អនាគត បច្ចេកវិទ្យា​ នឹង​ដណ្ដើម​ការងារ​ ចុះ​​មនុស្ស​ត្រូវ​ធ្វើ​ដូចម្ដេច?​



ការងារ​ស្ទើរ​គ្រប់​វិស័យ ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​នា​បច្ចុប្បន្ន ត្រូវ​បាន​កាត់​បន្ថយ​កម្លាំង​មនុស្ស ​ជំនួស​​មក​វិញ​ដោយ​បច្ចេកវិទ្យា។ តួយ៉ាង​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ មេ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា លោក Bill Gates ស្ថាបនិក Microsoft លោក Elon Musk ស្ថាបនិក​ Tesla លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោក និងបុគ្គល​សំខាន់ៗ​ជាច្រើន​ផ្សេង​ទៀត បាន​សម្ដែង​ក្ដី​បារម្ភ​ជា​ខ្លាំង​ថា មនុស្ស​អាច​នឹង​បាត់​បង់​ការងារនាពេលអនាគត។

បុគ្គលទាំងនេះ បាន​ទទួល​ស្គាល់​ថា បច្ចេកវិទ្យាបាន​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន ដូចជា ការបង្កើន​ផលិតភាព​ការងារ និង​ការ​បង្កើន​ស្តង់ដារ​នៃ​ការរស់នៅ​ជាដើម ក្នុង​ពេល​បច្ចុប្បន្ន និង​កាន់​តែ​ប្រសើរ​នាពេល​អនាគាត ហើយ​ក៏​គ្មាន​អ្វី​អាច​បញ្ឈប់បច្ចេកវិទ្យា មិន​​ឱ្យ​កើត​មាន​បានដែរ។ ក្នុង​របាយការណ៍​អភិវឌ្ឍន៍​ពិភពលោក​​ប្រចាំ​​ឆ្នាំ ​២០១៩​ ស្ដី​អំពី “ការ​ផ្លាស់ប្ដូរ​​របៀប​នៃ​ការងារ" ចុះផ្សាយដោយធនាគារពិភពលោក ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ ​២០១៨ លោក Jim Yong Kim ប្រធាន World Bank បាន​ប្រាប់​​ថា របៀប​នៃ​ការ​ធ្វើការ ​មិន​ត្រឹម​តែ​​ផ្លាស់ប្ដូរ​ទេ ថែម​ទាំង​ផ្លាស់​ប្ដូរ​លឿន​ទៀត​ផង។

លោក​​មិន​ដឹង​ការងារ​អ្វី​ទេ ដែល​ក្មេងៗ​​ជំនាន់​ក្រោយ នឹង​ត្រូវ​ប្រជែង ពី​ព្រោះ​ការងារ​ទាំង​នោះ​ មិន​ទាន់​កើត​មាន​នៅ​ឡើយ។ លោក Jim Yong Kim ថា៖ "បញ្ហា​ប្រឈម​ដ៏​អស្ចារ្យ គឺ​បំពាក់​បំប៉ន​ពួកគេ​នៅ​ជំនាញ នោះ​ពួកគេ​​នឹង​មិន​ខ្លាច នៃការ​ប្រែប្រួល​ការងារ​ក្នុង​ថ្ងៃ​អនាគត​​ឡើយ"។ ជំនាញ​ដែល​លោក Kim បាន​លើក​ឡើង គឹ​ជំនាញ​ដោះស្រាយ​បញ្ហា ជំនាញ​គិត (Criticle Thinking) និង​ជំនាញ​ទំនាក់ទំនង មាន​ដូចជា ចិត្តសាស្ត្រ​ និង​កិច្ច​សហប្រតិបត្តិការ។ ដើម្បី​ធ្វើ​ទៅ​បាន ថា​តើ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ​វិនិយោគ​​ជំនាញ​ទាំង​នេះ ​លើ​ប្រជាជន​របស់​ពួកគេ​យ៉ាងដូចម្ដេច ហើយ​លោក​សង្ឃឹម​​ថា អ្វី​បាន​លើកឡើង នឹង​ជួយ​រដ្ឋាភិបាល​រៀបចំពលរដ្ឋ​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​​ជួយ​អនាគត​សេដ្ឋកិច្ច​ប្រទេស​។

របាយការណ៍​អភិវឌ្ឍន៍​ពិភពលោក​​ប្រចាំ​​ឆ្នាំ​២០១៩ ស្ដី​អំពី “ការ​ផ្លាស់ប្ដូរ​​របៀប​នៃ​ការងារ" បាន​ឱ្យ​ដឹង​ដែរ​ថា បើ​ទោះ​បច្ចេកវិទ្យា​ជួយ​ការងារ​បាន​ច្រើន ក្នុង​​យុគសម័យ​ថ្មី​នេះ​ក៏ដោយ ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ប្រាក់​ចំណូល និង​កង្វះ​ការ​ការពារ​សង្គម។ អ្វី​ជា​​ការ​ការពារ​សង្គម? ការ​ការពារ​សង្គម ជា​ការ​ព្រួយ​បារម្ភ ​ចំពោះ​ការ​ទប់ស្កាត់​ ការគ្រប់គ្រង​ និង​ការ​ជំនះ​ស្ថានភាព ដែល​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ ទៅ​លើ​សុខុមាលភាព​របស់​ប្រជាជន។

វា​មាន​បូក​បញ្ចូល​គោលនយោបាយ និង​កម្មវិធី​នានា ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​​ភាព​ងាយ​រងគ្រោះ​តាម​រយៈ​ការ​លើក​កម្ពស់​ទីផ្សារ​ការងារ ប្រកប​ដោយ​ប្រសិទ្ធភាព​ កាត់​បន្ថយ​ហានិភ័យ​របស់​ប្រជាជន និង​បង្កើន​សមត្ថភាព​របស់​ពួកគេ ក្នុង​ការ​គ្រប់គ្រង ហានិភ័យ​សេដ្ឋកិច្ច និង​សង្គម​ ដូចជា ភាព​អត់​ការងារ​ធ្វើ​ ជំងឺ ពិការភាព និង​ភាព​ចាស់ជរា។

របាយការណ៍ដដែលបន្តថា មនុស្ស ៤ នាក់​ក្នុង​ចំណោម ៥​នាក់ នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​​មិន​ដឹង​អ្វី​ជា ការ​ការពារ​សង្គម​ទេ។ មនុស្ស​ ២​ លាន​នាក់ ធ្វើ​ការ​ក្នុង​​វិស័យ​​មិន​ផ្លូវការ គ្មាន​ស្ថិរភាព​ប្រាក់ចំណូល​ការងារ គ្មាន​សុខុមាលភាព​សង្គម​ ឬ​គ្មាន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អប់រំ៕  

ដោយ៖ សុវណ្ណមុនីលីតា

X
5s