រកឃើញបាក់តេរីបង្កជំងឺគ្រោះថ្នាក់ដល់ទារក ក្នុងគំរូទឹកដោះគោ Dumex
អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានចេញផ្សាយនៅលើបណ្ដាញសង្គម Facebook របស់ខ្លួនក្នុងគោលបំណងជម្រាបដំណឹងជូនសាធារណៈជន ពាណិជ្ជករនាំចូលអាជីវករលក់ដុំ លក់រាយថា៖ អាជ្ញាធរកសិម្ហូបអាហារ និងបសុពេទ្យប្រទេសសិង្ហបុរី បានជូនដំណឹងអំពីការរកឃើញបាក់តេរី Cronobacter sakazakii នៅក្នុងគំរូផលិតផលម្សៅទឹកដោះគោសម្រាប់ទារក Dumex Mamil Gold Infant Milk Formula-Step1 ដែលមានប្រភពដើមនៅប្រទេសម៉ាឡេសុី និងនាំចូលដោយក្រុមហ៊ុន Danone Dumex។
ក្នុងសេចក្ដីប្រកាសព័ត៌មាននេះដែរបានឱ្យដឹងថា អាជ្ញាធរសិង្ហបុរី បានផ្ដល់ការណែនាំដល់ក្រុមហ៊ុននាំចូលឱ្យប្រមូលត្រលប់មកវិញនូវឡូតិ៍ផលិតផលដែឡមានបញ្ហា និងផ្ដល់ដំបូន្មានដល់អ្នកប្រើប្រាស់ដែលផ្ដល់ជាអាហារដល់ទារក។ បើតាមប្រភពដដែល ការទទួលទានអាហារ ឬទឹកដោះគោដែលមានផ្ទុកនូវបាក់តេរីនេះ បណ្ដាលឱ្យមានជំងឺរលាកពោះវៀនធំ ពោះវៀនតូច រលាកស្រោមខួរក្បាល ។ល។ ហើយទារកដែលមានអាយុតិចជាង ២ខែ (អត្រានៃការស្លាប់មានពី ១០% ទៅ ៨០%) ហើយជនដែលមានប្រព័ន្ធភាពស៊ាំនឹងជំងឺនេះនឹងមានលក្ខណៈទន់ខ្សោយ ពោលគឺជាជនដែលងាយរងគ្រោះបំផុត។ បាក់តេរីគ្រោះថ្នាក់ ខាងលើ មិនត្រូវបានរកឃើញគ្រប់ផលិតផលនោះទេ ពោលគឺនៅ Batch No: 09117R1 ដែលមានកាលបរិច្ឆេទផុតកំណត់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។