ការស្រាវជ្រាវរកឃើញថា ការមិនហាត់ប្រាណពិតជាប៉ះពាល់សុខភាពជាងការជក់បារីទៅទៀត!
ការហាត់ប្រាណពិតជារឿងមួយសំខាន់ណាស់សម្រាប់សុខភាព។ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ក្នុងចំណោម ១០០ នាក់ដែលយកចិត្តទុកដាក់ហាត់ប្រាណនោះ? ចម្លើយប្រហែលមិនច្រើនទេ។ តើនេះមូលហេតុអ្វី? បើសិនជាចម្លើយរបស់អ្នកគឺថា ដោយសារតែអ្នកគ្មានពេលនោះ អ្នកគួរចំណាយពេលបន្តិចដើម្បីអានអត្ថបទមួយនេះ។
១.តើការមិនហាត់ប្រាណ ប៉ះពាល់សុខភាពជាងការជក់បារីទៅទៀតមែនទេ?
យោងតាមការស្រាវជ្រាវរបស់មន្ទីរព្យាបាលCleveland Clinic Foundation នៅរដ្ឋ Ohio របស់អាមេរិក បានសិក្សាលើអ្នកចូលចិត្តហាត់ប្រាណវ័យជំទង់ ១២២ ០០៧ នាក់ចាប់តាំងពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០១៤។ ជាលទ្ធផលបានបង្ហាញថា អ្នកហាត់ប្រាណ មានអត្រាស្លាប់ទាបជាងអ្នកមិនហាត់ប្រាណ។ ក្រៅពីនេះមន្ទីរព្យាបាលនេះ បានរកឃើញថា អ្នកមិនហាត់ប្រាណទទួលរងផលប៉ះពាល់សុខភាពខ្លាំងជាងអ្នកជក់បារីទៅទៀត ឬ បង្កឲ្យកើតជំងឺសរសៃឈាមបេះដូង និង កើតជំងឺទឹកនោមផ្អែមជាដើម។
២.តើការហាត់ប្រាណ ទាមទារអ្នកអនុវត្តតាមក្បួនខ្នាតឲ្យបានល្អបំផុតឬយ៉ាងណា?
ក្នុងសៀវភៅមួយមានចំណងជើងថា Small Habits, Big Changes អ្នកនិពន្ធ Steven Handel បានលើកឡើងថា ការហាត់ប្រាណដើម្បីសុខភាព មិនទាមទារឲ្យអ្នករៀនអនុវត្តតាមក្បួនខ្នាតហាត់ប្រាណឲ្យបានត្រឹមត្រូវរហូតដល់ទៅរាប់ម៉ោង ដូចអ្នកជំនាញនោះឡើយ។ អ្នកនិពន្ធរូបនេះបានបន្តទៀតថា ការហាត់ប្រាណបន្តិចបន្តួច គឺប្រសើរជាងការមិនហាត់ប្រាណឆ្ងាយច្រើនណាស់។ គ្រាន់តែអ្នកលើកដៃលើកជើង ដើរ ឬ លេងបាល់ ៥ ឬ ១០ នាទីជារៀងរាល់ថ្ងៃក៏វាបានរួមចំណែកធ្វើឲ្យអ្នកកាត់បន្ថយជំងឺផ្សេងៗបានច្រើនដែរ។
៣.តើការហាត់ប្រាណត្រឹមត្រូវ ទទួលបានផលប្រយោជន៍អ្វីខ្លះ?
យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Michigan អ្នកដែលហាត់ប្រាណបានតិចតួច ប្រឈមមុខនឹងការស្លាប់មុនអាយុក្នុងអត្រា ៥០% បើប្រៀបធៀបទៅនឹងអ្នកបានហាត់ប្រាណត្រឹមត្រូវល្អតាមការណែនាំរបស់អ្នកជំនាញ។ យ៉ាងណាមិញ នេះមិនមែនមានន័យថា អ្នកត្រូវទៅជីម (Gym) ឬ ចូលក្លឹបហាត់ប្រាណរាល់ថ្ងៃនោះទេ។ គ្រាន់តែអ្នកធ្វើសកម្មភាពមួយចំនួនដូចជា លើកទម្ងន់ អាវ៉ង់ ដើរ ឬ រត់ឲ្យបាន ២០ នាទីជារៀងរាល់ថ្ងៃ អ្នកនឹងឃើញរាងកាយអ្នកមានការប្រែប្រួលបន្តិចនៅក្នុងរយៈពេល៤សប្តាហ៍ដំបូង៕
ដោយ៖ សូរ៉ាន់ដារ