កម្ពុជា​នឹង​មាន​មជ្ឈមណ្ឌល​​​នវានុវត្តន៍​ (Innovation) ​ដំបូង​បង្អស់​​សាងសង់​តម្លៃ​ ៤​លាន​ដុល្លារ​



នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិនា​ ​នេះ​ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ និង ​ទូរគមនាគមន៍​ព្រែកលៀប បាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល នវានុវត្តន៍​ (Innovation) ​​​​ ​​​ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​រយៈ​ពេល​១​ឆ្នាំ​កន្លះ​ទៀត។​ ​មជ្ឈមណ្ឌល​នេះ នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ (Innovation) ​​​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​(ICT) ដំបូង​គេ និង ធំ​ជាងគេ​បង្អស់​​នៅ​កម្ពុជា។ ​ ​បើ​តាម​ការ​លើក​ឡើង​របស់​លោក សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​បច្ចេកវិទ្យា​គមនាគមន៍ ​និង ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​​នវានុវត្តន៍​ (Innovation) ​​​នេះ​ មាន​កម្ពស់ ​៤​ជាន់ មាន​ទំហំ ៧៥០០ ម៉ែត្រការ៉េ និង​ត្រូវ​ចំណាយ​រយៈពេល ១៨​ខែ​ដើម្បី​សាងសង់​។ ថវិកា​ដែល​ត្រូវ​ចំណាយ​សម្រាប់​គម្រោង​នេះ​គឺ ប្រមាណ​ជា ៤​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក​ដែល​ទទួល​បាន​ពី​​មូលនិធិ ស្រាវជ្រាវ និង អភិវឌ្ឍ វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា ហៅ​កាត់​ថា ស​.​អ ឬ CBRD ។ ​​ ​មជ្ឈមណ្ឌល​​ នវានុវត្តន៍​ (Innovation) ​​នេះ​នឹង​ក្លាយ​ជា​កន្លែង សម្រាប់​ធ្វើ​ការពិសោធន៍ និង​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ថ្មីៗ ជា​កន្លែង​ជួបជុំ​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី​ Startups ជា​សាល​ប្រជុំ និង​ជា​កន្លែង​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ជាដើម​។ ​ ​ចំពោះ​ឯក​ឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​​​បាន​លើក​ឡើង​ថា​មជ្ឈមណ្ឌល​នេះ ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ក្នុង​គោលបំណង​ធំៗ ចំនួន​បី​គឺ​៖ ១.​បង្កើន​ការស្រាវជ្រាវ និង លើកកម្ពស់​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ ICT ២.​លើកកម្ពស់​អាជីវកម្ម​បង្កើត​ថ្មី និង​សហគ្រិនភាព​លើ​ផ្នែក​បច្ចេកវិទ្យា និង ៣.​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​​អប់រំ សហគ្រាស និង រដ្ឋាភិបាល​។​ ​មជ្ឈមណ្ឌល​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​ ដំបូង​គេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ខាងមុខនេះ ​នៅ​ពេល​ការសាងសង់​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​៕​ ​
X
5s