៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន​



ទន្ទឹម Facebook កំពុង​ផ្ដល់​ភាព​ងាយស្រួល​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​ភ្ជាប់​ទំនាក់ទំនង​គ្នា ទាំង​ទី​ជិត​ទី​ឆ្ងាយ​បាន ក៏​មាន​ផលវិបាក​មួយ​ចំនួន​កើត​ចេញ​ពី​ការ​បង្ហោះ​រឿងរ៉ាវ​ផ្សេងៗ​នៅ​លើ Facebook ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រឿង ៥យ៉ាង​មិន​គួរ​បង្ហោះ​នៅ​លើ Facebook ឡើយ ​ព្រោះ​អាច​នាំ​ទុក្ខ​ដាក់​ខ្លួន​អ្នក៖ ១) អាសយដ្ឋាន​ដែល​លោក​អ្នក​កំពុង​ស្ថិត​នៅ សម្រាប់​មនុស្ស​ដែល​កំពុង​ប៉ុនប៉ង​ធ្វើ​រឿង​មិន​ល្អ ដូច​ជា​លួច ឬ​ប្លន់​លើ​រូប​អ្នក គេ​អាច​តាមដាន​សកម្មភាព​ផ្សេងៗ​របស់​អ្នក​បាន​ច្រើន​វិធី ក្នុង​នោះ Facebook ក៏​អាច​ជា​កន្លែង​មួយ​ដែល​ជន​ទុច្ចរិត​តាមដាន​អ្នក​ផង​ដែរ។ ប្រសិន​លោក​អ្នក​បង្ហោះ​រូបថត​ពី​ទីកន្លែង​កម្សាន្ត ឬ​សកម្មភាព​កំពុង​លេង​កម្សាន្ត​ផ្សេងៗ នោះ​ជន​ល្មើស​អាច​នឹង​កំណត់​ដឹង​ពី​ទីតាំង​របស់​អ្នក​បាន និង​ងាយស្រួល​ធ្វើ​រាល់​សកម្មភាព​ល្មើស​ផ្សេងៗ។ ដូច្នេះ អ្នក​មិន​គួរ​បង្ហោះ​ពី​អាស័យដ្ឋាន ឬ​ទីតាំង​ដែល​អ្នក​ស្ថិត​នៅ​នោះ​ទេ។ ក្នុង​នោះ ព័ត៌មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​អ្នក (Contact and Basic Info) ក៏​គួរ​ដក​ចេញ​ផង​ដែរ ដើម្បី​ជៀសវាង​ជន​ទុច្ចរិត​ស្វែងរក​អាសយដ្ឋាន​របស់​អ្នក​ឃើញ។ ដើម្បី​លុប សូម​ចូល​ទៅ Wall របស់​ខ្លួន​អ្នក រួច​ចុច​លើ​ប៊ូតុង Update Info។ ការ​បង្ហាញ​ចេញ​អាសយដ្ឋាន​មួយ​ទៀត ដែល​អ្នក​មិន​បាន​ចាប់អារម្មណ៍​នោះ គឺ​នៅ​ពេល​អ្នក​ចូលរួម​ព្រឹត្តិការណ៍​នានា (event)។ ប្រសិនបើ​អ្នក​បង្កើត​ event នោះ​អាសយដ្ឋាន ឬ​ទីតាំង (Location) អាច​នឹង​ត្រូវ​បង្ហាញ​ចេញ ដូច្នេះ​មនុស្ស​ទាំងឡាយ​អាច​ដឹង​ថា អ្នក​ទៅ​ទី​ណា​បាន។ ប្រសិន​អ្នក​បង្កើត event លក្ខណៈ​សាធារណៈ (Public) ទៀត នោះ​មនុស្ស​ទាំង​ឡាយ ដែល​មិន​មែន​ជា friend ក៏​អាច​មើល​ឃើញ ហើយ friend របស់​អ្នក​ក៏​អាច​អញ្ជើញ​ភ្ញៀវ​តៗ​គ្នា ពោល​នោះ ​ទីតាំង​អាសយដ្ឋាន​របស់​អ្នក​នឹង​លែង​ជា​ការ​សម្ងាត់ អាច​ត្រូវ​បាន​ក្រុម​ជន​ទុច្ចរិត​ឆ្មក់​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ផ្សេងៗ​បាន។ ២) ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កន្លែង​ការងារ ព្យាយាម​កុំ​ដាក់​ព័ត៌មាន​ផ្សេងៗ​នៅ​លើ Facebook ពាក់ព័ន្ធ​នឹង​ទីកន្លែង​ការងារ​របស់​អ្នក ​ព្រោះ​ជន​ទុច្ចរិត​អាច​ដើរតួ មក​សុំ​ធ្វើ​ជា​បុគ្គលិក​បំពេញ​កិច្ចការ​ជាមួយ​អ្នក​បាន។ ប្រសិនបើ​នរណា​ម្នាក់​នៅ​កន្លែង​ការងារ​របស់​អ្នក ស្វែងរក​មិត្ត​រួម​ការងារ​នៅ​លើ Facebook គេ​ប្រហែល​ជា​អាច​រក​ឃើញ​អ្វី​មួយ​ដែល​គេ​មិន​ពេញ​ចិត្ត។ ដូច្នេះ​ការ​ដែល hacker បំបែក​ប្រព័ន្ធ​សុវត្ថិភាព ជ្រៀតចូល​ក្រុមហ៊ុន​របស់​អ្នក ប្រមូល​យក​ព័ត៌មាន​អំពី​បុគ្គលិក នោះ​គឺ​ជា​រឿង​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ។ ដូច្នេះ​លោក​អ្នក​គួរ​លុប​ចេញ​នូវ​ព័ត៌មាន​ទាក់ទិន​នឹង​ការងារ​របស់​អ្នក​បច្ចុប្បន្ន ហើយ​ត្រូវ​ជ្រើសរើស​ឱ្យ​ម៉ត់ចត់​ថា​តើ​បុគ្គលិក​ការងារ​ណា ជា​មិត្តភ័ក្ដិ​របស់​អ្នក។ ទន្ទឹម​នោះ លោក​អ្នក​ក៏​មិន​គួរ Post រឿងរ៉ាវ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការងារ​របស់​អ្នក និង​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ដែរ ព្រោះ​ចំណុច​អវិជ្ជមាន​ទាំងនេះ មិន​បាន​ជួយ​ជា​ប្រយោជន៍​អ្វី​នោះ​ទេ តែ​បែរជា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​បុគ្គលិក​ការងារ ឬ​ប៉ះពាល់​ដល់​ចៅហ្វាយ​ក៏​ថា​បាន។ ៣) ស្ថានភាព​ទំនាក់ទំនង​ផ្សេងៗ​របស់​អ្នក ការ​បង្ហាញ​ស្ថានភាព​ទំនាក់ទំនង​របស់​អ្នក​ជា​សាធារណ​នៅ​លើ Facebook គឺ​ជា​រឿង​ឆ្គាំឆ្គង​មួយ​ ដែល​អ្នក​មិន​គួរ​ធ្វើ ​ព្រោះ​ចំណង​មិត្តភាព ឬ​ស្នេហា​នោះ​អាច​មាន​ការ​ប្រែប្រួល​មិន​នៅ​ស្ថិតស្ថេរ​នោះ​ឡើយ។ អ្នក​អាច​សប្បាយចិត្ត​ជាមួយ​ចំនួន Like និង commend អបអរ​សាទរ​ពី friend របស់​អ្នក ក្នុង​ការ​ដែល​អ្នក បង្ហោះ​អំពី​ស្ថានភាព​ល្អ​កំពុង​មាន​ទំនាក់ទំនង​ស្វែងរក​គូស្រករ (dating), រៀបការ នៅ​លីវ ឬ post ស្មុគស្មាញ​ជាច្រើន​ទៀត នោះ​នឹង​ធ្វើ​ឱ្យ friend មិន​ត្រឹមតែ​ច្រណែន តែ​ថែមទាំង​អាច​ធុញទ្រាន់ ព្រមទាំង​យល់​ឃើញ​មិន​ល្អ​ចំពោះ​លោក​អ្នក​ទៅ​វិញ។ ការដែល​សំខាន់ នៅ​ពេល​លោក​អ្នក​មាន​ការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​ពី​ល្អ​ទៅ​អាក្រក់ ពី​អាក្រក់​ទៅ​ជា​ល្អ ឬ​ម្ដង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​នេះ ម្ដង​ល្អ​ជាមួយ​អ្នក​នោះ សកម្មភាព​បង្ហោះ​រឿងរ៉ាវ​ច្រំដែល​បែន​នេះ នឹង​ធ្វើឲ្យ friend កើត​ចិត្ត​ស្អប់ ហើយ​យល់​ថា​អ្នក​គ្រាន់តែ​ជា​មនុស្ស​ឥត​ប្រយោជន៍ ឬ​ថោកទាប​ទៅ​វិញ។ ៤) ព័ត៌មាន​ពី​ការ​ចាយវាយ​របស់​អ្នក Facebook