ចំណុចល្អ និងអវិជ្ជមាន ១១យ៉ាងដែលអ្នកគួរដឹងអំពីរថយន្តបើកបរដោយស្វ័យប្រវត្តិ (Self-driving Car)
បច្ចុប្បន្នបណ្ដាក្រុមហ៊ុនរថយន្តធំៗមាន Volvo, Ford, Audi, Tesla និងក្រុមហ៊ុន Google ជាដើមនោះ កំពុងសំងំអភិវឌ្ឍ និងធ្វើតេស្តរថយន្តបើកបរដោយស្វ័យប្រវត្តិរៀងៗខ្លួន ដើម្បីដាក់ឱ្យដំណើរការលើផ្លូវសាធារណៈបានឆាប់ៗក្នុងពេលខាងមុខ។ ខាងក្រោមនេះគឺជា ចំណុច ១១យ៉ាងដែលអ្នកគួរដឹងទាក់ទងនឹងប្រភេទរថយន្ត មិនត្រូវការមនុស្សបើកនេះ៖
១) រថយន្តបើកបរស្វ័យប្រវត្តិ នឹងធ្វើឲ្យការកកស្ទះកើនឡើង
ប្រើរថយន្តទំនើប អាចដឹកមនុស្សដោយមិនបាច់មានអ្នកកាន់ចង្កូតរថយន្ត នឹងធ្វើឱ្យមានកំណើនប្រើប្រាស់ទៅថ្ងៃមុខ ប្រសិនប្រភេទរថយន្តបើកបរស្វ័យប្រវត្តិទាំងនោះ ត្រូវបានយកចិត្តទុកដាក់ផលិត ប្រកបដោយសុវត្ថិភាពខ្ពស់បំផុតដល់អ្នកជិះ។ ដោយសារបែបនេះ គេរំពឹងថា នៅពេលទីផ្សាររថយន្ត self-driving ចាប់កកើត នោះចរាចរណ៍នឹងកាន់តែមមាញឹកច្រើនជាងមុន។
២) រថយន្ត Self-driving ផ្ដល់បទពិសោធន៍ខ្ពស់ និងលក្ខណៈសម្បត្តិពិសេស ស្របតាមតម្រូវការអ្នកជិះ
រថយន្តបើកបរអូតូ នឹងត្រូវបានផលិតដោយបំពាក់បច្ចេកវិទ្យាទំនើបៗ ធានាបាននូវសុវត្ថិភាពដល់អ្នកជិះ ហើយវាថែមទាំងត្រូវបានបំពាក់ប្រព័ន្ធបើកបរសមត្ថភាពខ្ពស់ បំពេញមុខងារបានត្រឹមត្រូវ ល្អជាងមនុស្សធ្វើទៅទៀត។ ជាក់ស្ដែងកន្លងទៅ ក្រុមហ៊ុនរថយន្ត Volvo ក៏បានអះអាងដែរថា រថយន្តបើកបរដោយស្វ័យប្រវត្តិ (self-driving car) របស់ខ្លួន បំពេញការងារបើករថយន្តល្អជាងមនុស្សបើកទៅទៀត។ នៅពេលបណ្ដាក្រុមហ៊ុនរថយន្តសម្រេចបាន Driverless Car គេជឿថា វានឹងជោគជ័យនៅក្នុងទីផ្សាររថយន្ត ដោយសារបច្ចេកវិទ្យា និងមុខងារទំនើបៗផ្ដល់ភាពងាយស្រួលដល់អ្នកជិះនៅលើនោះ។
៣) គុណវិបត្តិនៅលើរថយន្ត Self-Driving
ទន្ទឹមអត្ថប្រយោជន៍នៅលើរថយន្តមិនត្រូវការមនុស្សបើកនេះ ក៏មានគុណវិបត្តិរបស់វាដែរ។ អ្នកជំនាញផ្នែករថយន្តបានព្យាករថា ការរីកចម្រើនទីផ្សាររថយន្តអូតូ នឹងជះឥទ្ធិពលអវិជ្ជមានខ្លះដល់បណ្ដារដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក ឬបណ្ដាប្រទេសដទៃ។ ដោយសារ Self-driving ត្រូវការប្រើផែនទីមានសមត្ថភាពខ្ពស់ ជាជាងផែនទីនៅលើរថយន្តធម្មតា ដូច្នេះតម្លៃរបស់វាអាចថ្លៃជាង។ ទោះជាយ៉ាងណា ប្រព័ន្ធចាប់សញ្ញា (sensor) និងរ៉ាដារថយន្ត ក៏ទាមទារឱ្យមានសមត្ថភាពខ្ពស់ ដើម្បីវិភាគកម្មបទ ឬឧបសគ្គចំពោះមុខ បើមិនដូច្នេះទេ រថយន្តនឹងមានបញ្ហា។ ចំណែកឧបសគ្គនៅលើដងផ្លូវ គឺមានលក្ខណៈខុសគ្នាទៅតាមតំបន់ និងបណ្ដាប្រទេស ដូច្នេះគេនៅមានក្ដីបារម្ភចំពោះការបំពេញមុខងារប្រព័ន្ធរថយន្ត។
