សកម្មភាព​ប្រចាំ​ថ្ងៃ ​៤យ៉ាង ដែល​អ្នក​គួរ​​គិតគូរ​ឡើង​វិញ​​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​



ពួក​យើង​ភាគច្រើន​មិន​ដែល​គិត​ដល់​ទាល់តែ​សោះ​ថា​សកម្មភាព​សាមញ្ញ​តូចតាច​មួយ​ចំនួន​អាច​បង្ក​ជា​លទ្ធផល​អវិជ្ជមាន​មក​លើ​រាងកាយ​របស់​យើង។ នេះ​ក៏​ព្រោះ​តែ​ផល​ប៉ះពាល់​របស់​វា​មិន​បង្ហាញ​ឲ្យ​យើង​ឃើញ​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​វែង​ផល​អវិជ្ជមាន​ដែល​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ក៏​ស្រាប់តែ​លេច​ឡើង​មក​ហួស​ពី​ការ​រំពឹង​ទុក​របស់​យើង។ សកម្មភាព​សាមញ្ញ​តូចតាច​ទាំង​៤​ខាងក្រោម​នេះ​គឺជា​ទម្លាប់​រស់នៅ​មិន​ល្អ​ដែល​អ្នក​គួរ​ចៀស​វាង​ដើម្បី​សុខភាព​របស់​អ្នក។​

១) ប្រើប្រាស់​ទឹកអប់៖ ជាទូទៅ តម្រូវការ​របស់​ទឹកអប់​សម្រាប់​មនុស្ស​គ្រប់​គ្នា​គឺ​ដើម្បី​បំបាត់​ក្លិន​មិន​ល្អ​សាយភាយ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន។ ប៉ុន្តែ អ្នក​មាន​ដឹង​ទេ​ថា ដើម្បី​ទទួល​បាន​ក្លិន​ក្រអូប​សិប្បនិម្មិត​បែប​នេះ មាន​សារធាតុ​គីមី​ជាច្រើន​ដែល​មិន​ល្អ​ទាល់តែ​សោះ​ចំពោះ​ស្បែក​របស់​អ្នក និង​ត្រូវ​បាន​យក​មក​សំយោគ​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ក្លិន​ក្រអូប។ ភាគច្រើន​គេ​ប្រើប្រាស់​គ្រឿងផ្សំ​ដែល​មាន​តម្លៃ​ថោក តែ​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង​ពី​ផល​ប៉ះពាល់​របស់​វា​មក​លើ​មនុស្ស ដែល​អាច​នាំ​ទៅ​រក​រោគ​សញ្ញា​ឈឺក្បាល វិលមុខ​ធេងធោង រលាក​ភ្នែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក និង​រមាស់​បំពង់​ក នៅ​ពេល​មាន​ការ​ប្រើប្រាស់​ហួស​កម្រិត​ពេក។​

២) ពាក់​ខោ​រឹបៗ៖ នៅ​ពេល​អ្នក​ចូលចិត្ត​ពាក់​ខោ​រឹប​ជើង​ពេក វា​នឹង​បង្កើត​សម្ពាធ​ដល់​ស្បែក​របស់​អ្នក​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ឲ្យ​ខូច​បាន។ ម្យ៉ាងទៀត ខោ​រឹប​ជើង​នឹង​ធ្វើឲ្យ​ខ្យល់​ពិបាក​នឹង​ចេញ​ចូល​តាម​ជើង​របស់​អ្នក ដែល​អាច​បណ្ដាល​ឲ្យ​ជើង​របស់​អ្នក​តឹងណែន មាន​សម្ពាធ និង​ឡើង​ហើម​បាន។ ហេតុនេះ រវាង​ភាព​ឡូយឆាយ​និង​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ក្នុង​រយៈពេល​វែង អ្នក​គួរតែ​ថ្លឹងថ្លែង​ពី​ចំណុច​នេះ​ផង​ដែរ។​

