ហេតុអ្វីអង្គធាតុរឹងជាអង្គធាតុរឹង អង្គធាតុរាវជាអង្គធាតុរាវ ហើយឧស្ម័នជាឧស្ម័ន?
ហេតុអ្វីអង្គធាតុរឹងជាអង្គធាតុរឹង អង្គធាតុរាវជាអង្គធាតុរាវ ហើយឧស្ម័នជាឧស្ម័ន ? ហេតុអ្វីទឹកអាចហូរបាន តែទឹកកកដែលបង្កឡើងពីទឹកដូចគ្នា គ្រាន់តែខុសគ្នានៅត្រង់សីតុណ្ហភាព មិនអាចហូរដូចគ្នាបាន ? តើអ្វីទៅដែលកំណត់នូវលក្ខណៈរូបរបស់អង្គធាតុនីមួយៗឲ្យក្លាយជាបែបនេះ ? ចម្លើយអាចស្ថិតនៅត្រង់ អ្វីៗគ្រាន់តែជាការបន្ទេរគ្នាទៅវិញទៅមករវាងថាមពលប៉ុណ្ណោះ។
អ្វីៗសុទ្ធតែមានហេតុនិងផលរបស់វា។ ហេតុនេះហើយអង្គធាតុរឹងមានលក្ខណៈជាអង្គធាតុរឹង អង្គធាតុរាវមានលក្ខណៈជាអង្គធាតុរាវ ហើយឧស្ម័នមានលក្ខណៈជាឧស្ម័ន ក៏មានហេតុដែលបង្កធម្មជាតិរបស់វាឡើងមកដែរ។ នៅក្នុងអង្គធាតុរឹង ទម្រង់របស់អាតូមដែលបង្កវាឡើងទាំងអស់ចងសម្ព័ន្ធនៅជិតៗគ្នាយ៉ាងរឹងមាំនិងមានសណ្ដាប់ធ្នាប់បំផុត។
នៅពេលអ្នកបង្កើនកម្ដៅដល់អង្គធាតុរឹង ឧទាហរណ៍ដែកជាដើម នោះនៅពេលដល់ចំណុចដែលវាត្រូវរលាយសម្រាប់ដែកគឺ១៥៣៨អង្សា ដែលគេហៅថាចំណុចរលាយរបស់ដែក ដែកដែលស្ថិតក្នុងភាពរូបជាអង្គធាតុរឹង នឹងផ្លាស់ប្ដូរទម្រង់មកជាអង្គធាតុរាវវិញ។ តើមានអ្វីកើតឡើងទៅលើអាតូមរបស់ដែក ដែលធ្វើឲ្យវាក្លាយជាអង្គធាតុរាវនៅសីតុណ្ហភាព១៥៣៨អង្សា ?
អាតូមនីមួយៗ មិនថាជាអាតូមរបស់អង្គធាតុរឹងក៏ដោយ ប្រើប្រាស់ថាមពលរបស់វាដើម្បីធ្វើចលនារំញ័រ។ នៅពេលអាតូមទាំងនេះទទួលបានថាមពលបន្ថែមពីខាងក្រៅមក ដូចជាពេលអ្នកដុតកម្ដៅដែក ថាមពលរបស់វានឹងកើនឡើង ហេតុនេះចលនារំញ័ររបស់វាកាន់តែខ្លាំងជាងមុនដែរ។ បើកាលណាចលនារបស់អាតូមរំញ័រកាន់តែខ្លាំង នោះវានឹងមានថាមពលគ្រប់គ្រាន់ក្នុងការបំបែកចំណងរបស់វាជាមួយអាតូមផ្សេងទៀតដែលចងគ្នាក្នុងអង្គធាតុរឹងយ៉ាងរឹងមាំ បន្ទាប់មកអាតូមរបស់វានឹងបាត់បង់សណ្ដាប់ធ្នាប់ជាងមុន ហើយរាយប៉ាយពាសពេញ ដែលជាលទ្ធផលគឺជាដែកដែលរលាយ។
នៅពេលអង្គធាតុរាវប្រែជាឧស្ម័ន ដូចជាទឹកដែលដុតកម្ដៅនិងមានចំហាយទឹកភាយចេញពីមាត់កំសៀវ នោះគឺជាពេលដែលអាតូមនៅក្នុងទឹកទទួលបានថាមពលកាន់តែច្រើន ដែលនាំឲ្យវាមានថាមពលកាន់តែខ្លាំងក្នុងការធ្វើចលនារំញ័រ ដូច្នេះអាតូមទាំងនោះក៏ក្លាយជារញ៉េរញ៉ៃ ដែលជាលទ្ធផលនាំឲ្យទឹកក្លាយជាឧស្ម័នឬចំហាយទឹកហោះហើរពាសពេញបរិយាកាស៕