គឺ​ផ្ដល់​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​ក៏​មាន​លក្ខខណ្ឌ​ខ្លះ​​ត្រូវការ​ឱ្យ​អ្នក​ប្រើ (user) បញ្ចូល​ព័ត៌មាន​អំពី​កាត​ឥណទាន​ផង​ដែរ។ ជាក់ស្ដែង​ការ​បន្ថែម​ព័ត៌មាន​ហិរញ្ញវត្ថុ ដើម្បី​អាច​ទិញ gift card, ផលិតផល​ផ្សេងៗ ព្រម​ទាំង​ការ​ចាយវាយ​លើ​ការ​ផ្សព្វផ្សាយ (advertisement)។ ដូច្នេះ វិធី​ដ៏​ល្អ​បំផុត ដើម្បី​មាន​សុវត្ថិភាព​ ជៀសវាង​មាន​គេ​លួច​ចាយ​លុយ​ក្នុង​គណនី​របស់​អ្នក អ្នក​គួរតែ​ចាកចេញ​ពី Facebook Profile ឬ Log Out មិន​ថា នៅ​ផ្ទះ កន្លែង​ការងារ​ឬ​កុំព្យូទ័រ​សាធារណ​នោះ​ទេ ពោល​នៅ​ពេល​ឈប់​ប្រើ​គួរ​តែ Log Out ដាច់​ខាត។ មិន​ថា សមាជិក​គ្រួសារ ​មិត្តភ័ក្ដិ ឬ​មនុស្ស​ចម្លែក​នោះ​ទេ គឺ​គេ​អាច​លួច​ចាយ​ប្រាក់​ក្នុង​គណនី​របស់​អ្នក​បាន​ទាំង​អស់​តាម Facebook។ ៥) លេខ​ទូរស័ព្ទ​របស់​អ្នក មុខងារ​សុវត្ថិភាព​ពិសេស​មួយ​ចំនួន​នៅ​លើ Facebook គឺ​មាន​ដូច​ជា Login Notification និង Login approval ជាដើម គឺ​ត្រូវការ​លេខ​ទូរស័ព្ទ​របស់​អ្នក។ ការ​បំពេញ​លេខ​ទូរស័ព្ទ ជា​លក្ខណៈ ដើម (default) គឺ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​មើល​ឃើញ​លេខ​របស់​អ្នក​បាន ទោះបី​អ្នក​មិន​ចង់​ឱ្យ​លេខ​ទូរស័ព្ទ​ទៅ​នរណា​ក៏​ដោយ។ ដូច្នេះ​គេ​អាច​កត់ទុក និង​ព្យាយាម hack គណនី​របស់​អ្នក​បាន​តាមរយៈ​ការ​ស្គាល់​លេខ​ទូរស័ព្ទ​នេះ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សូម​ចូល​ទៅ Profile របស់​អ្នក​ដោយ​ចុច​លើ​ឈ្មោះ​របស់​អ្នក ​ស្ថិត​នៅ​ផ្នែក​កំពូល​នៃ Facebook page។ ចុច​លើ​ប៊ូតុង Update Info ហើយ​ចូល​ទៅ​ត្រង់​ផ្នែក Contact and Basic Info។ នៅ​ត្រង់​ផ្នែក Mobile Phones សូម​ដាក់ mouse ពី​លើ នោះ​អ្នក​នឹង​ឃើញ​មាន​ពាក្យ Edit សូម​ចុច​លើ Edit។ ត្រង់​នេះ សូម​ចុច​លើ icon រូប​មេសោ រួច​ជ្រើសរើស​យក Only Me ដើម្បី​លាក់បាំង​មិន​ឱ្យ​អ្នក​ដទៃ​ឃើញ​ក្រៅពី​ខ្លួន​អ្នក។ រួច​ចុច​លើ​ប៊ូតុង Save Changes។ ម្យ៉ាង​លោក​អ្នក​មួយ​ចំនួន​មាន​ទម្លាប់​ប្រកាស​លេខ​ទូរស័ព្ទ​ថ្មី នៅ​ពេល​ទូរស័ព្ទ​មុន​បាន​បាត់។ ប្រការ​នេះ​ក៏​គួរ​ជៀសវាង​ផង​ដែរ។ ការ​ធ្វើ​ដូច្នេះ មិន​ត្រឹមតែ​ផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់ hacker លួច​គណនី​ទេ តែ​ថែមទាំង​ផ្ដល់​ការ​រំខាន​ទៅ​ថ្ងៃ​ក្រោយ​ព្រោះតែ មាន​គេ​ផ្ញើសារ​ជាច្រើន​មក​រំខាន​អ្នក​ទៅវិញ៕ ដោយ៖ រឹទ្ធិរាជ
X
5s