អ្វីទៅគឺជាឧស្សាហកម្ម ៤.០ (Industry 4.០)?
អ្នកកំពុងតែស្ថិតក្នុងការផ្លាស់ប្ដូរដ៏សំខាន់ពាក់ពន្ធនឹងវិធីផលិតផលិតផលក្នុងបច្ចេកវិទ្យាឌីជីថល។ នេះគឺជាការផ្លាស់ប្ដូរដ៏គួរឲ្យមានការយកចិត្តទុកដាក់ ដែលគេហៅថា ឧសហកម្ម ៤.០ (Industry 4.0) ដែលបង្ហាញពីបដិវត្តន៍ជំនាន់ទី៤ ដែលកើតឡើងក្នុងសង្វាក់ផលិតកម្ម។ ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី១ដែលនិយាយអំពីការយន្តកម្មដំណើរការដោយចំហាយទឹក ទៅកាន់ការប្រើប្រាស់អគ្គីសនីក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី២។ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤នឹងជំនួសឲ្យបដិវត្តឧស្សាហកកម្មជំនាន់ទី៣ ដែលប្រើប្រាស់កុំព្យូរទ័រនិងម៉ាស៊ីនស្វ័យប្រវត្តិ ទៅជាការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនឆ្លាតវៃស្វ័យប្រវត្តិ។
ឧស្សាហកម្ម ៤.០ នឹងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់កុំព្យូទ័រក្នុងឧស្សាហកម្ម ៣.០
នៅពេលដែលកុំព្យូទ័រត្រូវបានបង្ហាញវត្តមាននៅក្នុងឧស្សាហកម្ម ៣.០ គឺជាការបន្ថែមនូវបច្ចេកវិទ្យាថ្មីស្ទើរតែទាំងស្រុងនាពេលនោះ។ បច្ចុប្បន្ននេះ និងក្នុងពេលអនាគត នៅពេលដែលឧស្សាហកម្ម ៤.០ បង្ហាញខ្លួន កុំព្យូទ័រត្រូវភ្ជាប់គ្នានិងទំនាក់ទំនងគ្នាទៅវិញទៅមកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការសម្រេចចិត្តដោយមិនមានការចូលរួមពីមនុស្ស។ ការបញ្ចូលគ្នារវាងប្រព័ន្ធដែលគ្រប់គ្រងដោយកុំព្យូទ័រ (cyber-physical systems) និងការភ្ជាប់ទំនាក់ទំនងដើម្បីបញ្ចូន ប្រមូលទិន្នន័យ និងផ្លាស់ប្ដូរទិន្នន័យ (Internet of Things) និងប្រព័ន្ធអិនធឺណេត (Internet of Systems) បង្កើតឲ្យបាននូវឧស្សាហកម្ម៤.០។ ដោយសារតែបច្ចេកវិទ្យាឆ្លាតវៃធ្វើឲ្យកាន់តែបង្កឲ្យមានភាពងាយស្រួលនិងភាពឆ្លាតវៃ ការផលិតកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងសន្សំសំចៃខ្ពស់ជាងមុន។ វាគឺជាបណ្ដាញនៃម៉ាស៊ីនដែលតភ្ជាប់គ្នាតាមប្រពន្ធឌីជីថលពីមួយទៅមួយ ដើម្បីបង្កើតនឹងចែករំលែកព័ត៌មាន ដែលនេះគឺជាលទ្ធផលនៃឧស្សាហកម្ម ៤.០។
មុខងាររបស់ឧស្សាហកម្ម៤.០
ខណៈក្រុមហ៊ុនមួយចំនួនមិនសូវចាប់អារម្មណ៍អំពីឥទ្ធិពលនៃឧស្សាហកម្ម៤.០ដែលអាចជះឥទ្ធិពលដល់អាជីវកម្មរបស់ពួកគេ ក្រុមហ៊ុនមួយចំនួនកំពុងតែអនុវត្តនូវការផ្លាស់ប្ដូរក្នុងថ្ងៃនេះ និងរៀបចំខ្លួនដើម្បីអនាគតដែលម៉ាស៊ីនឆ្លាតវៃអាចធ្វើឲ្យអាជីវកម្មពួកគេរីកចម្រើន។ ខាងក្រោមនេះគឺជាមុខងារមួយចំនួនរបស់ឧស្សាហកម្ម ៤.០ ដែលដកស្រង់ពីគេហទំព័រ forbes.com៖
