អ្នកញ៉ាំភេសជ្ជៈ​គ្មានជាតិស្ករ ប្រឈមនឹងជំងឺច្រើនមុខ ជាងអ្នកញ៉ាំភេសជ្ជៈ​មានជាតិស្ករ​



សារធាតុផ្អែមសប្បនិម្មិត គឺជាគ្រឿងផ្សំដ៏សំខាន់ដែលគេប្រើក្នុងទឹកក្រូច ឬភេសជ្ជៈ​គ្មានជាតិស្ករ ​ភាសា​អង់គ្លេស​ហៅថា Diet Soda។ ​យោងតាមការសិក្សា​ស្រាវជ្រាវ សារធាតុផ្អែមសប្បនិម្មិត ដែលមានក្នុងភេសជ្ជៈគ្មានជាតិស្ករ គឺ​អាចបណ្តាលឲ្យសុខភាព និងរាងកាយមនុស្ស ប្រឈមមុខនឹងបញ្ហាមួយចំនួន ។

យោងតាមការសិក្សាមួយ ចេញផ្សាយដោយ​សារព័ត៌មាន Business Insider អំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ភេសជ្ជៈប្រភេទថ្មីមួយ ត្រូវគេដាក់ចេញលក់លើទីផ្សារ។ វាគ្មានរូបរាង​ ពណ៌ រស់ជាតិ ​ប៉ុន្តែគ្រាន់តែក្នុងភេសជ្ជៈថ្មីនេះ គឺមិនត្រូវគេប្រើប្រាស់ជាតិស្ករនោះឡើយ ដោយជំនួសមកវិញនូវសារធាតុផ្អែមសប្បនិម្មិត ហើយត្រូវអ្នកនិយមទទួលទាន​ភេសជ្ជៈរស់ជាតិផ្អែម សរសើរនឹងគាំទ្រជាខ្លាំង។ ជាមួយនឹង​កាឡូរីបន្តិចបន្តួច និងគ្មានជាតិស្ករ ក្រុមហ៊ុនទឹកក្រូចគ្មានជាតិស្ករ ធ្លាប់សន្យាជាមួយអតិថិជនរបស់ខ្លួនថា នឹងធ្វើឲ្យពួកគេមានសុខភាពប្រសើរជាងទទួលទានទឹកក្រូចធម្មតា ប៉ុន្តែដូចគ្នាទៅនឹងការសន្យាទាំងឡាយក្នុងជីវិតមនុស្សគឺ ស្តាប់ពិរោះ ប៉ុន្តែការពិតប្រហែលជាមិនដូច្នេះនោះដែរ។

រហូតមកទល់នឹងសព្វថ្ងៃ គ្រប់យ៉ាងដែលមនុស្ស​ទទួលទាន ​សុទ្ធតែមានផ្ទុកសារធាតុកាឡូរី។ ពេលមនុស្សទទួលទានរបស់ផ្អែម ​ខួរក្បាលនឹងបញ្ជូនសញ្ញាទៅលំពែង ហើយចាប់ផ្តើមផលិតអាំងស៊ុយលីន ដែលរក្សាទុកម៉ូលេគុលស្ករ នៅក្នុងកោសិការបស់មនុស្សសម្រាប់បង្កើតថាមពល។ ប៉ុន្តែពេលមនុស្សទទួលទានទឹកក្រូចគ្មានជាស្ករ បើទោះជាធ្វើឲ្យ​មានអារម្មណ៍ថាផ្អែម ដូចជាទឹកក្រូចធម្មតាក៏ពិតមែន ប៉ុន្តែសារធាតុបង្កើតថាមពល និងសារធាតុអាំងស៊ុយលី សម្រាប់រាងកាយមនុស្ស គឺគ្មាននោះឡើយ។

តាមការសិក្សាម្តងហើយម្តងទៀត ការទទួលទាន​ទឹកក្រូចគ្មានជាតិស្ករជាប្រចាំ បង្កឲ្យមានជំងឺម្យ៉ាងឈ្មោះថា ម៉េតាប៉ូលីស។ ជំងឺនេះធ្វើឲ្យសុខភាពរបស់មនុស្សប្រឈមបញ្ហាមួយចំនួន មានដូចជា សម្ពាធឈាមឡើងខ្ពស់ កើនសារធាតុស្ករក្នុងឈាម ឡើងទំងន់ ដែលសុទ្ធសឹងជាហានិភ័យ នៃ​ជំងឺទឹកនោមផ្អែម ជំងឺដាច់បេះដូង និងជម្ងឺដាច់សរសែរឈាមខួរក្បាលជាដើម។ លើសពីនេះ ការសិក្សាមួយទៀតបង្ហា្ថញថា អ្នកនិយមទទួលទានទឹកក្រូចគ្មានជាតិស្ករ គឺប្រឈមមុខខ្ពស់ជាមួយជំងឺដាច់សរសៃរឈាមខួរក្បាល និងជំងឺរង្វេង ជាងការទទួលទានទឹកក្រូចមានជាតិស្ករធម្មតា។ សម្រាប់ការសិក្សា​ស្រាវជ្រាវមួយទៀត ធ្វើឡើងរយៈពេល៨ឆ្នាំ ចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៨៨ រកឃើញដែរថា អ្នកទទួលទាន​ទឹកក្រូច គ្មានជាតិស្ការជាមធ្យម ២១ កំពុងក្នុងមួយសប្តាហ៍ ប្រឈមមុខទ្វេរដងជាមួយបញ្ហា​ឡើងទំងន់ បើធៀបទៅនឹងអ្នកមិនទទួលទានទឹកក្រូចគ្មានជាតិស្ករ។

មួយវិញទៀត ការទទួលទានទឹកក្រូចគ្មានជាតិស្ករអំឡុងពេលទទួលទានអាហារ អាចបង្កើនរស់ជាតិឆ្ងាញ់នៃអាហារក៏ពិតមែន ប៉ុន្តែវាក៏អាចជាពេលវេលាអាក្រក់បំផុត សម្រាប់អ្នកនិយមភេសជ្ជៈប្រភេទនេះ ព្រោះថា កាឡូរីក្លែងក្លាយ ​ នឹងរំខានដល់ការរំលាយកាឡូរីក្នុងរាងកាយ នាំឲ្យរាង​កាយ​​ស្តុកទុកសារធាតុខ្លាំងលើកម្រិតបណ្តាលឲ្យឡើងទំងន់។ កត្តាទាំងនេះ ជាហេតុផលតែមួយគត់ សម្រាប់អ្នកចង់សម្រក់ទំងន់ គប្បីឈប់ទទួលទាន​ភេសជ្ជៈប្រភេទនេះ ដោយងាកមកទទួលទានទឹកធម្មតាទើបជាការល្អ៕   

ដោយ៖ សុវណ្ណមុនីលីតា 

X
5s