ការសិក្សារបស់ Harvard៖ ទម្លាប់អាថ៌កំបាំងសាមញ្ញទាំង៥ ដើម្បីឲ្យអ្នករស់បានយូរ
បើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយដែលដឹកនាំដោយសាលាសុខភាពសាធារណៈហាវឺដ (Harvard School of Public Health) ប្រសិនបើអ្នកអាចប្រកាន់ខ្ជាប់នូវទម្លាប់ទាំង ៥ មានជាអាទិ៍ ការញ៉ាំល្អ ធ្វើលំហាត់ប្រាណជាប្រចាំ ការរក្សាទម្ងន់ ការមិនទទួលទានគ្រឿងស្រវឹងច្រើន និងការមិនជក់បារី ពីក្មេងពិតជាអាចបន្ថែមអាយុសង្ឃឹមរស់របស់អ្នករហូតដល់ជាង ១០ឆ្នាំបន្ថែមទៀត។
ក្រុមអ្នកសិក្សាស្រាវជ្រាវនិងក្រុមការងាររបស់សាលាសុខភាពសាធារណៈហាវឺដ (Harvard School of Public Health) បានចំណាយពេល ៣៤ឆ្នាំដើម្បីធ្វើការសិក្សាទៅលើទិន្នន័យពីស្រ្តីអ្នកចូលរួមចំនួន ៧៨ ៨៦៥នាក់ និងចំណាយពេលអស់ ២៧ឆ្នាំទៅលើទិន្នន័យពីអ្នកចូលរួមបុរសចំនួន ៤៤ ៣៥៤នាក់។ អ្នកសិក្សាស្រាវជ្រាវទាំងនោះមានបំណងចង់ដឹងពីទម្លាប់ទាំង ៥ដែលធ្វើឲ្យមានសុខភាពល្អដូចជា ការមិនជក់បារី ការរក្សាទម្ងន់ ការធ្វើលំហាត់ប្រាណយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ ការទទួលទានស្រាក្នុងកម្រិតល្មមក្នុងមួយថ្ងៃ និងរបបអាហារប្រចាំថ្ងៃ មានឥទ្ធិពលយ៉ាងណាចំពោះអត្រាមរណៈរបស់មនុស្ស។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា ស្រ្តីនិងបុរសជនជាតិអាមេរិកដែលមានទម្លាប់ទាំង៥ខាងលើ មាន៨២% មិនមានការស្លាប់ដែលបណ្ដាលមកពីជំងឺបេះដូង និង៦៥%មិនមានការស្លាប់ដែលបណ្ដាលមកពីជំងឺមហារីកឡើយ ប្រសិនបើប្រៀបធៀបជាមួយនឹងអ្នកដែលមិនសូវមានទម្លាប់ថែរក្សាសុខភាពប្រចាំថ្ងៃល្អ ក្នុងរយៈពេលជាង ៣០ឆ្នាំនៃការធ្វើការសិក្សាស្រាវជ្រាវនោះ។
ការសិក្សាស្រាវជ្រាវនោះក៏បានរកឃើញផងដែរថា អ្នកចូលរួមស្រ្តីដែលបានប្រកាន់ខ្ជាប់នូវទម្លាប់ទាំង ៥ខាងលើបានខ្ជាប់ខ្ជួន មានអាយុរំពឹងទុកកើនឡើងដល់ ១៤ឆ្នាំ ហើយបុរសអាចកើនដល់ ១២ឆ្នាំ ប្រសិនបើធៀបទៅនឹងអ្នកចូលរួមដែលមិនសូវមានទម្លាប់ថែរក្សាសុខភាពឲ្យបានល្អ។ ដូចនេះ ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា វាពិតជាមានទំនាក់ទំនងរវាងទម្លាប់រស់នៅប្រចាំថ្ងៃល្អ និងការកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ និងជួយពន្យាអាយុស្លាប់របស់មនុស្សពិតប្រាកដមែន៕
ដោយ៖ លង់ វណ្ណៈ