គន្លឹះ ៤យ៉ាងក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក ឲ្យរឹងមាំ
សុខភាពផ្លូវកាយគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ។ ដោយហេតុនេះហើយ ទើបមានមនុស្សជាច្រើនខិតខំហាត់ប្រាណ ហូបស្អាត រស់នៅស្អាត គេងគ្រប់គ្រាន់ ដើម្បីធ្វើឲ្យសុខភាពផ្លូវកាយរបស់គេរឹងមាំ។
តែមនុស្សមួយចំនួនមើលរំលងនិងមិនសូវយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់ពួកគេនោះទេ រហូតដល់កើតជាជំងឺធ្លាក់ទឹកចិត្ត ឬជំងឺថប់អារម្មណ៍ជាដើម។ សុខភាពផ្លូវចិត្តគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ដូចនេះហើយ BizKhmer សូមលើកគន្លឹះ ៤យ៉ាងក្នុងការធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នករឹងមាំ៖
១) ខ្ញុំអាចធ្វើបាន៖ អ្នកត្រូវតែឈប់និយាយពាក្យថា «ខ្ញុំមិនអាច ធ្វើមិនកើត ទៅមិនរួច» ចេញពីខ្លួនអ្នក ដោយជំនួសមកវិញដោយពាក្យថា «ខ្ញុំអាចធ្វើបាន»។ អ្នកត្រូវចាំថានៅលើលោកនេះគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ ដូចនេះត្រូវមានគំនិតវិជ្ជមានចំពោះខ្លួនឯង។
២) ញញឹម៖ មិនថាអ្នកនៅស្ថិតនៅក្នុងស្ថានភាពតានតឹងបែបណានោះទេ អ្នកត្រូវតែរៀនញញឹម។ ការញញឹមគឺធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងធ្វើឲ្យអ្នកអាចយកឈ្នះរាល់បញ្ហាស្មុគស្មាញទាំងឡាយបាន។
៣) បើកចិត្ត៖ រៀនបើកចិត្ត បើកបេះដូងទទួលយកការផ្លាស់ប្ដូរ។ រៀនបើកចិត្តអ្នកឲ្យទូលាយទទួលយកការណែនាំ ការរិះគន់ និងត្រូវចេះរៀនសូត្រពីគំនិត យោបល់របស់មនុស្សជុំវិញខ្លួនដើម្បីយកមកអភិវឌ្ឍន៍ខ្លួនរបស់អ្នក។
៤) មានទំនុកចិត្ត៖ អ្នកត្រូវតែមានទំនុកចិត្តនិងចងចាំជានិច្ចថាអ្នកអាចធ្វើវាបាន ហើយអ្នកនឹងធ្វើវា៕
ប្រែសម្រួល៖ លង់ វណ្ណៈ ប្រភព៖ inc-asean.com