១) កំណត់ឱកាស៖ ដោយសារតែម៉ាស៊ីនអាចប្រមូលទិន្នន័យបានយ៉ាងច្រើនដែលអាចមានឥទ្ធិពលទៅលើការថែទាំ ដំណើរការ និងការដោះស្រាយបញ្ហានានា និងវិភាគទិន្នន័យនោះដើម្បីកំណត់រូបរាង និងទស្សនៈដែលមនុស្សមិនអាចធ្វើបាន ឧស្សាហកម្ម៤.០ផ្ដល់នូវឱកាសទៅដល់អ្នកផលិតករដើម្បីបង្កើនដំណើរការផលិតបានលឿន ឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយតាមរយៈការដឹងអំពីអ្វីដែលត្រូវការការយកចិត្តទុកដាក់។ តាមរយៈការប្រើប្រាស់ឧបករណ៍តាមដានការប្រែប្រួល (Sensors) ក្នុងគ្រឿងបរិក្ខារបស់ខ្លួន ក្រុមហ៊ុនជីករកត្បូងរបស់ប្រទេសអាហ្រិកមួយអាចកំណត់សម្គាល់នូវបញ្ហាកម្រិតអុកស៊ីសែនកំឡុងពេលចម្រោះរ៉ែ។ បន្ទាប់ពីធ្វើការជួលជុលរួចហើយ ក្រុមហ៊ុនអាចបង្កើនផលិតផលបាន ៣.៧% ដែលអាចជួយសន្សំសំចៃបាន ២០លានដុល្លារជាប្រចាំឆ្នាំ។
២) មនុស្សយន្ត (Robot)៖ មនុស្សយន្ត (រ៉ូបូត)កាន់តែមានតម្លៃសមល្មមដែលក្រុមហ៊ុនមួយចំនួនអាចទិញយកទៅប្រើប្រាស់បាន។ រូប៉ូតដឹកជញ្ចូនទំនិញពីឃ្លាំង និងរៀបចំដើម្បីឲ្យរួចរាល់ដើម្បីដឹកចេញ។ រូប៉ូតអាចជួយទៅដល់ការផលិតកាន់តែលឿននិងមានសុវត្តិភាព។ រូប៉ូតត្រូវបានគេប្រើប្រាស់ដើម្បីដឹកជញ្ជូនទំនិញពីឃ្លាំងស្ដុករបស់ក្រុមហ៊ុនអាម៉ាហ្សូន ដែលវាអាចជួយកាត់បន្ថយថ្លៃនិងធ្វើឲ្យមានកន្លែងស្ដុកទំនិញកាន់តែល្អសម្រាប់ចែកចាយ។
៣) បង្កើនការដឹកជញ្ជូននិងការផ្គត់ផ្គង់៖ សង្វាក់ផ្គត់ផ្គង់ដែលភ្ជាប់គ្នាអាចផ្លាស់ប្ដូរ កែប្រែនិងផ្គត់ផ្គង់នៅពេលដែលព័ត៌មានថ្មីៗបានបង្ហាញ។ ប្រសិនបើអាកាសធាតុពន្យារារាំងការដឹកជញ្ជូន បណ្ដាញដែលមានភ្ជាប់គ្នានោះអាចផ្លាស់ប្ដូរទៅតាមស្ថានការណ៍ពិតនិងកែប្រែឬផ្លាស់ប្ដូរការផលិត។
៤) ការព្រីន ៣D (3D Printing)៖ បច្ចេកវិទ្យាបានបង្កើនជួយបង្កើននិងបង្កភាពងាយស្រួលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសតវត្យកន្លងមកនេះ ហើយបានអភិវឌ្ឍពីការព្រីនក្រដាសធម្មតាទៅជាការព្រីនផលិតផលពិតៗ។ ការរីកចម្រើននៃការប្រើប្រាស់ការផលិតបន្ថែមបានបើកផ្លូវទៅដល់ការផលិតកាន់តែច្រើនសម្បូរបែបតាមរយៈការព្រីនរូប 3D។
៥) ការភ្ជាប់ទំនាក់ទំនងដើម្បីបញ្ចូន ប្រមូលទិន្នន័យ និងផ្លាស់ប្ដូរទិន្នន័យ ឬមុខងារអ៊ីនធឺណិតសម្បូរបែប(Internet of Things) និងកន្លែងរក្សាទុកទិន្នន័យ (Cloud)៖ ធាតុផ្សំដ៏សំខាន់មួយនៃឧស្សាហកម្ម៤.០គឺការបញ្ចូន ប្រមូលទិន្នន័យ និងផ្លាស់ប្ដូរទិន្នន័យ ឬដែលគេហៅថា Internet of Things ដែលវាត្រូវបានកំណត់តួនាទីដោយឧបករណ៍ដែលចងភ្ជាប់គ្នា។ វាមិនត្រឹមតែជួយទៅដល់ការប្រតិបត្តិការណ៍នៅក្នុងនោះទេ តែថែមទាំងការប្រើប្រាស់ពពកដើម្បីផ្ទុកទិន្នន័យថែមទៀតផង។ ដំណើរការនិងសម្ភារៈបរិក្ខាត្រូវបានជួយបង្កើនដោយការបង្កើននូវការដឹងអំពីអ្នកដទៃដែលប្រើប្រាស់សម្ភារៈបរិក្ខាដូចគ្នា និងអាចធ្វើឲ្យសហគ្រាសធុនតូចអាចប្រើប្រាស់នូវបច្ចេវិទ្យា។ ខណៈពេលដែលឧស្សាហកម្ម៤.០កំពុងតែវិវត្តទៅមុខ អ្នកប្រហែលជាមិនអាចដឹងអំពីរូបភាពពេញលេញនៅឡើយនោះទេ ទាល់តែអ្នកក្រលែកមើលទៅ៣០ឆ្នាំទៅមុខទៀតថាក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យានឹងដឹងអំពីសក្ដានុពលរបស់ឧស្សាហកម្ម៤.០ខ្លាំងយ៉ាងណា៕
ដោយ៖ លង់ វណ្ណៈ