៤) ចំពោះរថយន្ត self-driving របស់ Google គឺមិនមានឈ្នាន់ ឬដៃចង្កូតឡើយ
Google បានឆ្លងផុតដំណាក់កាលមួយចំនួនក្នុងការពុះពារ នាំយកសមិទ្ធផលរថយន្តអូតូរបស់ខ្លួន ឱ្យដំណើរការបានលើផ្លូវសាធារណៈ។ កន្លងទៅក្រុមហ៊ុន Google បានសុំសិទ្ធិពីបណ្ដាអាជ្ញាធរតាមតំបន់ខុសៗគ្នា ដើម្បីធ្វើតេស្តរថយន្ត self-driving របស់ខ្លួន។ បន្ទាប់ពីបានធ្វើតេស្ត និងកែប្រែរចនាបថបន្តិចម្ដងៗ ក្រុមហ៊ុនបានសម្រេចចិត្តប្ដូររចនាបថនៅលើរថយន្តអូតូខ្លួន ដើម្បីមិនឱ្យអតិថិជនមានអារម្មណ៍ប្លែកពីរថយន្តធម្មតា កាត់បន្ថយការព្រួយបារម្ភ ព្រោះវាដូចជារថយន្តធម្មតាអីចឹងដែរ។
៥) រថយន្តបើកបរស្វ័យប្រវត្តិ ប្រើប្រាស់ រ៉ាដាសមត្ថភាពខ្ពស់ កាមេរ៉ា និងបច្ចេកវិទ្យាឡាស៊ែរ
រថយន្ត self-driving បច្ចុប្បន្នស្ទើរតែទាំងអស់របស់ Google និងបណ្ដាក្រុមហ៊ុនដទៃ ត្រូវបានគេបំពាក់ឧបករណ៍ទំនើបដូចជា កាមេរ៉ា រ៉ាដា និងបច្ចេកវិទ្យាឡាស៊ែរសមត្ថភាពខ្ពស់ ដើម្បីបំពេញមុខងារបានត្រឹមត្រូវឥតខ្ចោះ។ GPS, radar, camera និង laser sensor កំពុងត្រូវបានយកទៅបំពាក់នៅលើរថយន្តអូតូ ជាក់ស្ដែងរថយន្ត self-driving របស់ Google។
៦) Nevada គឺជារដ្ឋដំបូងដែលអនុញ្ញាតឱ្យរថយន្តបើកបរស្វ័យប្រវត្តិរត់នៅលើផ្លូវសាធារណៈ
អតិថិជនភាគច្រើន ដឹងហើយថារដ្ឋ California ពុំមែនជារដ្ឋអាមេរិកដែលអនុញ្ញាតឱ្យរថយន្ត Self-driving បើកបរនៅលើផ្លូវសាធារណៈនោះទេ តែគឺរដ្ឋ Nevada។ Nevada ជារដ្ឋដំបូងដែលបានផ្ដល់លិខិតអនុញ្ញាតឱ្យ Google ធ្វើតេស្តរថយន្តអូតូរបស់ខ្លួន។ ច្បាប់នេះ ត្រូវបានប្រគល់ដល់ Google តាំងពីឆ្នាំ២០១២។ ចំណែករដ្ឋ Florida គឺរដ្ឋទី២ ដែលអនុញ្ញាតឱ្យ self-driving រត់លើផ្លូវសាធារណ៖បាន។
៧) ការិយាល័យរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក NHSTA ជាអ្នកផ្ដល់ចេញនូវប្រព័ន្ធធ្វើចំណែកថ្នាក់រថយន្តស្វ័យប្រវត្តិ
បច្ចេកវិទ្យា self-driving ត្រូវមានប្រព័ន្ធធ្វើចំណែកថ្នាក់ ចេញដោយ NHSTA (National Highway Traffic Safety Administration) ទើបអនុញ្ញាតឱ្យរត់នៅលើដងផ្លូវសាធារណៈបាន។
