Huawei P20, P20 Lite និង P20 Pro ​លេច​​រូប render ​ព្រំ​គ្នា​ទាំង ៣ម៉ូដែល​ អា Pro ប្រើ​កាមេរ៉ា​ដល់​ទៅបី​



នៅ​មុន​ព្រឹត្តិការណ៍​ប្រកាស​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់ Huawei ថ្ងៃ​ទី២៧ មីនា​ខាង​មុខ គណនី Evan Blass នៃ​បណ្ដាញ​សង្គម Twitter ​ស្រាប់តែ​បង្ហោះ​ចេញ​រូប render ​អំពី​ស៊េរី P20 ​ទាំង ៣ម៉ូដែល គឺ Huawei P20, P20 Lite និង P20 Pro ។

តាមរយៈ​រូប render ​ទាំង​នេះ បាន​ឱ្យ​ឃើញ​នូវ​រចនាបថ​អេក្រង់​មុខ​របស់ Huawei P20 ទាំង ៣ម៉ូដែល សុទ្ធតែ​មាន​ការ​ឌីហ្សាញ​គែម​អេក្រង់​ស្ដើង និង​បែប​ឆក (notch) ​ស្ថិត​នៅ​ផ្នែក​កំពូល​ខាង​លើ ​ស្រដៀង​នឹង iPhone X របស់ Apple ដែរ។ ក្នុង​នោះ ​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ៣ ប្រើ​បច្ចេកវិទ្យា​របស់ Leica អាច​ជា​ម៉ូដែល P20 Pro ដែល​តម្រៀប​បញ្ឈរ​ខិត​នៅ​ផ្នែក​ខាង​ឆ្វេង​មួយ​ជួរ អម​ដោយ​ភ្លើង​ជំនួយ Flash ស្ថិត​នៅ​ពី​ក្រោម។

​ចំណែក​រូប render ដែល​គេ​អះអាង​ថា ជា​ស្មាតហ្វូន P20 ​គឺ​ឃើញ​មាន​កាមេរ៉ា​​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ អម​ដោយ​បច្ចេកវិទ្យា Leica ​រៀប​បញ្ឈរ​នៅ​ចំហៀង​ខាង​ឆ្វេង ដូច​គ្នា​នឹង P20 Pro ដែរ។ រីឯ Huawei P20 Lite ​វិញ​ឃើញ​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ដូច P20 ​ដែរ គ្រាន់តែ​មិន​ឃើញ​ប្រើ​បច្ចេកវិទ្យា​កាមេរ៉ា Leica នោះ​ទេ។

រចនាបថ​ស្មាតហ្វូន Huawei P20 និង P20 Lite ​ត្រូវ​បាន​អះអាង​ដោយ ទី​ភ្នាក់ងារ​និយតកម្ម​ចិន TENAA ។ P20 Lite ។ P20 Lite ​នឹង​មាន​អេក្រង់ ៥,៨៤អ៊ីញ​កម្រិត (1080x2280)px ​នៅ​សមាមាត្រ 19:9 ភ្ជាប់​កាមេរ៉ា​ 16MP + 2MP នៅ​លើ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ ហើយ​ខាង​មុខ​ទំហំ 24MP, អម​ដោយ RAM 4GB អង្គ​ចងចាំ 64GB ​និង​កម្លាំង​ថ្ម 2900Ah។ វា​ដំណើរការ​ដោយ​ប្រព័ន្ធ​សូហ្វ៊ែរ Android 8.0 Oreo ជាមួយ​ផ្ទៃ EMUI 8.0 ។ P20 Lite ​នឹង​មាន​តម្លៃ​ប្រហែល ៣៦៩អឺរ៉ូ ​ចំណែក P20 ​ថ្លៃ​ប្រហែល ៦៧៩អឺរ៉ូ ហើយ P20 Pro តម្លៃ ៨៩៩អឺរ៉ូ។ គេ​រំពឹង​ទៀត​ថា P20 ម៉ូដែល Lite ​នឹង​បំពាក់​ឈីប Kirin ​សមត្ថភាព​បង្គួរ ចំណែក​ពីរ​ម៉ូដែល​ទៀត​ប្រើ​ឈីប​ស៊េរី​ខ្ពស់​គឺ Kirin 970៕ ​ដោយ​៖ រឹទ្ធិរាជ ប្រភព៖ twitter
X
5s