វិស័យសំណង់នៅកម្ពុជានៅតែបង្ហាញសញ្ញាវិជ្ជមានល្អសម្រាប់ការវិនិយោគក្នុងឆ្នាំ ២០១៩
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ថាវិស័យសំណង់នៅកម្ពុជា នៅតែបង្ហាញសញ្ញាវិជ្ជមានល្អ សម្រាប់ការវិនិយោគក្នុងឆ្នាំ ២០១៩នេះ ខណៈគម្រោងធំៗមួយចំនួន ទទួលបានការអនុញ្ញាតិពីក្រសួង។
ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៩នេះ នៅតែមានភាពល្អប្រសើរ ខណៈគម្រោងធំៗក្នុងមួយចំនួនបាននឹងកំពុងមានវត្តមានជាបន្តបន្ទាប់ ហើយគម្រោងធំៗមួយចំនួនផ្សេងទៀត ក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យ និងស្នើសុំអាជ្ញាប័ណ្ណសាងសង់ផងដែរ។
ឯកឧត្តម បញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជា ទទួលបានការវិនិយោគ ពីវិនិយោគិនជាតិ និងបរទេស ទៅលើ អគារសាធារណៈចំនួន១១២៧អគារ និងបុរីលំនៅដ្ឋានមានចំនួនជាង២០០ទីតាំងធំៗ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រកាសពីភាពជោគជ័យរបស់ខ្លួន ក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហើយបានប្រកាសបើកគម្រោងបួនទីតាំងទៀត ក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០១៩នេះផងដែរ ដើម្បីចូលរួមឆ្លើយតបទៅនឹងការកើនឡើងនៃវិស័យសំណង់នៅកម្ពុជា។
បើតាមការបញ្ជាក់ពីលោក ឈួវ គួរស៊ីញ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបលោកបានបន្ថែមថា ក្រៅពីគម្រោងទាំងពីរ ដែលត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ គម្រោងធំៗចំនួន ៨ទៀតរបស់ព្រីនស៍ បាននឹងកំពុង ស្ថិតក្នុងការសាងសង់ ដែលរួមមាន ព្រីនស៍ ម៉ូឌើន ផ្លាហ្សា, ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា, មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ, សួនឧស្សាហកម្ម ខេម អិម ជេ ផាក, អគារទីស្នាកការកណ្តាល នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, ព្រីនស៍ អាយធី បៀលឌីង, ព្រីនស៍ ធាន ស៊ី វ៉ាន និងព្រីនស៍ ស្មាតហ្គាឌិន ដែលជាគម្រោងដំណាក់កាលទីមួយ របស់គម្រោងព្រីនស៍ ស៊ីធី សេនធើ ដែលមានផ្ទៃដីសរុបប្រមាណ ៤៨១.៣០០ ម៉ែត្រការ៉េ ហើយមានផ្ទៃក្រឡាសំណង់អគារ សរុបប្រមាណ ៨៥៩.៨០០ ម៉ែត្រការ៉េ។
ក្រៅពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ក្រុមហ៊ុនវិនិយោគដ៏ធំក្នុងស្រុក Royal Group ក៏ទើបនឹងប្រកាសបុកគ្រឹះសាងសង់ អគារពាណិជ្ជកម្មកម្ពស់ ៦២ជាន់ ក្នុងរាជធានីភ្នំពេញផងដែរ ដោយគម្រោងនេះ ស្ថិតក្រោមការវិនិយោគរួមគ្នាពីវិនិយោគិនខ្មែរ និងតៃវ៉ាន់។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថាវិស័យសំណង់ ត្រូវបានព្យាករណ៍ថា នឹងមានអត្រាកំណើនប្រមាណ១៦,៧%ក្នុងឆ្នាំ២០១៨ និង១៦,៩%ក្នុងឆ្នាំ២០១៩៕
ដោយ៖ ស្រី ពេជ្រ