ថ្លៃដើមក្នុងការផលិត Galaxy S9+ មួយគ្រឿងអស់តែ $379 ទេ
ក្រុមហ៊ុន Samsung បានបង្ហាញស្មាតហ្វូន Galaxy S9 និង Galaxy S9 + នៅចុងខែកុម្ភៈកន្លងទៅ ចំណែកពេលនេះគេហទំព័រ TechInsights បានធ្វើការវិភាគអំពីភាពខុសគ្នារវាងគ្រឿងបន្លាស់និងការផលិតសម្រាប់ម៉ូដែល Plus។ ថ្លៃដើមនៃការផលិតម៉ូដែលគឺចំណាយប្រមាណ ៣៧៩ដុល្លារ ដែលជាថ្លៃដើមផលិតខ្ពស់ជាង Galaxy Note 8 ១០ដុល្លារជាហេតុធ្វើឱ្យ S9 + ក្លាយជាស្មាតហ្វូន មានតម្លៃថ្លៃជាងគេបំផុតរបស់ Samsung នាពេលបច្ចុប្បន្ន។
ការវិភាគនេះគឺប្រៀបធៀបរវាង Galaxy S9 + (ជំនាន់ Global version), Galaxy Note8, Galaxy S8 +, iPhone 8 Plus និង iPhone X ។ ក្នុងចំណោមទូរស័ព្ទទាំងអស់ មានតែស្មាតហ្វូនរបស់ក្រុមហ៊ុន Apple តែប៉ុណ្ណោះដែលប្រើថ្លៃដើមផលិតខ្ពស់ជាងគេគឺ ៣៨៩,៥ដុល្លារ ថ្លៃជាង S9+ ប្រមាណ ១០ដុល្លារ។
បើនិយាយអំពីតម្លៃសម្រាប់វត្ថុធាតុផ្សេងៗវិញដូចជា Chipset Exynos 9810 គឺមានតម្លៃ ៦៨ដុល្លារ, បន្ទះ Super AMOLED តម្លៃប្រមាណ ៧២,៥ដុល្លារ ហើយក៏នៅមានផ្នែកសំខាន់ៗ ដូចជា កាមេរ៉ា អង្គចងចាំ និងផ្នែកអេក្រង់ទូរស័ព្ទជាដើម បូកសរុបទាំងអស់ធ្វើឱ្យតម្លៃខ្លួន S9 Plus ប្រើថ្លៃដើម ៣៧៩ដុល្លារ។ តម្លៃនេះមិនទាន់រួមបញ្ចូលលើការចំណាយផ្សេងៗដូចជាការស្រាវជ្រាវ និងអភិវឌ្ឍ ការចែកចាយ និងពន្ធនៅឡើយ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena