Samsung នៅតែជាក្រុមហ៊ុនចែកចាយ Smartphone បានច្រើនបំផុតលើលោក ទោះបីទីផ្សារទូរស័ព្ទធ្លាក់ ២,៩% នៅ Q1'2018
ចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០១៣ មក នេះជាលើកដំបូងហើយដែលតួលេចចែកចាយស្មាតហ្វូននៅទីផ្សារប្រទេសចិនបានធ្លាក់ចុះមិនដល់ ១០០លានគ្រឿង នាំឱ្យការចែកចាយស្មាតហ្វូនសកលក៏ធ្លាក់ ២,៩% ផងដែរគិតនៅត្រីមាសដំបូងឆ្នាំ២០១៨។
ស្មាតហ្វូនប្រមាណ ៣៣៤,៣លានគ្រឿងត្រូវបានចែកចាយពីខែមករា ដល់ខែមីនា ដែលជាតួលេខថយចុះពី ៣៤៤,៤លានគ្រឿងគិតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ យ៉ាងណា Samsung នៅតែឈរនៅលេខរៀងកំពូល ជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនបំផុតទូទាំងសកលលោក សរុបប្រមាណ ៧៨,២លានគ្រឿង។
យ៉ាងណាតួលេខលក់បានរបស់ Samsung ខាងលើ មានការធ្លាក់ចុះ ២,៤% ពី ៨០,១លានគ្រឿងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ បើគិតពីចំណែកទីផ្សារវិញ Samsung ទទួលបាន ២៣,៤%។ ចំណែក Apple ស្ថិតនៅលេខរៀងបន្ទាប់ ដោយចែកចាយទូរស័ព្ទ iPhone ដាច់បាន ៥២,២លានគ្រឿងអំឡុងត្រីមាសដូចគ្នា ជាតួលេខកើនឡើងពី ៥០,៨លានគ្រឿងធៀបនឹងត្រីមាសដដែលកាលពីឆ្នាំទៅ។ តួលេខដែល Apple ក្ដាប់បាននេះ គឺស្មើនឹងចំណែកទីផ្សារ ១៥,៦% ។
រីឯ Huawei ស្ថិតនៅលំដាប់លេខ៣ លក់ស្មាតហ្វូនដាច់បានប្រមាណ ៣៩,៣លានគ្រឿង ស្មើនឹង ១១,៨% ជាលទ្ធផលវិជ្ជមានធៀបនឹង ១៤,៧% កាលពីឆ្នាំទៅ។ ងាកមកមើលក្រុមហ៊ុន Xiaomi និង Oppo វិញ គឺទទួលបានចំណាត់ថ្នាក់បន្តបន្ទាប់។ Xiaomi រកចំណែកទីផ្សារបាន ៨,៤% កើនឡើងពី ៤,៣% ធៀបនឹងឆ្នាំទៅ បើគិតជាតួលេខគឺ ២៨លានគ្រឿង។ ដោយឡែក Oppo មានចំណែកទីផ្សារធ្លាក់ចុះពី ៧,៥% មកនៅត្រឹម ៧,១% គិតជាតួលេខគឺមាន ២៣,៩លានគ្រឿង៕
ដោយ៖ រឹទ្ធិរាជ