៨) រថយន្តបើកបរដោយស្វ័យប្រវត្តិ ដែលមានរូបរាងស្អាតជាងគេក្នុងពេលបច្ចុប្បន្ន គឺ Mercedes Benz F 015
រថយន្តម៉ូដែល F 015 របស់ក្រុមហ៊ុន Mercedes គឺជា self-driving car ដែលត្រូវគេទទួលស្គាល់លើរូបរាងយ៉ាងប្រណិតរបស់វា។ រថយន្តនេះ ត្រូវបានបំពាក់ភ្លើងឡាស៊ែរទាំងផ្នែកខាងមុខ និងខាងក្រោយផ្ដល់លក្ខណៈងាយស្រួលកំណត់គំលាតសុវត្ថិភាពជាក់លាក់មួយ ធៀបជាមួយនឹងឧបសគ្គ។ ឧទាហរណ៍ នៅពេលមានមនុស្សបម្រុងឆ្លងផ្លូវដែលស្វិតនៅគម្លាតតូច នោះប្រព័ន្ធ នឹងផ្ដល់អាទិភាពដល់អ្នកដំណើរទៅមុន ជាមួយសារ “Please go ahead” អមដោយភ្លើងឡាស៊ែរបាញ់ក្នុងទម្រង់ជាគំនូសផ្លូវថ្មើរជើងយ៉ាងពិសេស។
៩) ល្បឿនរថយន្ត self-driving របស់ Google គឺ ៤០គីឡូម៉ែត្រ/ម៉ោង
បច្ចុប្បន្ន ក្រុមហ៊ុន Google កំពុងផលិត និងធ្វើតេស្ត self-driving មានល្បឿនត្រឹម ២៥ម៉ាយល៍ក្នុងមួយម៉ោង ឬប្រហែល ៤០គីឡូម៉ែត្រ/ម៉ោងប៉ុណ្ណោះ។ ល្បឿននេះ ត្រូវបានកំណត់ដើម្បីប្រើប្រាស់លើផ្លូវក្នុងក្រុងនៃសហរដ្ឋអាមេរិក។
១០) រថយន្តស្វ័យប្រវត្តិរបស់ Google មួយត្រូវបានបំពាក់សម្ភារៈ បច្ចេកទេសតម្លៃលើសពី ២០ម៉ឺនដុល្លារ
គំរូបឋមនៃ Google Car បច្ចុប្បន្ន ត្រូវបានក្រុមហ៊ុនបំពាក់សម្ភារៈបច្ចេកទេសតម្លៃប្រមាណជាង ២០ម៉ឺនដុល្លារ។ ក្នុងនោះមានដូចជា បំពាក់ភ្លើង Velodyne 640beam laser នៅលើដំបូលជាដើម។ ភ្លើងឡាស៊ែរនឹងបង្កើតផែនទី 3D ដើម្បីជួយរៀបចំព័ត៌មានដែលចាប់បានពីរ៉ាដា និង sensor រថយន្ត និងបញ្ចៀសឱ្យបាន។
១១) រថយន្ត self-driving របស់ Google ធ្លាប់មានគ្រោះថ្នាក់ពីរដងមកហើយ
នៅខណៈពេល Google កំពុងធ្វើតេស្តរថយន្តស្វ័យប្រវត្តិរបស់ខ្លួន កាលពីឆ្នាំ២០០៨ រថយន្តបានជួបបញ្ហាពីរលើកមកហើយ។ ដែលមួយលើក បានកើតឡើងក្នុងឆ្នាំ២០១១ ដោយមានពាក់ព័ន្ធទៅនឹងអ្នកបើកបរម្ខាងទៀតដែលជិះ Toyota Prius។ ចំណែកគ្រោះថ្នាក់ទី២ គឺមានពាក់ព័ន្ធនឹងបច្ចេកទេសតៃកុងចាំក្នុងរថយន្តផ្ទាល់។
សូមបញ្ជាក់ថា បណ្ដារថយន្តដែលមាន self-driving car ពេលនេះ កំពុងធ្វើតេស្តសាកល្បងរថយន្តរថយន្តទំនើបរបស់ខ្លួន។ គេរំពឹងថា រថយន្តពិសេសមិនត្រូវការអ្នកបើកនេះជិតបង្ហាញវត្តមាន និងអាចប្រើប្រាស់ផ្លូវការនៅលើផ្លូវសាធារណៈឆាប់ៗខាងមុខ អាចនៅក្នុងឆ្នាំ២០១៦ នេះតែម្ដង៕