នឹងមាន iPhone SE ជំនាន់ថ្មីបង្ហាញខ្លួននៅខែឧសភាក្រោយនេះ រចនាបថស្ទើរមិនកែប្រែ តែនឹងគ្មានរន្ធកាស
ក្រុមហ៊ុន Apple នឹងប្រកាសចេញ iPhone SE ជំនាន់ថ្មីនៅឧសភាខាងមុខ នេះដោយផ្អែកតាមការអះអាងដោយអ្នកផលិតស្រោមទូរស័ព្ទ ដែលបានបញ្ជាក់ទៅគេហទំព័រជប៉ុន Mac Otakara ក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិក GSME នៅហុងកុងសប្ដាហ៍នេះ។
ប្រភពខាងលើ បានឱ្យដឹងទៀតថា Apple នឹងចេញលក់ iPhone លំដាប់មធ្យមធូរថ្លៃជំនាន់ថ្មីរបស់ខ្លួននៅក្នុងខែឧសភាដដែល ដែលវានឹងមានរចនាបថតាម SE ជំនាន់មុនច្រើន ហើយមានលក្ខណៈខុសគ្នាខ្លះបន្តិច។ ទំនង Apple នឹងដករន្ធកាសនៅលើ iPhone SE ថ្មី តែនឹងនៅរក្សាទ្រនាប់ស្កេនក្រយៅដៃដដែល។
iPhone SE ជំនាន់ទី២ នឹងបំពាក់ឈីប Apple A10 Fusion ហើយមាន RAM 2GB រីឯអង្គចងចាំមានពីរជម្រើសគឺ 32GB ឬ 128GB ។ វាថែមទាំងនឹងទទួលបានការបង្កើនសមត្ថភាពកាមេរ៉ាគុណភាពខ្ពស់ជាងមុន។ iPhone SE ម៉ូដែលបច្ចុប្បន្នមានតម្លៃ ៣៤៩ដុល្លារសម្រាប់ម៉ូដែល 32GB ចំណែក 128GB តម្លៃ ៤៤៩ដុល្លារ។
Apple ថែមទាំងនឹងប្រកាសចេញ iPhone កំពូលថ្មីម្ដង ៣ម៉ូដែលនៅឆ្នាំ២០១៨ នេះ។ គេរំពឹងថា iPhone ទំនើបទាំង៣ នឹងមានអេក្រង់ខុសគ្នា ពោលគឺទំហំ ៦,១អ៊ីញ LCD ហើយពីរម៉ូដែលទៀតនឹងប្រើប្រភេទអេក្រង់ OLED ។ iPhone ប្រើ OLED នឹងមានអេក្រង់ ៥,៨អ៊ីញ និង ៦,៥អ៊ីញ។ ឆាប់ៗខាងមុខ យើងនឹងបានដឹងច្បាស់អំពីលក្ខណៈពិសេសៗផ្លូវការនៅលើ iPhone SE 2៕
សូមអានអត្ថបទ៖ អ្នកវិភាគព្យាករ IPhone X Plus នឹងមានលក់ក្នុងតម្លៃ $999 ចំណែក IPhone X ថ្មីឆ្នាំនេះលក់ត្រឹម $899
ដោយ៖ រឹទ្ធិរាជ