តើអ្នកនឹងប្រឈមមុខគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីខ្លះ ប្រសិនបើអង្គុយធ្វើការរាប់ម៉ោងក្នុងមួយថ្ងៃ?
កំណើតនៃជំងឺកាចសាហាវផ្សេងៗមិនចាំបាច់តែមានប្រភពដោយផ្ទាល់ជាក់ស្ដែងចេញមកពីការទទួលទានទឹកនិងអាហារកខ្វក់មិនមានអនាម័យ ឬប៉ះពាល់ជាមួយអ្នកជំងឺអ្វីនោះទេ ប៉ុន្តែគ្រាន់តែចំណាយពេលអង្គុយច្រើនម៉ោងក្នុង១ថ្ងៃៗ គ្រប់គ្រាន់នឹងអាចឲ្យសុខភាពរបស់អ្នកទ្រុឌទ្រោមបង្កជាជំងឺផ្សេងៗទៀតបាន។
មានការសិក្សាជាច្រើនបានរកឃើញពីទំនាក់ទំនងគ្នារវាងទម្លាប់អង្គុយច្រើនម៉ោងជាមួយនឹងជំងឺជាច្រើនរួមមានជំងឺធាត់ ជំងឺបេះដូង ប្រព័ន្ធរំលាយអាហារមិនដំណើរការណ៍ប្រក្រតី និងជំងឺមហារីកផងដែរ។ ភាពអសកម្មដែលចេញមកពីការអង្គុយច្រើនម៉ោងនៅកន្លែងធ្វើការឬសម្លឹងមុខកញ្ចក់ទូរទស្សន៍ជាដើម បានផ្ដល់សម្ពាធដល់ដំណើរការណ៍ខាងក្នុងសារពាង្គកាយរបស់អ្នកមិនឲ្យប្រព្រឹត្តបានស្រួល ដែលនាំលទ្ធផលទៅរកស្ថានភាពអវិជ្ជមានដូចជាកម្រិតសម្ពាធឈាមឡើងខ្ពស់ កម្រិតជាតិស្ករឡើងខ្ពស់ ជាតិខ្លាញ់ផ្ដុំគ្នានៅត្រង់ចង្កេះ និងកើនឡើងកម្រិតកូឡេស្តេរ៉ុលខុសប្រក្រតីផងដែរ។
ការសិក្សានេះបានបង្ហាញជាការដាស់តឿនដល់អ្នកក្នុងការគិតគូរឡើងវិញពីរបៀបនៃការរស់នៅប្រចាំថ្ងៃរបស់អ្នក ដែលសូម្បីតែទម្លាប់មិនល្អប្រចាំថ្ងៃតូចតាចមួយប៉ុណ្ណោះក៏អាចប្រមូលផ្ដុំគ្នាជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់អ្នកក្នុងរយៈពេលវែងបានដែរ។ ហេតុនេះអ្នកគួរតែឆ្លៀតពេលបញ្ចេញភាពសកម្មដល់រាងកាយរបស់អ្នកតាមតែអាចធ្វើបាន ដូចជានៅពេលជិះឡានក្រុង ជំនួសឲ្យអង្គុយអ្នកអាចផ្លាស់មកឈរវិញ ឬក៏ងើបឈររយៈពេល១៥នាទីអំឡុងពេល១ម៉ោងម្ដង ជាពិសេសគួរឆ្លៀតពេលធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ក៏២ទៅ៣ម៉ោងក្នុង១សប្ដាហ៍ដែរ។
បើទោះជាការផ្លាស់ប្ដូរទាំងនេះហាក់ដូចជាតិចតួចក្ដី ប៉ុន្តែបើប្រៀបទៅនឹងការអង្គុយច្រើនម៉ោងជាប់ៗគ្នា ថាមពលដែលអ្នកត្រូវប្រើប្រាស់ដើម្បីឈរនិងធ្វើចលនាផ្សេងទៀតអាចនឹងជួយសម្រួលដល់ដំណើរការណ៍បំបែកខ្លាញ់និងស្ករដែលប្រមូលផ្ដុំគ្នានៅក្នុងរាងកាយរបស់អ្នកបានមួយផ្នែកខ្លះដែរ៕
ដោយ៖ ស្រីពៅ