Facebook ដក Trending News ចេញពីបណ្ដាញសង្គមខ្លួន ដោយសារមិនសូវមានការចាប់អារម្មណ៍ប្រើ
អ្នកប្រហែលជាបានដឹងហើយថា Facebook មាននូវចំណុចមួយបង្ហាញរឿងរ៉ាវ ឬហេតុការណ៍ដែលកំពុងកើតមាននិងមានការជជែកគ្នាលើបណ្ដាញសង្គមខ្លួនដែលហៅថា Trending លើ sidebar ដែលអ្នកអាចឃើញ ប្រធានបទផ្សេងៗទាំងនោះ និងដើម្បីតាមដានដំណឹងទាន់ហេតុការណ៍ចុងក្រោយ។ ប៉ុន្តែពេលនេះ Facebook សម្រេចដកមុខងារនេះចេញពីបណ្ដាញសង្គមខ្លួនហើយ។
មូលហេតុដែលក្រុមហ៊ុន Facebook សម្រេចដកចេញ Trending គឺដោយសារ សង្កេតឃើញទម្លាប់អ្នកប្រើប្រាស់ ហាក់មិនចាប់អារម្មណ៍ប្រើមុខងារនេះសោះ។ Facebook បានប្រកាសឱ្យដឹងជាសាធារណៈថា ក្រុមហ៊ុននឹងធ្វើការលុបផ្នែក Trending នេះចេញពីបណ្ដាញសង្គមខ្លួន ដើម្បី “បង្កើតនូវរបៀបសម្រាប់បទពិសោធន៍ដំណឹង ឬព័ត៌មាននាពេលអនាគត”។ ក្រុមហ៊ុនបានបញ្ជាក់ពីមូលហេតុនៃការដកផ្នែកនេះចេញ គឺដោយសារវាត្រូវបានប្រើប្រាស់តិចតួចបំផុត ពោលគឺមិនសូវមានអ្នកបើកចូលឡើយ។
សូមអាន៖ Facebook នឹងលែងត្រូវការ Phone Number បើកស្រទាប់សុវត្ថិភាព Two-Factor Authentication ទៀតហើយ
Facebook បានលើកឡើងថា “យើងបានណែនាំ Trending នេះក្នុងឆ្នាំ២០១៤ ដែលជាវិធី ជួយដល់អ្នកប្រើក្នុងការរកឃើញដំណឹងព័ត៌មាន ដែលកំពុងពេញនិយមអាននៅលើបណ្ដាញសង្គម Facebook។ វាដំណើរការតែនៅ ៥ប្រទេសប៉ុណ្ណោះ ហើយបើគិតពីអត្រាអ្នកប្រើវិញមានតិចជាង ១,៥% នៃការចុចចូលអាន។ ពីការស្រាវជ្រាវ យើងរកឃើញថា រយៈពេលកន្លងទៅយូរហើយ ដែលអ្នកប្រើមិនអើពើនឹងសេវាកម្មនេះ វាហាក់ដូចជាមិនផ្ដល់អត្ថប្រយោជន៍សោះ”។
យើងមិនទាន់ដឹងនៅឡើយថា តើ Facebook នឹងមានគម្រោងដាក់អ្វីជំនួស Trending News នៅឡើយ ខណៈដែលក្រុមហ៊ុនបានលើកឡើងថា ខ្លួនបានកំពុងធ្វើតេស្តលើរបៀបផ្សេងៗគ្នានៃការ ឆ្លុះបង្ហាញដំណឹងព័ត៌មានទៅកាន់អ្នកប្រើបណ្ដាញសង្គមខ្លួន។ ដូចជាស្លាក (label) Breaking News “Today In” និង “New Video” នៅក្នុងផ្នែក Watch ដែលអ្នកប្រើអាចទស្សនាការបន្តផ្ទាល់នូវព័ត៌មានទាន់ហេតុការណ៍៕
សូមអាន៖ ជំហានទាំង ៥យ៉ាងដើម្បី ផ្ដាច់ការញៀនលេង Facebook ដោយជោគជ័យ
ដោយ៖ រឹទ្ធិរាជ