សញ្ញាណទាំង ៣យ៉ាងដែលអ្នកអាចកត់សម្គាល់ថាអ្នកមានជំងឺទឹកនោមផ្អែមឬអត់
អាំងស៊ុយលីនគឺជាអ័រម៉ូនដែលត្រូវបានផលិតដោយលំពែង ហើយវាអាចឲ្យរាងកាយរបស់យើងប្រើប្រាស់គ្លុយកូសពីអាហារដែលយើងបរិភោគសម្រាប់ប្រើជាថាមពល ឬស្តុកទុកសម្រាប់ប្រើប្រាស់ពេលក្រោយ និងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់យើងមិនឲ្យទាបពេកឬខ្ពស់ពេកនោះដែរ។
នៅពេលដែលរាងកាយរបស់អ្នកមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ នោះវានឹងបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ហើយបង្កជាជំងឺទឹកនោមផ្អែមបាន។ ខាងក្រោមនេះគឺជាសញ្ញាណទាំង៤យ៉ាងដែលអ្នកអាចកត់សម្គាល់ថាអ្នកមានជំងឺទឹកនោមផ្អែមឬអត់៖
១) ឧស្សាហ៍ស្រេកទឹកនិងនោមញឹក៖ នៅពេលអ្នកកើតជំងឺទឹកនោមផ្អែម តម្រងនោមរបស់អ្នកមិនអាចស្រូបយកជាតិស្ករដែលលើសបាន។ មូលហេតុនេះហើយទើបបានជាវាត្រូវបញ្ចេញចោលមកជាទឹកនោម ហើយនាំយកជាតិទឹកចេញពីក្នុងជាលិការបស់អ្នកផងដែរ។ ហេតុនេះហើយទើបអ្នកត្រូវនោមញឹកហើយខ្វះជាតិទឹកក្នុងខ្លួន ហើយដោយសារការខ្វះជាតិទឹកក្នុងខ្លួន អ្នកក៏ទទួលទានទឹកកាន់តែច្រើនទៀត ហើយក៏បណ្ដាលឲ្យនោមញឹកញាប់ថែមទៀត។
២) បង្កើនចំណង់ក្នុងការឃ្លានអាហារ៖ បើសិនជារាងកាយរបស់អ្នកមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ទេ នោះវាមិនអាចបម្លែងអាហារដែលអ្នកបានបរិភោគទៅជាគ្លុយកូសសម្រាប់ឲ្យកោសិការបស់អ្នកប្រើប្រាស់បាននោះទេ។ វានឹងធ្វើឲ្យអ្នកឃ្លានអាហារបើទោះជាអ្នកទើបតែទទួលទានរួចហើយក៏ដោយ។
៣) អស់កម្លាំងល្ហិតល្ហៃ៖ នៅពេលអ្នកអស់កម្លាំងល្ហិតល្ហៃ វាអាចបណ្ដាលមកពីមូលហេតុជាច្រើនផ្សេងពីជំងឺទឹកនោមផ្អែម។ ប៉ុន្តែបើអ្នកមានរោគសញ្ញានេះជាមួយគ្នានឹងរោគសញ្ញាទាំង២ខាងលើ នោះវាអាចបញ្ជាក់បានថាអ្នកមានជំងឺទឹកនោមផ្អែម។ មូលហេតុដែលអ្នកឧស្សាហ៍អស់កម្លាំងល្ហិតល្ហៃ ក៏ព្រោះតែមូលហេតុដូចគ្នាដែលអ្នកឧស្សាហ៍ឃ្លាន គឺដោយសារតែកោសិការបស់អ្នកមិនមានគ្លុយកូសគ្រប់គ្រាន់ដើម្បីប្រើប្រាស់ជាថាមពល។