អនាគត iPhone ២-៣ឆ្នាំ​ខាង​មុខ​នឹង​ប្រើ​អេក្រង់​កោង បច្ចេកវិទ្យា​​ touchless gestures ប្រើ​ដោយ​មិន​បាច់​ប៉ះ​អេក្រង់​ផ្ទាល់​



​សេចក្ដី​រាយការណ៍​ថ្មី​មួយ​ឱ្យ​ដឹង​ដោយ​ប្រភព​ពី​មនុស្ស​ជាប់​ទាក់ទង​នឹង​គម្រោង​នេះ ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple ​កំពុង​ធ្វើការ​លើ​គម្រោង​នឹង​នាំ​យក​អេក្រង់​កោង curved screen ​បំពាក់​លើ​ iPhone ជំនាន់​ថ្មី ដែល​យើង​នឹង​បាន​ឃើញ​នៅ​រយៈពេល ២-៣ឆ្នាំ​ខាង​មុខ។ ​បន្ទះ​អេក្រង់​ទាំង​នេះ នឹង​មាន​លក្ខណៈ​កោង​ចូល ពី​ចំណុច​កំពូល​ទៅ​ក្រោម។

​វា​មិន​ច្បាស់​ថា តើ Apple ​មើល​ឃើញ​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​លើ​ការ​អភិវឌ្ឍ​អេក្រង់​ដែល​អាច​មាន​តម្លៃ​ខ្ពស់​ជាង​មុន​នេះ​នៅ​ឡើយ។ យ៉ាងណា លក្ខណៈ​កោង​របស់​វា​នេះ​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី អេក្រង់​កោង​ឃុប​នៅ​លើ​ស្មាតហ្វូន Galaxy S ​របស់ Samsung ប្រហែល​ជា​អ្វី​ដែល Apple មិន​ចង់​ឱ្យ​សាធារណជន​ថា ខ្លួន​ចម្លង​ឌីហ្សាញ​តាម Samsung។ ​ចំណែក​មុខងារ​ថ្មី Touchless gestures ​ក៏​ទំនង​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​ iPhone ជំនាន់​ថ្មី​ផង​ដែរ ហើយ​យើង​នឹង​អាច​នឹង​ឃើញ​វត្តមាន​វា​យ៉ាងឆាប់​រយៈពេល ២ឆ្នាំ​ខាង​មុខ។ នេះ​មាន​ន័យ​ថា អ្នក​នឹង​អាច​ដាក់​ម្រាមដៃ​នៅ​ពី​លើ​អេក្រង់ ដើម្បី​បញ្ជា​មុខងារ​មួយ​ចំនួន​លើ​ទូរស័ព្ទ​បាន​ដោយ​មិន​ចាំបាច់​យក​ម្រាមដៃ​ប៉ះ​ផ្ទាល់​ទៅ​លើ​អេក្រង់។ បច្ចេកវិទ្យា​ទំនើប​នេះ គឺ​នឹង​បំពាក់​រួច​ជា​ស្រេច​ទៅ​ក្នុង​អេក្រង់​តែម្ដង។ គេ​សន្និដ្ឋាន​ថា ពេល​នេះ ក្រុមហ៊ុន Apple ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​៕ ​ដោយ៖ រឹទ្ធិរាជ ​ប្រភព៖  gsmarena
X
5s