Samsung លក់ Galaxy S9 ដាច់បាន ៨លានគ្រឿងរយៈពេល ១ខែដំបូងតែនៅស្ទើរជាង Galaxy S7
ថ្មីៗនេះក្រុមហ៊ុន Samsung បានបង្ហាញរបាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុ នៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រុមហ៊ុនបាននិយាយថា ការចែកចាយលក់ Galaxy S9 និង S9 Plus បានជួយបង្កើនប្រាក់ចំណេញរបស់ខ្លួន។ យោងតាមរបាយការណ៍ថ្មីៗនេះឱ្យដឹងថា Samsung បានចែកចាយលក់ Galaxy S9 និង S9 Plus ដាច់អស់ប្រមាណ ៨លានគ្រឿងនៅរយៈពេល ១ខែដំបូង។
ព័ត៌មាននេះត្រូវបានរាយការណ៍ចេញពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ដែលបានបង្ហាញចេញតួលេខនេះ។ ក្រុមហ៊ុន Samsung ពិតជាធ្វើបានយ៉ាងល្អជាមួយការចែកចាយលក់ Galaxy S9 យ៉ាងណាវាត្រឹមតែជាតួលេខប្រាក់ប្រហែលនឹងការចែកចាយ Galaxy S8 ប៉ុណ្ណោះ តែមិនទាន់អាចប្រៀបធៀបនឹងលទ្ធផលលក់ Galaxy S7 ទៅទៀត ព្រោះ Samsung អាចធ្វើបានដល់ទៅ ៩លានគ្រឿងអំឡុងពេលចេញលក់ Galaxy S7 រយៈពេលដំបូង។
ដូច្នេះ Galaxy S7 និង S7 Edge នៅតែជាស្មាតហ្វូនលក់ដាច់បំផុតរបស់ Samsung ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍ប្រសិនការលក់ Galaxy S9 និង S9 Plus ជារួម អាចយកឈ្នះ Galaxy S7 និង Galaxy S8 នោះ។ Galaxy S9 មានទំហំ RAM 4GB បំពាក់ lens កាមេរ៉ា 12MP ចំនួន១ ខណៈ Galaxy S9+ មាន RAM 6GB និងមានកាមេរ៉ាក្រោយភ្លោះទំហំ 12MP ទាំងពីរ។ ស្មាតហ្វូន Android កំពូលទាំងពីរនេះ បំពាក់ឈីបពីរជម្រើសគឺ Exynos 9810 ឬ Qualcomm Snapdragon 845 ។ អង្គប្រតិបត្តិនៅលើ Galaxy ថ្មីនេះ នឹងបែកចែកលក់ទៅតាមទីផ្សារផ្សេងគ្នា ជាក់ស្ដែងទីផ្សារអាមេរិកនឹងត្រូវដាក់លក់ម៉ូដែលប្រើឈីប Snapdragon 845៕
ដោយ៖ រឹទ្ធិរាជ