មហាសេដ្ឋី Jack Ma ៖ យើងមិនបង្រៀនមនុស្សពីរបៀបជោគជ័យនោះទេ
ថ្មីៗនេះលោក Jack Ma បានប្រកាស លោកនឹងបើកវិទ្យាស្ថានបច្ចេកវិទ្យាសហគ្រិន ក្នុងប្រទេសឥណ្ឌូណេស៊ី។ ជុំវិញរឿងនេះ មនុស្សជាច្រើនបានចោទសួរថា តើលោកនឹងបង្រៀនអ្វី ដល់យុវជនប្រទេសដែលមានទំហំ GDP ចំនួន ៩៣២,២៦ ពាន់លានដុល្លារ ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ?
ទីប្រឹក្សា e-commerce រដ្ឋាភិបាលឥណ្ឌូណេស៊ីរូបនេះ នឹងបង្រៀនមេរៀន បច្ចេកវិទ្យា Inpire ជាច្រើន។ នេះបើយោងតាមគេហទំព័រ Cnbc ចុះផ្សាយប៉ុន្មានម៉ោងមុននេះ។ ក្នុងនោះលោកក៏បានផ្ដល់ទ្រឹស្ដី ៣ ឃ្លា ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង។
លោកថា "កុំរៀនដើម្បីតែជោគជ័យ"។ បើទោះក្រុមហ៊ុន Alibaba ទទួលបានជោគជ័យ ប៉ុន្តែ "ភាពជោគជ័យ" មិនមែនជាអ្វីដែលលោក ចង់ចែករំលែកឡើយ។ លោកថា៖ "យើងនឹងមិនបង្រៀនមនុស្សថា ធ្វើយ៉ាងម៉េចឱ្យជោគជ័យនោះទេ។ សាកលវិទ្យាល័យ Harvard និង Yale បង្រៀនមនុស្ស ពីរបៀបទទួលបានជោគជ័យ ...ពេលមនុស្សរៀនតែរឿងជោគជ័យច្រើនពេក នាំឲ្យពួកគេយល់ថា ពួកគេអាចជោគជ័យបានយ៉ាងស្រួល"។
យ៉ាងណាមិញអ្វីដែលលោកចង់បង្រៀនមនុស្សទូទៅនោះគឺ បៀបយកឈ្នះលើឧបសគ្គ និងការប្រឈមមុខផ្សេងៗដើម្បីឱ្យពួកគេត្រៀមខ្លួនសម្រាប់ជីវិតសហគ្រិនដ៏លំបាក។ "យើងចង់ចែករំលែកជាមួយពួកគេថា តើអ្វីជាកំហុស ដែលយើងបានធ្វើ។ វាជាកំហុសឆ្គង និងមេរៀន ដែលយើងត្រូវរៀន ដើម្បីអភិវឌ្ឍន៍ខ្លួន"។
ទ្រឹស្ដីទី ២ នោះគឺ "កុំរង់ចាំឱ្យសង្គមត្រៀមខ្លួន"។ ជាធម្មតាមនុស្ស មិនធ្វើតាមគំនិតរបស់ពួកគេទេ ព្រោះពួកគេគិតថា សង្គមមិនត្រៀមខ្លួនរួចរាល់សម្រាប់អ្វី ដែលពួកគេបានគិតក្នុងចិត្ត។ លោក Ma និយាយថា៖ "ប្រសិនបើអ្វីៗគ្រប់យ៉ាងរួចរាល់នោះ អ្នកគ្មានតម្លៃទេ"។ វាជាមេរៀនដែល លោក Jack Ma ចាំមិនភ្លេច។ ពេលលោកបង្កើតក្រុមហ៊ុន Alibaba ឆ្នាំ ១៩៩៩ មនុស្សតិចតួចប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ក្នុងការទិញ និងលក់ទំនិញអនឡាញ។ បច្ចុប្បន្នក្រុមហ៊ុននេះ បានក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនៅលើពិភពលោក។ នេះមានន័យថា បើទោះគ្មានមនុស្សច្រើន ប្រើប្រាស់អ៊ីនធឺណិត ក៏លោកនៅតែបន្តដំណើរការ Alibaba ដដែល។
ទ្រឹស្ដីទី ៣ គឺ "ជីវិតមិនងាយស្រួលឡើយ"។ សហគ្រិនគួរតែទទួលយកពាក្យ "ច្រានចោល"។ លោកថា ការរៀនដោះស្រាយ ពាក្យ "ច្រានចោល" ធ្វើឱ្យមនុស្សក្លាហាន។ ការណ៍ដែលមិនចេះភ័យខ្លាច ក៏ធ្វើឱ្យមនុស្សមានសុទិដ្ឋិនិយម និងជួយឱ្យពួកគេ ពេលជីវិតប្រែប្រួលលំបាក។ លោក Ma បានរៀបរាប់រឿងរបស់ខ្លួន អំពីការណ៍ដែលលោក ត្រូវបានបដិសេធ មិនឱ្យធ្វើការនៅហាងអាហារសម្រន់ KFC ។ តើមនុស្សម្នាក់បង្កើតភាពក្លាហានយ៉ាងដូចម្តេច? មនុស្សត្រូវមានការផ្លាស់ប្តូរផ្នត់គំនិត។ នេះបើយោងតាមលោក Jack Ma ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ "ក្នុងនាមជាអ្នកលក់ អ្នកចេញទៅលក់អ្វីមួយ អ្នកគួរតែប្រាប់ខ្លួនអ្នកថា ថ្ងៃនេះខ្ញុំទៅដល់អតិថិជន ១០ នាក់ ពួកគេទាំងអស់គ្នានិយាយថា "ទេ" គឺជារឿងធម្មតា។ ប្រសិនបើអ្នកលក់ទៅឱ្យម្នាក់ ក្នុងចំណោមអ្នកទាំងនោះ អ្នកគួរតែសប្បាយចិត្ត"៕
ដោយ៖ សុវណ្ណមុនីលីតា