អ្នកវិភាគ៖ iPad Pro ជំនាន់ថ្មីនឹងមាន Face ID, គែមស្ដើង តែមិនមាន Notch ដូច iPhone X ទេដោយសារ ...
iPad មាន Face ID ឬ យ៉ាងហោចនឹងឌីហ្សាញថ្មី គ្មានប៊ូតុង Home ដែលនឹងធ្វើឱ្យផ្ទៃមុខទូលាយ គែមស្ដើងទាន់សម័យ នឹងបង្ហាញខ្លួនក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ។ មានការណែនាំខ្លះអំពីការប្រើប្រាស់ iOS 12 លើ iPad ធ្វើឱ្យគេសន្និដ្ឋានបានថា ថេប្លេតជំនាន់ថ្មីរបស់ Apple នឹងឌីហ្សាញមានគែមយ៉ាងស្ដើង។ បើតាមអ្នកជំនាញវិភាគលោក Ming-Chi Kuo នៅស្ថាប័ន KGI Securities បានបង្ហាញក្ដីរំពឹង និងជឿជាក់របស់លោកថា iPad Pro ជំនាន់ថ្មីនឹងគាំទ្រមុខងារ Face ID ព្រមទាំងមានរចនាបថផ្ទៃមុខ ជាមួយគែមដ៏ស្ដើង តែមិនមានចំណុចឆក Notch ដូចនៅលើ iPhone X ទេ។ តើហេតុអ្វីបានជា iPad មិនត្រូវការ Notch ?
នៅពេល iPhone X ត្រូវបានប្រកាសផ្លូវការ សាធារណជនជាច្រើនមានការងឿងឆ្ងល់ថា តើហេតុអ្វីថ្ងាសខាងលើមានចំណុចបាំងសាច់អេក្រង់ បែបនេះនឹងធ្វើឱ្យអ្នកប្រើទើសចិត្ត ពិសេសគឺទើសនៅពេលមើលវីដេអូ។ តែងាកមកមើលរចនាបថវិញ ដោយសារទូរស័ព្ទនេះត្រូវបានឌីហ្សាញគែមស្ដើង ពោលគឺមានសាច់អេក្រង់លាតសន្ធឹងស្ទើរពេញគែម តែដោយសារ iPhone X មានតម្រូវការបណ្ដុំ sensor សំខាន់ៗមួយចំនួនដើម្បីធ្វើឱ្យវា មានតំណែងជាស្មាតហ្វូនកំពូល ដូច្នេះ Apple ដាច់ខាតត្រូវតែបំពាក់ sensor សំខាន់ៗខាងមុខ ដែលមានដល់ទៅ ៨ប្រភេទរួមមាន៖ IR camera, flood illuminator, proximity sensor, ambient light sensor, speaker, microphone, front-facing camera និង dot projector។ sensor សរុបទាំង៨ គឺត្រូវការទីតាំងមុខនៅលើ iPhone X ហើយថ្ងាសខាងលើ គឺជាទីតាំងដ៏ស័ក្ដិសម។ ដូច្នេះហើយទើបក្រុមហ៊ុនបន្សល់ Notch ឬដែលយើងហៅថា ក្បាលឆកនៅលើ iPhone 10 នេះ។
សូមអាន៖ តាម IFixit ទើបគាស់ IPad Pro 10.5 ឃើញមាន RAM 4GB និងអ្វីផ្សេងទៀតដែលអ្នកចង់ដឹង
ដោយឡែក iPad Pro ជំនាន់ថ្មី ទោះបីនឹងត្រូវក្រុមហ៊ុនអភិវឌ្ឍថ្មីដោយការបន្ថែមមុខងារ Face ID ក៏ពិតមែន តែវាប្រើត្រឹម Sensor តែ៤ ប៉ុណ្ណោះ ដូច្នេះមិនត្រូវការសាច់ដុះ Notch ធំនោះទេ ឬស្ទើរតែមិនចាំបាច់ ដោយសារអ្នកឌីហ្សាញ រចនាគែមថេប្លេតនេះនៅមានកម្រាស់ល្មម សម្រាប់បំពាក់ sensor ទាំង៤ រួចទៅហើយ។ នេះមានន័យថា iPad ជំនាន់ថ្មីថ្វីត្បិតនឹងត្រូវឌីហ្សាញគែមស្ដើងជាងមុន តែវានឹងមិនស្ដើងដូច iPhone X នៅឡើយ៕
សូមអាន៖ IPad Pro មានបច្ចេកវិទ្យាស្កេនមុខដោះសោ Face ID នឹងវែកមុខផ្លូវការនៅ WWDC 2018 ខែមិថុនា
ដោយ៖ រឹទ្ធិរាជ