ម្ចាស់ភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យThe Rivera ថាតំបន់ភ្នំរាបនឹងក្លាយជាបេះដូងនៃតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
បច្ចុប្បន្ននេះយើងសង្កេតឃើញថាការវិវត្តនៃវិស័យដីធ្លីនិងការវិនិយោគនៅកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ តួយ៉ាងតំបន់ភ្នំរាប ត្រូវបានលោក គង់ វិចិត្រា ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនអចលនទ្រព្យ The Rivera លើកឡើងថា តំបន់នេះកំពុងក្លាយជាគោលដៅសំខាន់ក្នុងការអភិវឌ្ឍ ព្រោះតែតំបន់ដ៏មានសារៈសំខាន់នេះបានតភ្ជាប់យ៉ាងល្អបំផុតជាមួយប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងរាជធានីភ្នំពេញ។
លោក គង់ វិចិត្រា បានលើកឡើងថាតំបន់ភ្នំរាបនេះជាតំបន់ដែលកំពុងមានសក្តានុពលខ្លាំងផ្នែកអចលនទ្រព្យ ព្រោះបើមើលតាមស្ថានភាពចម្ងាយគឺស្ថិតនៅជិតនឹងតំបន់អភិវឌ្ឍន៍សំខាន់ៗជាច្រើនរបស់រាជធានីភ្នំពេញ ហើយប្រសិនបើគិតមើលពីសណ្ឋានដីវិញ តំបន់នេះជាតំបន់ល្អសម្រាប់ការអភិវឌ្ឍ ពីព្រោះវាមានសណ្ឋានដីខ្ពស់ងាយស្រួលក្នុងការអភិវឌ្ឍលើគ្រប់គម្រោងទាំងអស់។
ដោយសារតែតំបន់នេះជាតំបន់ងាយស្រួលរស់នៅសម្រាប់ពេលអនាគត ទើបបច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍជាច្រើនជាពិសេសគម្រោងលំនៅដ្ឋានបានចាប់ផ្តើមពង្រីកសក្តានុពលរបស់ខ្លួនទៅតំបន់ភ្នំរាប។ ម្យ៉ាងវិញទៀតពេលនេះគឺជាពេលដ៏ល្អសម្រាប់ការអភិវឌ្ឍនៅតំបន់នេះ ព្រោះឱកាសនៅមានធំទូលាយនៅឡើយសម្រាប់អ្នកអភិវឌ្ឍ និងប្រជាជនដែលទិញដីទុក ព្រោះតម្លៃដីស្ថិតក្នុងតម្លៃសមរម្យបំផុត ដូច្នេះប្រសិនបើរង់ចាំគម្រោងអភិវឌ្ឍរួចរាល់ដូចតំបន់មួយចំនួនទៀតនៅក្បែររាជធានីភ្នំពេញ អាចនឹងមានភាពលំបាកក្នុងការចាប់យកឱកាសចំណេញ។
លោក គង់ វិចិត្រា បានបានបន្តទៀតថា តំបន់ភ្នំរាប ប្រៀបបានទៅនឹងបេះដូងនៃតំបន់សេដ្ឋកិច្ច តំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ព្រោះតំបន់នេះស្ថិតនៅចំកណ្តាលទីប្រជុំរបស់គម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ បើមើលទៅខាងជើងឈាងខាងលិច គម្រោងនេះនៅជិតផ្លូវ ៥១ ដែលជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស ហើយបើមើលមកខាងត្បូងវិញគឺតភ្ជាប់ជាមួយបឹងតាមោកដែលជាតំបន់អភិវឌ្ឍន៍ ជាផ្សារបោះដុំ និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗនាពេលអនាគត។
មូលហេតុដែលលោកយល់ឃើញបែបនេះក៏ព្រោះតែ តំបន់ភ្នំរាបជាបេះដូងនៃតំបន់អភិវឌ្ឍទាំងព្រមទាំងស្ថិតនៅចំកណ្តាល និងមានផ្លូវតភ្ជាប់ខ្វាត់ខ្វែងប្រៀបដូចជាសសៃឈាម ជាហេតុនាំឲ្យនេះតំបន់នេះអាចអភិវឌ្ឍទៅជាគម្រោងបានគ្រប់លក្ខខណ្ឌ ពិសេសប្រសិនបើអ្នករកស៊ីគេចង់បង្កើតរោងចក្រ ឬគេចង់បង្កើតជាផ្សារសម្រាប់ប្រជាជន នោះរាល់ផលិតផល និងសេវាកម្មទាំងអស់គឺត្រូវបានតភ្ជាប់យ៉ាងល្អ ដែលធ្វើឱ្យចំណាយតិច តែចំណេញច្រើនលើការដឹកជញ្ជូន និងពេលវេលា។ ហើយប្រសិនបើអភិវឌ្ឍជាគម្រោងលំនៅដ្ឋាន ប្រជាជនវិញតំបន់នេះនឹងមានស្ថានភាពរស់នៅល្អប្រសើរ ព្រោះវាជាបេះដូងដែលនៅជាប់ស្និតបំផុតជាមួយតំបន់អភិវឌ្ឍទំនើប និងទេសចរណ៍៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន