កាន់តែទំនើប! កសិករអាចរៀនបច្ចេកទេសកសិកម្មនិងទទួលព័ត៌មានទីផ្សារពីកម្មវិធីទូរស័ព្ទដៃ"ទន្លេសាប"
"ទន្លេសាប" ជាកម្មវិធីទូរស័ព្ទដៃដ៏ពិសេសមួយដែលបង្កើតឡើងសម្រាប់ប្រជាកសិករខ្មែរ ដើម្បីស្វែងយល់ពីបច្ចេកទេស និងគន្លឹះសំខាន់ៗក្នុងការដាំដំណាំ ចិញ្ចឹមសត្វ ព័ត៌មានពីទីផ្សារកសិកម្ម ព្រមទាំងមានភាពងាយស្រួលក្នុងការស្វែងរកសម្ភារៈសម្រាប់ធ្វើកសិកម្ម។ លើសពីនេះទៀត តាមរយៈកម្មវិធីទូរស័ព្ទដៃ"ទន្លេសាប" ប្រជាកសិករអាចប្រឹក្សាយោបល់លើបញ្ហានានាពីសំណាក់អ្នកជំនាញកសិកម្មផងដែរ។
លោក គា បូរាណ នាយកប្រតិបតិ្តនៃ អេ អឹម ខេ បានលើកឡើងថា គោលបំណងចម្បនៃការបង្កើតកម្មវិធីទូរស័ព្ទនេះគឺដោយសារតែមើលឃើញថាកសិករខ្វះខាតនៅការទទួលព័ត៌មានច្រើនពីទីផ្សារ ព្រមទាំងការធ្វើកសិកម្មបែបទំនើបកម្មដូច្នេះហើយទើប អេ អឹម ខេ សម្រេចបង្កើតកម្មវិធីទូរស័ព្ទនេះឡើង។ លោកបូរាណ រំពឹងថានឹងមានការទាញយកកម្មវិធីទូរស័ព្ទដៃនេះមកប្រើប្រាស់កាន់តែច្រើន ប្រជាកសិករនឹងយល់ដឹងបន្ថែម និងមួយវិញទៀតលោករំពឹងថានឹងអាចបង្កើតនូវបណ្ដុំទីផ្សារអេឡិចត្រូនិចដែលពួកគាត់ក្នុងការទិញលក់ផលិតផលកសិកម្ម។
ក្នុងនោះផងដែរ លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជនក្នុងការផ្សព្វផ្សាយទាក់ទងនិងវិធីសាស្រ្តធ្វើកសិកម្មនេះពិតជាមានសារៈសំខាន់ណាស់ ជាពិសេសគឺការបង្កើតនូវទីផ្សារលើប្រព័ន្ធទូរស័ព្ទនេះ ដែលអាចជួយកាត់បន្ថយការចំណាយទៅលើឈ្មួញកណ្ដាល។
គួរបញ្ជាក់ផងដែរថា កម្មវិធីទូរស័ព្ទដៃ"ទន្លេសាប"ត្រូវបានបង្កើតដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការគាំទ្រសហការមូលនិធិដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោងមូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA, SNV, IB Sweden, និង BoP Inc. និងគម្រោងហាវែសII របស់ទីភ្នាក់ងារជំនួយអាមេរិកUSAID៕
ទាញយកកម្មវិធី ទន្លេសាប សម្រាប់ទូរស័ព្ទអែនដ្រយតាមរយៈតំណនេះ៖ https://play.google.com
ទាញយកកម្មវិធី ទន្លេសាប សម្រាប់ទូរស័ព្ទអាយហ្វូនតាមរយៈតំណនេះ៖ https://itunes.apple.com
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន