មហាសេដ្ឋី Jack Ma គ្រោងបើកវិទ្យាស្ថានបច្ចេកវិទ្យានៅឥណ្ឌូណេស៊ី
លោក Jack Ma ស្ថាបនិកក្រុមហ៊ុនលក់ទំនិញ Oline យក្សចិន Alibaba បានឱ្យដឹង
កាលពីថ្ងៃសៅរ៍ ថា លោកនឹងបើកវិទ្យាស្ថានបច្ចេកវិទ្យានៅប្រទេសឥណ្ឌូណេស៊ី កន្លែងដែលលោកធ្វើជាទីប្រឹក្សារដ្ឋាភិបាលលើផ្នែក e-commerce ដើម្បីបណ្ដុះបណ្ដាលសហគ្រិនបច្ចេកវិទ្យា។ បើតាមការចុះផ្សាយរបស់ Reuters មហាសេដ្ឋី Jack Ma មិនបាននិយាយថា ពេលណាវិទ្យាស្ថានរបស់លោកដំណើរការទេ ដោយគ្រាន់តែលើកឡើង លោកមានគោលបំណងបង្រៀនអ្នកដឹកនាំបច្ចេកវិទ្យាឱ្យបាន ១០០០ នាក់ក្នុងមួយឆ្នាំនៅ១០ឆ្នាំក្រោយ។ “ពួកយើងផ្ដល់ឧកាសច្រើនសម្រាប់យុវជនឥណ្ឌូណេស៊ី ដើម្បីរៀន"។ លោក Jack Ma បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែលរៀបចំដោយឥណ្ឌូណេស៊ី។ មេក្រុមហ៊ុន e-commerce ដ៏ធំរបស់ចិនបន្តថា វាមានសារសំខាន់ណាស់សម្រាប់ឥណ្ឌូណេស៊ី ក្នុងការវិនិយោគលើមូលធនមនុស្ស។ "ពេលមនុស្សរីកចម្រើន ពេលគំនិតមនុស្សផ្លាស់ប្ដូរ ពេលជំនាញមនុស្សរីកចម្រើន ពេលនោះហើយយើងអាចឈានជើងចូលក្នុងយុគសម័យឌីជីថល"។ លោក jack Ma បន្ថែម។ លោកថា ឥណ្ឌូណេស៊ី ខ្វះខាតវិស្វករក្នុងវិស័យបច្ចេកវិទ្យា ដូចនេះវិទ្យាស្ថាន នឹងបង្រៀនអ្នកអភិវឌ្ឍន៍ និងវិស្វករផ្នែក Cloud Computing រាប់រយអ្នកដើម្បីជួយពាណិជ្ជកម្មឌីជីថលឥណ្ឌូណេស៊ី។ តាមការវាយតម្លៃទីផ្សារ e-commerce របស់ឥណ្ឌូណេស៊ី នឹងកើនឡើងយ៉ាងហោចណាស់ ៥៥ ពាន់លានដុល្លារ នៅឆ្នាំ២០២២ ពី ៨ ពាន់លានដុល្លារឆ្នាំ២០១៧៕
ដោយ៖ សុវណ្ណមុនីលីតា