គាស់មើលគ្រឿងក្នុង Huawei P20 Pro ដោយ iFixit បានឱ្យពិន្ទុត្រឹម ៤/១០ ប៉ុណ្ណោះ
បន្ទាប់ពីក្រុមហ៊ុន Huawei បានបង្ហាញអាវុធថ្មីដែលជាស្មាតហ្វូនទំនើបស៊េរី P20 រួចមកពេលនេះ ក្រុម iFixit បានធ្វើការគាស់មើលគ្រឿងក្នុងរបស់ស្មាតហ្វូនបងធំបង្អស់ដែលជា P20 Pro ប្រើប្រព័ន្ធកាមេរ៉ាក្រោយដល់ទៅ៣ គ្រាប់។
ក្រុមការងារ iFixit បានសម្រេចធ្វើការបើកមើលគ្រឿង hardware ខាងក្នុងស្មាតហ្វូនថ្មី P20 Pro នេះដើម្បីប្រាកដថា តើវាបានបំពាក់លក្ខណៈសម្បត្តិខ្លាំងៗកម្រិតណាស់ខ្លះ។ Huawei P20 Pro បានបំពាក់ជាមួយអេក្រង់ ៦អ៊ីកម្រិត FHD+ resolution 2244x1080px បំពាក់ឈីប Kirin 970 មាន RAM 6GB និងអង្គចងចាំទំហំ 128GB (អាចបន្ថែម microSD) ។
P20 Pro បំពាក់ដោយកាមេរ៉ាមុខទំហំ 24MP មានសមត្ថភាពខ្ពស់សម្រាប់ការថតរូប selfie ចំណែកប្រព័ន្ធកាមេរ៉ាក្រោយរឹតតែទំនើបជាមួយចំនួនដល់ទៅ៣ ។ កាមេរ៉ាក្រោយទាំង៣ បែងចែកទំហំផ្សេងគ្នា មួយមានទំហំ 40MP ជាប្រភេទ color sensor ជាមួយ OIS និងកម្រិត f/1.8 lens កាមេរ៉ាមួយទៀតទំហំ 20MP ជាប្រភេទ monochrome មានកម្រិត f/1.6 lens និងកាមេរ៉ាទី៣ ទំហំ 8MP ជា f/2.4 telephoto lens ។
ក្រុមការងារ iFixit បានដាក់ពិន្ទុស្មាតហ្វូនពី ១ ទៅ ១០ ផ្អែកលើភាពពិបាក ឬងាយស្រួលក្នុងការជួសជុល។ ពិន្ទុ១ មានន័យថា ពិបាកជួសជុលខ្លាំង ពិន្ទុ ១០ មានន័យថា ងាយស្រួលជួសជុល។ ចំណែកលទ្ធផលពិន្ទុ P20 Pro អាចទទួលបានត្រឹម ៤/១០ ពិន្ទុប៉ុណ្ណោះ នោះមានន័យថា ស្មាតហ្វូននេះពិបាកជួសជុលគួរសម៕
ដោយ៖ រឹទ្ធិរាជ