ប្រៀបទៅនឹងស្ករសធម្មតា តើស្ករត្នោតរបស់ខ្មែរយើងមានអត្ថប្រយោជន៍ដូចម្ដេចខ្លះ?
ស្ករត្នោតគឺជាផលិតផលរបស់ខ្មែរយើង ហើយវាត្រូវបានគេផលិតចេញពីត្នោត រួចយកទឹកវាទៅកូរនៅក្នុងខ្ទះក្ដៅរហូតដល់វារឹងក្លាយជាស្ករត្នោតដូចដែលអ្នកបានឃើញដាក់លក់នៅលើទីផ្សារ។ អ្វីដែលសំខាន់ ស្ករត្នោតត្រូវបានគេរកឃើញពីអត្ថប្រយោជន៍របស់វានៅពេលប្រៀបទៅនឹងស្ករសធម្មតា។ តើស្ករត្នោតមានអត្ថប្រយោជន៍ដូចម្ដេចខ្លះ ?
ដោយសារតែស្ករត្នោតគឺជាស្ករធម្មជាតិ វាសម្បូរទៅដោយសារធាតុខនិជ និងវីតាមីនមួយចំនួន។ ប្រៀបទៅនឹងស្ករស ស្ករត្នោតត្រូវបានគេរកឃើញថា មានជីវជាតិបំប៉នជាច្រើនយ៉ាងដូចជា ប៉ូតាស្យូម វីតាមីនសេ ម៉ាញេស្យូម ផូស្វ័រ ស័ង្កសី ដែកនិងទង់ដែង ហើយវាក៏មានវីតាមីនបេ និងមានលក្ខណៈជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកទទួលបានបរិមាណជីវជាតិបំប៉នទាំងនេះតិចតួចប៉ុណ្ណោះពីស្ករត្នោតនៅពេលអ្នកប្រើប្រាស់វាជាគ្រឿងផ្សំសម្រាប់ចម្អិនអាហារ។ តែយ៉ាងហោចណាស់ក៏វាមានប្រយោជន៍ល្អជាងស្ករសដែលមិនមានជីវជាតិបំប៉នអ្វីសោះនោះដែរ។ បន្ថែមលើសពីនេះទៅទៀត ស្ករត្នោតក៏មានកម្រិត glycemic indexទាបផងដែរ។ បើស្ករត្នោតមានកម្រិត glycemic indexទាប នោះមានន័យថាវាត្រូវការរយៈពេលវែងជាងដើម្បីឲ្យគ្លុយកូសត្រូវបានស្រូបយកចូលទៅក្នុងឈាម បើប្រៀបទៅនឹងស្ករធម្មតា។
នៅពេលនោះអ្នកនឹងទទួលបានថាមពលសមល្មមជាប់រហូតក្នុងរយៈពេលយូរ ជាជាងទទួលបានថាមពលខ្លាំងហើយស្រាប់តែអស់ថាមពលយ៉ាងរហ័សមកវិញ ដែលនេះអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងយ៉ាងរហ័ស ហើយលំពែងត្រូវបញ្ចេញអាំងស៊ុយលីនច្រើន៕
ដោយ៖ ស្រីពៅ