Mi 8 ចេញផ្លូវការអេក្រង់ ៦,២១អ៊ីញកាមេរ៉ាភ្លោះបញ្ឈរ Dual GPS លឿនជាងមុន ៣-៥ដង និង 3D Face Scanner តម្លៃពី $៤២០ ទេ!
ទីបំផុត Mi 8 ស្មាតហ្វូនខ្លាំងមួយម៉ូដែលទៀតរបស់ Xiaomi ចេញផ្លូវការហើយ។ Mi 8 ជាស្មាតហ្វូនទំនើបមានរចនាបថឌីហ្សាញទាន់សម័យ គែមស្ដើង និងមានក្បាលឆកដំបូងរបស់ក្រុមហ៊ុនចិននេះ។ វាទើបត្រូវបានសម្ពោធចេញក្នុងព្រឹត្តិការណ៍មួយនៅឯទីក្រុង Shenzhen កាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ។ រចនាបថឌីហ្សាញរបស់ Xiaomi Mi 8 ពិតជាស្រដៀងទៅនឹង iPhone X តែក៏មានចំណុចខ្លះខុសគ្នាដែរ ជាក់ស្ដែងផ្នែកខាងក្រោមនៅសល់គែមច្រើនបន្តិច បើធៀបនឹងទូរស័ព្ទ Apple។
Mi 8 បំពាក់អេក្រង់ AMOLED ជាមួយកម្រិតពន្លឺ 600 nits ទំហំ ៦,២១អ៊ីញ resolution 2248x1080px (សមាមាត្រអេក្រង់ ៨៨,៥% ធៀបនឹងតួទូរស័ព្ទ)។ ចំណុចដែលជាបេះដូងសំខាន់របស់វា គឺប្រើឈីបស៊េរីខ្ពស់ Snapdragon 845 អមជាមួយ RAM 6GB និងជម្រើសអង្គចងចាំ 64GB, 128GB ឬ 256GB។ https://youtu.be/2B1yGTlTm90
ទន្ទឹមនោះ ក្រុមហ៊ុន Xiaomi ក៏បានប្រកាសមួយម៉ូដែលទៀតដែលជា Mi 8 Explorer Edition ដែលមានមុខងារស្កេនក្រយៅដៃបង្កប់ក្រោមអេក្រង់ in-display fingerprint sensor, មុខងារសម្គាល់ផ្ទៃមុខ 3D face recognition, ហើយក្រាលដោយសន្ទះថ្លា transparent back panel និងមាន RAM ដល់ 8GB។ នៅខ្នងទូរស័ព្ទ អ្នកនឹងឃើញការរៀបចំកាមេរ៉ាភ្លោះមានទម្រង់បញ្ឈរ ជាមួយទំហំ 12MP ទាំងពីរគ្រាប់។ Xiaomi អះអាងថា កាមេរ៉ារបស់ខ្លួនបានទ្រាប់ជាមួយបច្ចេកវិទ្យា AI ផងដែរ នោះនឹងផ្ដល់គុណភាពល្អបំផុតក្នុងការផលិតរូបជាមួយពិន្ទុដល់ ១០៥ នៅលើការធ្វើតេស្ត Photo benchmark របស់ DxOMark។ ចំណែកកាមេរ៉ាមុខរបស់វាទំហំ 20MP ជាមួយកម្រិត aperture f/2.0 អមជាមួយបច្ចេកវិទ្យា AI ផងដែរ។ Xiaomi បានបញ្ជាក់ និងអះអាងថា Mi 8 គឺជាទូរស័ព្ទដំបូងគេដែលប្រើប្រព័ន្ធ dual-frequency GPS គឺដំណើរការទាំង L1 និង L5 bands ដែលអាចបំពេញមុខងារស្វែងរកទីតាំងបានយ៉ាងត្រឹមត្រូវ និងមានល្បឿនលឿនជាង GPS ធម្មតាពី ៣ ទៅ ៥ ដង។ ស្មាតហ្វូន Xiaomi Mi 8 នឹងមានតម្លៃចាប់ពី ២៦៩៩យន់ (ប្រហែល $420) សម្រាប់ម៉ូដែល 6GB + 64GB ខណៈដែល Xiaomi Mi 8 Explorer Edition តម្លៃចាប់ពី ៣៦៩៩យន់ (ប្រហែល $577)។ ស្មាតហ្វូនទំនើបនេះនឹងមានលក់លើទីផ្សារប្រទេសចិននៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕ សូមអាន៖ Black Shark ទូរស័ព្ទ Gaming ទើបចាប់កំណើតអមដោយ RAM និង CPU ដូច OnePlus 5/5T តែថ្មខ្លាំង... ដោយ៖ រឹទ្ធិរាជ