ភាសាទាំង ១៥នេះ នឹងត្រូវបាត់បង់ពីពិភពលោក​



នៅលើសកលលោកនេះមានភាសាសរុបទាំងអស់ ៧០០០ ភាសា​ ប៉ុន្តែអង្គការយូនីស្កូ (UNESCO) បានធ្វើការប៉ានស្មានថាជាងពាក់កណ្ដាលនៃភាសាទាំងនេះនឹងត្រូវបាត់បង់នៅត្រឹមចុងសតវត្សនេះ។ ខាងក្រោមនេះគឺជាភាសាទាំង ១៥ ដែលគេប៉ានស្មានថានឹងត្រូវបាត់បង់មុនគេ៖

១) ភាសា Resigaro៖ ក្នុងឆ្នាំ ២០១១ លោកស្រី Rosa Andrade Ocagane ដែលគេស្គាល់ថាជាស្រ្តីដែលនិយាយភាសាក្នុងតំបន់ Amazon មួយនេះ ត្រូវបានគេធ្វើឃាតនៅអាយុ ៦៧ឆ្នាំ ក្នុងប្រទេសប៉េរូ។

២) ភាសា Chulym៖ តាមរយៈ​ការធ្វើជំរឿនរបស់ប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១០ បានបង្ហាញថា មានអ្នកនិយាយភាសានេះត្រឹមតែ ៤៤នាក់ប៉ុណ្ណោះ។

៣) ភាសា Mudburra៖ បើយោងតាមការធ្វើជំរឿនរបស់ប្រទេសអូស្រ្តាលីក្នុងឆ្នាំ ២០០៦ គេបានប៉ានស្មានថាមានអ្នកនិយាយភាសានេះត្រឹមតែ ៤៧នាក់ប៉ុណ្ណោះ ប៉ុន្តែរបាយការណ៍ក្នុងឆ្នាំ២០១៦ បានរកឃើញថាមានការកើនឡើងដល់ទៅ ៩២នាក់។

៤) ភាសា Patwin៖ នៅក្នុងឆ្នាំ២០១១ អ្នកដែលនិយាយភាសាកំណើតនេះមានតែម្នាក់ប៉ុណ្ណោះ ក្នុងតំបន់កាលីហ្វ័រញ៉ា​ភាគកណ្ដាលភាគខាងលិច។ ប៉ុន្តែ គេព្យាយាមជួយភាសានេះពីការបាត់បង់តាមរយៈ​ការដាក់បញ្ចូលក្នុងថ្នាក់រៀនពីថ្នាក់មតេយ្យ ដល់ថ្នាក់វិទ្យាល័យ។

៥) ភាសា Ainu៖ ប្រជាជន Ainu គឺជាជនជាតិភាគតិចរស់លើកោះ ហុកកៃដូ ប្រទេសជប៉ុន។ ជនជាតិដើមដែលប្រើប្រាស់ភាសានេះតែប្រមាណ១៥នាក់ប៉ុណ្ណោះ ហើយពួកគេភាគច្រើនជាមនុស្សចាស់។

៦) ភាសា Chamicuro៖ តាមរយៈរបាយការណ៍ឆ្នាំ ២០០៤ គេរកឃើញថាមានអ្នកប្រើប្រាស់ភាសានេះតែ ២នាក់ប៉ុណ្ណោះ ប៉ុន្តែការសិក្សាស្រាវជ្រាវក្នុងរយៈពេល៤ឆ្នាំបន្ទាប់រកឃើញថាមាន ៨នាក់។

៧) ភាសា Vod៖ ភាសានេះត្រូវបានប្រើប្រាស់ដោយជនជាតិVod ដែលត្រូវបានគេបណ្ដេញចេញពីសហភាពសូវៀត ទៅប្រទេសហ្វាំងឡង់ ក្នុងឆ្នាំ ១៩៤៣។ ក្នុងឆ្នាំ ២០១០ គេបានរកឃើញថាមានអ្នកប្រើប្រាស់ភាសានេះ ៦៨នាក់ ប៉ុន្តែក្នុងឆ្នាំ ២០១៧ គេរកឃើញតែ ៨នាក់ប៉ុណ្ណោះ។

៨) ភាសា Chemehuevi៖ កាលពីមុនពួកអឺរ៉ុបចូលទៅអាមេរិក មានជនជាតិដើមអាមេរិកប្រហែល ៥០០ ទៅ ៨០០នាក់ប្រើប្រាស់ភាសានេះ។ ប៉ុន្តែក្នុងឆ្នាំ ២០០៨ មានអ្នកនិយាយភាសាដើមនេះតែ ៥នាក់ប៉ុណ្ណោះ។

៩) ភាសា Machaj Juyay៖  ក្រុម Kallawaya គឺជាក្រុមអ្នកព្យាបាលជំងឺក្នុងភូមិ Bolivian ដែលប្រើប្រាស់ភាសារបស់ពួកគេ ដោយភាគច្រើនពីឪពុកទៅកូន។ គេបានប៉ានស្មានថាមានអ្នកប្រើប្រាស់ភាសានេះមានប្រហែលជាតិចជាង ២០០នាក់។

១០) ភាសា Jedek៖ អ្នកស្រាវជ្រាវស៊ុយអែតបានធ្វើការវាយតម្លៃថា មានអ្នកនិយាយភាសាមួយនេះប្រហែលជា ២៨០នាក់ នៅក្នុងភូមិ Malay Peninsula។

១១) ភាសា Pawnee៖ បើទោះបីជាមានសមាជិកជនជាតិ Pawnee របស់ Oklahoma ប្រហែលជា ៣០០០នាក់ ប៉ុន្តែមានអ្នកប្រើប្រាស់ភាសាមួយនេះតែប្រហែលជាង១០នាក់ប៉ុណ្ណោះដែលជាជនជាតិដើម។

១២) ភាសា Dunser៖ ភាសាដ៏ចំណាស់មួយនេះប្រើប្រាស់ក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងភូមិមួយនៅលើកោះ ដែលមានអ្នកប្រើប្រាស់ប្រហែលជា ៣នាក់ប៉ុណ្ណោះក្នុងឆ្នាំ ២០១១។ អ្នកភាសាវិទូរបស់សកលវិទ្យាល័យ Oxford បានដាក់ភាសាមួយនេះជាភាសាកំពុង​ប្រឈមនឹងការបាត់បង់។

១៣) ភាសា Ngangikurunggurr៖ ជនជាតិភាគតិចក្នុងប្រទេសអូស្ត្រាលីប្រើប្រាស់ភាសានេះ។ ជំរឿនក្នុងឆ្នាំ ២០១៦ បានរកឃើញថាមានអ្នកនិយាយភាសានេះតែ២៦នាក់ប៉ុណ្ណោះ។

១៤) ភាសា Pazeh៖ លោកស្រី Pan Jin-yu ដែលជាអ្នកនិយាយភាសានេះចុងក្រោយគេ បានស្លាប់នៅអាយុ ៩៦ ក្នុងឆ្នាំ ២០១០។ ភាសាមួយនេះត្រូវបានគេគិតថាបានបាត់បង់ទៅហើយ។

១៥) ភាសា Alawa៖ ភាសានេះគឺត្រូវបានប្រើប្រាស់ដោយជនជាតិភាគដើមអូស្រ្តាលី។ បើយោងតាមការធ្វើជំរឿនក្នុងឆ្នាំ ២០១៦ ភាសានេះមានអ្នកប្រើប្រាស់តែ ៤នាក់ប៉ុណ្ណោះ៕

ដោយ៖ លង់ វណ្ណៈ ប្រភព៖ World Economic Forum

X
5s