Nvidia ​បង្ហាញ Supercomputer ​តម្លៃ $399,000 ​"DGX-2" ​ប្រើ GPU ដល់ 512GB, RAM 1.5TB និង SSD 30TB​



Nvidia ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុមហ៊ុន​ជំនាញ​ផលិត​ក្រាហ្វិក​ Gaming GPUស៊េរី GeForce ​ដ៏​ពេញ​និយម ឥឡូវ​នេះ​បាន​បង្ហាញ​ចេញ​សមិទ្ធផល​ថ្មី នូវ​ម៉ាស៊ីន Supercomputer ដ៏​មាន​សមត្ថភាព​កប់ តែ​តម្លៃ​ក៏​កប់​ពពក​ទៅតាម​នោះ​ដែរ។ កុំព្យូទ័រ​មេ Supercomputer នេះ​មាន​ឈ្មោះ DGX-2 ​ដែល​បំពាក់​ដោយ hardware សមត្ថភាព​ខ្ពស់​កប់ ​គាំទ្រ​បច្ចេកវិទ្យា AI ។ វា​ជា​ជំនាន់​ក្រោយ​នៃ Supercomputer DGX-1 ។

​នៅ​ក្នុង​សន្និសីទ​បច្ចេកវិទ្យា GPU ​ថ្ងៃ​អង្គារ​នេះ នាយក​ប្រតិបត្តិ Jensen Huang ​បាន​ណែនាំ​ការវិវឌ្ឍន៍​ជំនាន់​ថ្មី​នៃ​កុំព្យូទ័រ​ប្រភេទ commercial supercomputer ​របស់​ខ្លួន​ដែល​ជា DGX-2។ វា​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​រវាង DGX-1 ដែរ ដោយ DGX-2 ​ត្រូវ​បាន​បំពាក់​សមត្ថភាព Hardware ​ខ្ពស់​ល្អៗ​ជាង​​មុន និង​ថែមទាំង​គាំទ្រ​បច្ចេកវិទ្យា AI ​ថែមទៀត។ វត្តមាន​របស់ DGX-2 នេះ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បញ្ចេញ DGX-1 បាន​រយៈពេល ៦ខែ​ប៉ុណ្ណោះ ហើយ DGX-2 ​មាន​ល្បឿន​លឿន​ជាង DGX-1 ដល់​ទៅ ១០ដង​ឯណោះ។

​​DGX-2 មាន​ទម្ងន់​រហូត​ដល់​ទៅ ៣៥០ផោន ឬ​ប្រហែល ១៥៨គីឡូក្រាម ។ ក្រាហ្វិក​ដែល supercomputer នេះ​ប្រើ​ជា​ប្រភេទ 16 Tesla V100 GPUS ​ចំនួន២ ដាច់​ពី​គ្នា ដែល​នីមួយៗ​មាន​ទំហំ 32GB ​ប្រភេទ HBM2 Memory ​ហើយ​អាច​បន្ថែម​ដល់​ទំហំ​សរុប 512GB ។ ម៉ាស៊ីន​នេះ​ថែមទាំង​មាន RAM ​ស្តង់ដារ 1.5TB ​និង​ប្រើ​ប្រាស់​ឈីប Intel Xeon Platinum CPUs ដ៏​មាន​សមត្ថភាព។ ចំណែក​អង្គ​ផ្ទុក​ទិន្នន័យ​របស់ DGX-2 នេះ​វិញ​មាន​ទំហំ 30TB ​ជា​ប្រភេទ NVME SSD ។ ​DGX-2 ​ពេល​នេះ​មាន​ដាក់​ឱ្យ​បញ្ជា​ទិញ​ហើយ ដែល​នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ត្រីមាស​ទី៣ ឆ្នាំ២០១៨ នេះ ជាមួយ​តម្លៃ $399,000 ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖  techspot
X
5s