វិធី​ងាយៗ​ដើម្បី​រក្សាបន្លែផ្លែឈើ​ឲ្យ​បានយូរ​​



ពពួក​បន្លែ​និង​ផ្លែឈើ​មួយ​ចំនួន​បើ​អ្នក​ទុក​មិន​បាន​ត្រឹមត្រូវ នោះ​អ្នក​អាច​នឹង​ធ្វើឲ្យ​វា​ឆាប់​ខូច​បាន។ ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​អ្នក​អាច​រក្សា​ទុក​បន្លែ​ផ្លែឈើ​របស់​អ្នក​ឲ្យ​យូរ​បាន៖

១) កុំ​ដាក់​ខ្ទឹម​បារាំង​នៅ​ជាមួយ​ដំឡូង​បារាំង៖ នេះ​ក៏​ដោយសារ​តែ​សំណើម​ដែល​មាន​នៅ​ក្នុង​ខ្ទឹម​បារាំង​អាច​ធ្វើឲ្យ​ដំឡូង​បារាំង​ខូច​បាន ម្យ៉ាងទៀត​ខ្ទឹម​បារាំង​ក៏​អាច​បញ្ចេញ​ឧស្ម័ន​ដែល​អាច​ធ្វើឲ្យ​ផ្លាស់ប្ដូរ​រសជាតិ​របស់​ដំឡូង​បាន​ដែរ។

២) ក្រុម​ផ្លែឈើ​ទាំងនេះ​ត្រូវ​រក្សា​ទុក​នៅ​ក្រៅ​ទូ​ទឹកកក៖ ក្រុម​ផ្លែឈើ​ទាំងនេះ​គឺ​សំដៅ​ទៅលើ​ផ្លែ​ចេក ប៉េងប៉ោះ អាវ៉ូកាដូ ផ្លែ​ស្វាយ​ទុំ ល្ហុង និង​ម្នាស់​ជាដើម។ បើ​អ្នក​រក្សា​ក្រុម​ផ្លែឈើ​ទាំងនេះ​នៅ​ក្រៅ​ទូ​ទឹកកក នោះ​ជាតិ​សំណើម​របស់​វា​នឹង​ត្រូវ​បាន​រក្សា​ទុក​បាន​យូរ​ជាង ហើយ​ក៏​អាច​ការពារ​បាក់តេរី​ជ្រៀត​ចូល​ទៅ​ក្នុង​ផ្លែឈើ​របស់​អ្នក​ដែរ។

៣) ត្រសក់៖ ចំពោះ​ត្រសក់ អ្នក​មិន​អាច​ទុក​វា​នៅ​កន្លែង​ត្រជាក់​ពេក​នៅ​ក្នុង​ទូ​ទឹកកក ដែល​អាច​ធ្វើឲ្យ​ត្រសក់​ឆាប់​ស្លោក​និង​ខូច​គុណភាព ហើយ​បើ​យក​វា​មក​ដាក់​នៅ​ខាងក្រៅ​ក៏​មិន​ត្រូវ​ជា​កន្លែង​ដែល​ក្ដៅ​ពេក​នោះ​ដែរ។ ហេតុនេះ​បើ​អ្នក​ចង់​រក្សា​ទុក​នៅ​ក្នុង​ទូ​ទឹកកក អ្នក​គួរតែ​ដាក់​វា​នៅ​កន្លែង​ដែល​ត្រជាក់​ទាប​ជាង​គេ​បំផុត។

៤) បន្លែ​ដែល​មាន​ក្បាល​ពណ៌​បៃតង៖ បើ​អ្នក​ចង់​រក្សា​ទុក​ពពួក​បន្លែ​ដែល​មាន​ក្បាល​ពណ៌​បៃតង​ដូចជា​ការ៉ុត​ជាដើម​នៅ​ក្នុង​ទូ​ទឹកកក នោះ​អ្នក​គួរតែ​កាត់​ចោល​ក្បាល​ពណ៌​បៃតង​របស់​វា​សិន ព្រោះ​ថា​ក្បាល​បៃតង​នោះ​អាច​នឹង​ធ្វើឲ្យ​ជាតិ​សំណើម​នៅ​ក្នុង​បន្លែ​បាត់បង់​បន្ទាប់​មក​ក៏​ធ្វើឲ្យ​បន្លែ​របស់​អ្នក​ឆាប់​ខូច៕  

X
5s