មហាសេដ្ឋីជប៉ុនលោក Masayoshi Son គិតថាកុំព្យូទ័រនឹងមានភាពឆ្លាតវៃជាងមនុស្សក្នុងរយៈពេល ៣០ឆ្នាំទៀត
ភាពចម្លែកដែលថាម៉ាស៊ីនវ័យឆ្លាតនឹងមានភាពឆ្លាតវៃជាងមនុស្ស ហើយនឹងធ្វើការអភិវឌ្ឍខ្លួនវាលឿន នឹងកើតឡើងត្រឹមឆ្នាំ ២០៤៧ នេះបើយោងតាមប្រសាសន៍របស់លោក Masayoshi Son ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ SoftBank ខណៈពេលដែលលោកនិយាយនៅសន្និសិទ Mobile World Congress ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញនាពេលកន្លងទៅ។
លោកបាននិយាយថាលោកជឿទៅលើផ្នត់គំនិតមួយនេះ ដែលថាក្នុងរយៈពេល៣០ឆ្នាំខាងមុខវានឹងក្លាយជាការពិត។
ពិភពលោកសព្វថ្ងៃកំពុងតែផ្លាស់ប្ដូរយ៉ាងខ្លាំងដោយសារតែបញ្ញាឆ្លាតវៃរបស់ម៉ាស៊ីនដែលអាចរៀននិងគិតដោយខ្លួនឯងដូចមនុស្ស។ ក្រុមហ៊ុនរបស់លោកចំណាយទឹកប្រាក់ ៣២ពាន់លានដុល្លារអាមេរិក (ប៊ីលាន) ដើម្បីឲ្យក្រុមហ៊ុនផលិតឆីប(chip)របស់អង់គ្លេស
ARM កាលពីឆ្នាំកន្លងទៅ។ បច្ចេកវិទ្យាបញ្ញាឆ្លាតវៃនេះអាចហោះ ហែល មានរាងតូច ធំ ចេះរត់ មានជើងពីរ ជើង៤ និងជើង១០០។
បុរសមហាសេដ្ឋីចំណាត់ថ្នាក់លេខ២របស់ជប៉ុន រូបនេះក៏បានប្រាប់អំពីគម្រោងរបស់ SoftBank ដែលហៅថា SoftBank Vision Fund ក្នុងការវិនិយោគទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជំនាន់ថ្មីផ្សេងៗដែលកំពុងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសម្បនិម្មិត (AI) ជាមួយនឹងទឹកប្រាក់ ១០០ពាន់លានដុល្លារអាមេរិកបន្តទៀត។
លោកបានមានប្រសាសន៍ថា ខ្ញុំជឿជាក់ថាក់វានឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដូចនេះហើយទើបខ្ញុំប្រញាប់ធ្វើការវិនិយោគ។ បញ្ញាសម្បនិម្មិត (AI) អាចនឹងធ្វើការមានប្រសិទ្ធភាពជាងមនុស្សទៅទៀត។ តែសួរថា តើវាល្អឬទេ?
លោកនិយាយថា បញ្ញាសម្បនិម្មិត (AI) គឺជាដៃគូរបស់មនុស្ស ប្រសិនបើអ្នកមិនបានប្រើប្រាស់វា នោះវានឹងស្ថិតក្នុងហានិភ័យជាមិនខាន។ ប៉ុន្តែ ប្រសិនបើអ្នកប្រើប្រាស់វាក្នុងផ្លូវល្អនោះវាប្រាកដជានឹងក្លាយដៃគូជួយសម្រួលដល់ជីវិតរបស់អ្នក។ ដូចនេះ នាថ្ងៃអនាគតអាចនឹងមានភាពល្អប្រសើរ មនុស្សនឹងអាចរស់នៅកាន់តែមានភាពងាយស្រួលជាងមុន។
លោក Masayoshi Son មិនមែនមនុស្សតែម្នាក់ទេដែលមានជំនឿទៅលើម៉ាស៊ីនឆ្លាតវៃ ថាវានឹងក្លាយជាការពិតនោះទេ។ លោក Elon Musk ស្ថាបិក PayPal ក្រុមហ៊ុន Tesla និង SpaceX និងលោក Demis Hassabis សហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google ក៏មានជំនឿថាម៉ាស៊ីនឆ្លាតវៃនឹងកើតឡើងក្នុងពេលឆាប់ៗដូចគ្នាដែរ៕
ដោយ៖ លង់ វណ្ណៈ