តាក់ស៊ី​ (Taxi) ផ្លូវ​អាកាស​របស់ Larry Page ឥឡូវ​នេះ​​ទទួល​បាន​ការ​អនុម័ត​ច្បាប់​ក្នុង​ប្រទេស​នូវែលហ្សេឡង់​ហើយ​ !​



​ត្រឡប់​ទៅ​កាលពី​ខែ​មិថុនា ឆ្នាំ២០១៦ ​កន្លង​ទៅ ដំណឹង​ដំបូង​ដែល​ថា សហ​ស្ថាបនិក​របស់ Google ​លោក Larry Page ​បាន​ធ្វើការ​ស្ងាត់ៗ​ជុំវិញ​គម្រោង​អភិវឌ្ឍ​យាន​ហោះ ដោយ​បោះ​ទុន​លើ​ក្រុមហ៊ុន​ចំនួន​ពីរ។ ឥឡូវ​នេះ មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នេះ​គឺ Kitty Hawk ​ប្រហែល​នឹង​ចាប់ផ្ដើម​ធ្វើតេស្ត​សេវាកម្ម​តាកស៊ី​ហោះ​របស់​ខ្លួន​នៅ​ប្រទេស​នូវែលហ្សេឡង់ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​អនុម័ត​ច្បាប់​បន្តបន្ទាប់​ស្ដី​ពី​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​របស់​ប្រទេស​នេះ។

​របាយការណ៍​ពី​សារព័ត៌មាន New York Times ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Kitty Hawk ​ដែល​ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ Udacity និង​ជា​សហ​ស្ថាបនិក Google X ​ផង​នោះ លោក Sebastian Thrun ​សង្ឃឹម​ថា នឹង​មាន​បណ្ដាញ​អគ្គិសនី​របស់​ខ្លួន មាន​នូវ​រថយន្ត​តាក់ស៊ី​ផ្លូវ​អាកាស​រត់​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​រយៈពេល ៣ឆ្នាំ​។ កូន​យន្តហោះ​នេះ ប្រតិបត្តិការ​ក្នុង​ប្រទេស​នូវែលហ្សេឡង់​​ក្រោម​ការ​ដឹកនាំ​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Zephyr Airworks។ តាកស៊ី​របស់ Kitty Hawk ​ដែល​មាន​ឈ្មោះ Cora ​មាន​ស្លាប​ប្រវែង ៣៦ហ្វីត​បំពាក់​ដោយ​អាគុយ​ចំនួន១២គ្រាប់។ យន្តហោះ​នេះ​មាន​សណ្ឋាន​ជា​ដ្រូន ធ្វើការ​ហោះ​ឡើង​ទម្រង់​បញ្ឈរ ​ហើយ​អាច​ហោះ​ល្បឿន ១១០ម៉ាយល៍/ម៉ោង ឬ ១៧៧គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​បាន​ចម្ងាយ ៦២ម៉ាយល៍ ឬ​ប្រហែល ១០០គីឡូម៉ែត្រ និង​ហោះ​កម្ពស់ ៣០០០ហ្វីត ឬ​ប្រហែល ៩១៤ម៉ែត្រ​ពី​ដី ហើយ​អាច​ដឹក​អ្នក​ដំណើរ​បាន​ចំនួន ២នាក់។ ​នាយក​រដ្ឋ​មន្ត្រី​នូវែលហ្សេឡង់​លោក Jacinda Ardern គ្រោង​ធ្វើការ​ប្រកាស​នូវ​កិច្ចព្រមព្រៀង​ដែល​ឈាន​ដល់​ការ​សាកល្បង​យន្តហោះ​របស់​ក្រុមហ៊ុន Kitty Hawk ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​វិញ្ញាបនបត្រ​ផ្លូវការ។ កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចពិភាក្សា​រយៈពេល ១៨ខែ​មក​នេះ ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​ជាច្រើន​នាក់​កន្លង​ទៅ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s