តើអាហារអ្វីខ្លះដែលអ្នកត្រូវចៀសវាងទទួលទានពេលពោះទទេ ?
ថ្វីត្បិតតែអាហារមួយចំនួនមានសុខភាពល្អ ប៉ុន្តែការទទួលទានវាខុសពេលវេលាដូចជាពេលពពោះទទេ អាចបង្កជាបញ្ហាសម្រាប់អ្នកបាន។ តើអាហារអ្វីខ្លះដែលអ្នកត្រូវចៀសវាងទទួលទានពេលពពោះទទេ ?
១) ចេក៖ ជាការពិតណាស់ការទទួលទានផ្លែចេកធ្វើឲ្យអ្នកមានសុខភាពល្អ ពីព្រោះតែវាសម្បូរដោយប៉ូតាស្យូម ជាតិសរសៃ និងម៉ាញេស្យូម។ ប៉ុន្តែចេកក៏ផ្សំឡើងដោយជាតិអាស៊ីដនិងជាតិស្ករដែរ។ នៅពេលអ្នកទទួលទានអាហារដែលមានជាតិអាស៊ីដពេលពោះទទេ វាអាចបង្កជាបញ្ហាដល់ពោះវៀនរបស់អ្នកបាន។ រីឯការបង្កើនថាមពលដោយការទទួលទានអាហារដែលសម្បូរជាតិស្ករពេលពោះទទេ អាចធ្វើឲ្យអ្នកឆាប់អស់ថាមពលក្រោយពេលប៉ុន្មានម៉ោងកន្លងទៅ។ យ៉ាងណាមិញ បើអ្នកទទួលទានចេករួមជាមួយអាហារដទៃ នោះវានឹងមិនបង្កជាបញ្ហាអ្វីនោះឡើយ។
២) បន្លែបៃតងឆៅ៖ ថ្វីត្បិតតែការទទួលទានបន្លែបៃតងឆៅធ្វើឲ្យអ្នកមានសុខភាពល្អ ក៏ប៉ុន្តែការទទួលទានវាពេលពោះទទេ អាចធ្វើឲ្យមានការរលាកសម្រាប់មនុស្សមួយចំនួន ដែលអាចបង្កទៅជាការហើមពោះ និងមានការឈឺចុកចាប់ពោះបាន។ មូលហេតុមួយគឺដោយសារតែនៅក្នុងបន្លែបៃតងគឺសម្បូរទៅដោយជាតិសរសៃដែលមិនរំលាយ ដែលពួកវាត្រូវបានណែនាំឲ្យចៀសវាងទទួលទានសម្រាប់មនុស្សដែលមានបញ្ហារំលាយអាហារ។
៣) ទឹកត្រជាក់៖ ទឹកត្រជាក់ប្រភេទណាក៏ដោយសុទ្ធតែអាចបណ្ដាលឲ្យមានការរលាកដល់ក្រពះនិងពោះវៀន ដែលអាចបង្កជាការហើមពោះ និងភាពមិនស្រណុកស្រួលក្នុងក្រពះបាន។ វាជាការប្រសើរជាងបើសិនជាអ្នកទទួលទានទឹកក្ដៅអ៊ុនៗពេលពោះទទេ ព្រោះថាវានឹងជួយសម្រួលដល់ការរំលាយអាហារ ចរន្តឈាម និងសម្រកទម្ងន់បាន។
៤) ផ្លែឈើដែលផ្សំពីអាស៊ីដស៊ីទ្រិក៖ ផ្លែឈើដែលផ្សំពីអាស៊ីដស៊ីទ្រិកដូចជា ក្រូចឆ្មារ ក្រូច និងក្រូចថ្លុងជាដើម អាចបង្កឲ្យមានការរលាក ច្រាលអាស៊ីដក្នុងក្រពះ ហើយសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលមានបញ្ហាក្រពះ គួរតែចៀសវាងទទួលទានផ្លែឈើទាំងនេះពេលពោះទទេ៕