ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជាកើនឡើង ១៧៩% ដើមខែដំបូងឆ្នាំ២០១៩​



រយៈពេល១ខែដើមឆ្នាំ២០១៩នេះ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា កើនឡើង ១៧៩% ក្នុងទំហំទឹកប្រាក់វិនិយោគ ៨២៩ លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ របាយការណ៍នេះ ត្រូវបានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសនៅក្នុងវេទិកាសាធារណៈ ឯកជនស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” នៅឯសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ បានក្លាយជាសសរស្តម្ភស្នូល ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ ២០១០ ដល់ ឆ្នាំ២០១៩ ទំហំវិនិយោគមានប្រមាណ ៤៣ ៨៩៦ លានដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមបានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ដែលមានអាជ្ញាបណ្ណ ចំនួន ២ ៣០៧ ក្រុមហ៊ុន ស្ថាបត្យករមានប្រមាណជាង ២ ៥០០ នាក់ និងមានវិស្វករប្រមាណជាង ៣០ ០០០ នាក់។ ជាមួយនឹងការកើនឡើងនៃវិស័យសំណងនេះ ឯកឧត្តមក៏បានមើលឃើញពីតម្រូវការវិនិយោគជាច្រើន មានជាអាទិ៍ ការអភិវឌ្ឍសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់សេវាកម្ម សំណង់ឧស្សាហកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិស្ថាន សេដ្ឋកិច្ច សង្គម ពិសេសការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូនិងប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹងនិងរាវ លំហសាធារណៈនិងផ្ទៃបៃតង បរិក្ខាទីក្រុង ជាដើម។ គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កម្ពុជាបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ២ ៨៦៧ គម្រោង មានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ ធ្លាក់ចុះ ១៨,៦៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលមាន ៦ ៤២៨ លានដុល្លារ៕ ដោយ៖ ស្រីពេជ្រ
X
5s