៣) ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​មុន​ពេល​ចូល​គេង៖ នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​ដែល​នាំឲ្យ​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​មាន​ទូរស័ព្ទ​ប្រើប្រាស់​នៅ​ក្នុង​ដៃ អ្នក​ស្រាវជ្រាវ​ក៏​បាន​ធ្វើការ​សិក្សា​អស់​រយៈពេល​យូរ​មក​ហើយ ទៅលើ​ប្រធានបទ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ផល​អវិជ្ជមាន​ពី​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​មុន​ពេល​ចូល​គេង​មាន​ទៅលើ​មនុស្សជាតិ។ ដល់​ពេល​យប់​ដែល​ត្រូវ​ចូល​គេង​ហើយ នៅ​ពេល​អ្នក​រំខាន​បង្អាក់​វា​មិន​ឲ្យ​សម្រាក នោះ​មិន​ចាំបាច់​តែ​រយៈពេល​វែង​ដែល​អាច​នាំ​អ្នក​ទៅ​រក​ជំងឺ​បាក់​ទឹកចិត្ត ប្រព័ន្ធ​ភាព​ស៊ាំ​មាន​បញ្ហា​និង​ចុះ​ខ្សោយ និង​រោគ​មហារីក​នោះ​ទេ រយៈពេល​ខ្លី​ដែល​ជា​ពេល​អ្នក​ក្រោក​ពី​គេង​ព្រឹក​ព្រលឹម​ក៏​អ្នក​អាច​សង្កេត​បាន​ដែរ​ថា​ការ​គេង​មិន​គ្រប់គ្រាន់​និង​មិន​ស្កប់ស្កល់​ពី​យប់ ធ្វើឲ្យ​អ្នក​អស់​កម្លាំង​ល្ហិតល្ហៃ មិន​ស្រស់ស្រាយ ថែមទាំង​ឈឺក្បាល​ធេងធោង និង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​ពេញ​មួយ​ថ្ងៃ​នេះ​ឯង។​ វា​គឺជា​លទ្ធផល​ពី​ភ្លើង​ពណ៌​ខៀវ​ដែល​ចេញ​មក​ពី​ឧបករណ៍​អេឡិចត្រូនិក​ជះ​ចំ​មក​ភ្នែក​អ្នក ដែល​ធ្វើឲ្យ​រាងកាយ​របស់​អ្នក​យល់​ច្រឡំ​ថា​ជា​ពេល​ព្រឹក ហើយ​វា​ក៏​កាត់បន្ថយ​បញ្ចេញ​អ័រម៉ូន​មេឡាតូនីន ដែល​ចាំបាច់​សម្រាប់​ការ​គេង ជា​លទ្ធផល​អ្នក​ក៏​ស្វាង​មិន​ងងុយ​គេង​នៅ​ពេល​ដែល​ត្រូវ​គេង​នេះ​ឯង។​

៤) ប្រើប្រាស់​សាប៊ូ​ប្រឆាំង​នឹង​បាក់តេរី​ច្រើន​ហួសហេតុ​ពេក៖ បាក់តេរី​មិនមែន​សុទ្ធតែ​ចង្រៃ​ទាំងអស់​នោះ​ទេ ព្រោះ​មាន​បាក់តេរី​ខ្លះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ការពារ​រាងកាយ​របស់​អ្នក។ ដូច្នេះ​នៅ​ពេល​អ្នក​ប្រើប្រាស់​សាប៊ូ​ប្រឆាំង​នឹង​បាក់តេរី​រៀងរាល់​ថ្ងៃ​ពេក វា​នឹង​ទៅ​សម្លាប់​ទាំង​បាក់តេរី​ល្អៗ​ដែល​ការពារ​អ្នក​នោះ ហើយ​រាងកាយ​របស់​អ្នក​ក៏​ចាប់ផ្ដើម​ទន់ខ្សោយ​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​បាក់តេរី​ដែល​ផ្ដល់​គ្រោះថ្នាក់​ដល់​អ្នក៕

​ ​ដោយ​៖ ស្រីពៅ

X
5s