ណាស់​កំពុង​ប្ដឹង​ក្រុមហ៊ុន Facebook ​លើ​ករណី​រំលោភ​ប៉ាតង់។ ក្នុង​ជម្លោះ​ប៉ាតង់​នេះ ក្រុមហ៊ុន​កាណាដា​បាន​ចោទ​ថា Facebook ​បាន​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា ទាក់ទិន​នឹង​កម្មវិធី​ផ្ញើ​សារ (messaging patents) ដែល BlackBerry ជា​ម្ចាស់។

BlackBerry ​កំពុង​ចង់​ចេញ​សេចក្ដី​បង្គាប់​ឱ្យ​បិទ Facebook, Facebook Messenger, WhatsAp និង Instagram។ ក្រុមហ៊ុន​ទូរស័ព្ទ​កាណាដា​នេះ ហាក់​ចង់​លើកឡើង​ថា Facebook ​កំពុង​រំលោភ​លើ​ប៉ាតង់​កម្មវិធី​ផ្ញើ​សារ​ខុស​គ្នា​ចំនួន៧ ។

ពេល​នេះ BlackBerry កំពុង​ស្វែងរក​ការ​ដោះស្រាយ​មួយ​ចំនួន​ពី​ភាគី Facebook ដូច​សេចក្ដី​រៀបរាប់​ខាង​ក្រោម៖ “ក្នុង​នាម​ក្រុមហ៊ុន​ឈាន​មុន ខាង​ផ្នែក cybersecurity និង embedded software គំនិត​របស់ BlackBerry ​គឺ​ថា Facebook, Instagram និង WhatsApp អាច​ក្លាយ​ជា​ដៃគូ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ជំរុញ​ឆ្ពោះទៅ​អនាគត​ពោរពេញ​ដោយ​ការ​ភ្ជាប់​ទំនាក់ទំនង​មាន​សុវត្ថិភាព​ដល់​អ្នក​ប្រើ ​ហើយ​យើង​បន្ត​បើក​ចំហ​ឱ្យ​ពួក​គេ។ ទោះជា​យ៉ាងណា យើង​អះអាង​យ៉ាង​មុតមាំ​ថា Facebook ​បាន​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា​របស់​យើង ហើយ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ច្រើន​ឆ្នាំ យើង​ក៏​មាន​កាតព្វកិច្ច​ចំពោះ​ម្ចាស់​ភាគហ៊ុន​របស់​យើង ដើម្បី​ស្វែងរក​ដំណោះស្រាយ​ស្របច្បាប់”។ Facebook ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ផង​ដែរ៖ “ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​គួរ​អាសូរ​របស់ BlackBerry នៅ​ក្នុង​ជំនួញ​កម្មវិធី​ផ្ញើ​សារ (messaging business)។ ដោយ​ការ​លះបង់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ច្នៃប្រឌិត BlackBerry ​ពេល​នេះ​កំពុង​សម្លឹង​មើល​ការ​ច្នៃប្រឌិត​របស់​អ្នក​ដទៃ។ យើង​នឹង​ប្រឆាំង​តទល់​គ្នា”។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Paul Greal អ្នក​ទទួល​បន្ទុក​ផ្លូវ​ច្បាប់​របស់​ Facebook ៕ ដោយ៖ រឹទ្ធិរាជ​ ប្រភព៖ Variety
X
5s