ស្វែងយល់ ៦ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ​



ស្របពេលដែលទីផ្សារអចលនទ្រព្យកំពុងតែរីកចម្រើនខ្លាំង និងមានការចាប់អាម្មណ៍ខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក និងវិនិយោគិនពីក្រៅស្រុក។ វិនិយោគិនថ្មីៗជាច្រើនបានចាប់ផ្តើមវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងនោះអ្នកខ្លះក៏ទទួលបានជោគជ័យ ហើយខ្លះទៀតក៏បរាជ័យក្នុងរយៈពេលដ៏ខ្លី។

បរាជ័យត្រូវចាត់ទុកបទពិសោធន៍ចំណែកជោគជ័យក្នុងវិស័យអចលនទ្រព្យ បានក្លាយជាប្រធានបទមួយគួរឲ្យចាប់អាម្មណ៍បំផុត។ ប៉ុន្តែសួរថាតើភាពជោគជ័យកើតឡើងដោយសារកត្តាអ្វីខ្លះ? វាមានកត្តាច្រើនជុំវិញសំនួរនេះហើយខាងក្រោមនេះជាគំនិតគួរពិចារណា៥យ៉ាង​ដែល​វិនិយោគិនថ្មីៗត្រូវតែស្វែងយល់មុននឹងឈានជើងចូលក្នុងវិស័យមួយនេះ។

១. ចក្ខុវិស័យ

អ្នកត្រូវតែមាន «​ចក្ខុវិស័យ​» ច្បាស់លាស់សម្រាប់អនាគតនៃគម្រោងវិនិយោគរបស់អ្នក។ នៅពេលមានចក្ខុវិស័យត្រឹមត្រូវអ្នកនឹងដើរទៅតាម​ផែនការអនាគតដ៏​វែងឆ្ងាយ​។ មានចក្ខុវិស័យទើបធ្វើឲ្យអ្នកដើរទៅមុខដោយមិនវង្វេងផ្លូវហើយនេះក៏ជាអ្វីដែលអាចដឹកនាំក្រុមការងារទាំងអស់អោយគិត និងចូលរួមកិច្ចការក្នុងទិសដៅតែមួយ។

២. ភាពស្របច្បាប់

គ្មានគម្រោងជោគជ័យណាមួយដែលអាចជ្រកក្រោមស្លាកនៃគម្រោងក្រៅផ្លូវច្ប​ាប់បានឡើយ។ នៅពេលអ្នកចាប់ផ្តើមវិនិយោគ អ្នកត្រូវតែដាក់ស្នើររាល់តម្រូវការផ្លូវការផ្នែកច្បាប់ឲ្យបានត្រឹមត្រូវ។ ត្រូវចងចាំថាចំណុចខ្លាំងមួយរបស់គម្រោងអចលនទ្រព្យគឺការគាំទ្រដោយច្បាប់។

៣. ភាពចន្លោះប្រហោងនៃច្បាប់

ច្បាប់ជាគឺជាព្រំដែនដែលតម្រង់ទិស និងប្រាប់ថាអ្វីដែលអ្នកអាចធ្វើបាន និងអ្វីមិនអាចធ្វើបានដែលនេះមានន័យថាអ្នកអាចធ្វើអ្វីក៏បានឲ្យតែស្ថិតក្នុងក្របខណ្ឌនៃច្បាប់។ ប៉ុន្តែភាពចន្លោះនៃច្បាប់គឺជាឱកាសដ៏ល្អឥតខ្ចោះដែលអ្នកវិនិយោគត្រូវតែរកឲ្យឃើញនៅពេល​ប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ។ តាមជាក់ស្តែងជាទូទៅច្បាប់ក្នុងការគ្រប់គ្រងវិស័យអចលទ្រព្យកម្ពុជានៅមានភាពធូរលុងនៅឡើយ។​ គេមើលឃើញថាច្បាប់មួយចំនួនត្រូវបង្កើតឡើងថ្មីៗ ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍដីធ្លីគ្រប់គ្រងភ្នាក់ងារ ឬការសាងសង់ជាដើម ដែលកំពុងកើនឡើងដ៏ឆាប់រហ័សក្នុងពេលបច្ចុប្បន្ន។ ទោះយ៉ាងណាគេមើលឃើញថាដើម្បីធានាដល់និរន្តរភាពរយៈពេលវែងនៃវិស័យទាំងមូលក​ម្ពុជាត្រូវការបទបញ្ញត្តិជាច្រើនទៀត។

៤. ដឹងពីទំនោរនៃទីផ្សារ

ទំនោរនៃទីផ្សារមានឥទ្ធិពលខ្លាំងលើការទិញលក់អចលនទ្រព្យ។​ កាលពីមុនគេមិនឃើញមានគម្រោងលំនៅដ្ឋានតម្លៃទាបនៅតាមជាយក្រុងនោះទេ ហើយគម្រោងដីឡូតិ៍ក៏មិនមានអ្នកចាប់អាម្មណ៍ដែរ។ ប៉ុន្តែបច្ចុប្បន្នមនុស្សមនុស្សភាគច្រើនចាប់អាម្មណ៍ផ្ទះ ឬដីតាមជាយក្រុងនោះជាមូលហេតុដែលគម្រោងតម្លៃសមសម្យជាច្រើនរីកដុះដាលនៅតាមតំបន់ជាយក្រុង។ ការវិភាគការតាមដាន និងសិក្សាស្វែងយល់ពីរបត់នៃទីផ្សារអចលនទ្រព្យទាំងពេលកន្លងមក និងបច្ចុប្បន្នបានល្អិតល្អន់អាចជួយអោយអ្នកទទួលបានភាពជោគជ័យក្នុងអាជីវកម្ម។ បន្ថែមលើសពីនេះទៀត​អ្នកក៏ត្រូវអាចរកឃើញពីទំនោររបស់អ្នកទិញនៅក្នុងរយៈ ២ ឆ្នាំ ៥ ឆ្នាំ ឬ ១០ ឆ្នាំទៅមុន ប្រសិនបើចង់ឈរជើងដោយភាពរឹងមាំក្នុងទីផ្សារមួយនេះ។

៥. ចេះបង្កើតឱកាសវិនិយោគ

វិនិយោគត្រូវពឹងផ្នែកលើកត្តាគាំទ្រពីខាងក្រៅដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកច្បាប់ជាដើម។ ប៉ុន្តែសូមចង់ចាំថាអ្នកវិនិយោគត្រូវតែចេះបង្កើតឱកាសដោយខ្លួនឯង និងផ្តល់ឱកាសនេះអោយអ្នកដទៃជួយបង្ករបង្កើតសកម្មភាពសេដ្ឋកិច្ចនានានៅក្នុងតំបន់នៃគម្រោងរបស់អ្នក។ នេះមានន័យថាអ្នកត្រូវវិនិយោគនៅកន្លែងថ្មីដែលមិនទាន់មានគម្រោងផ្សេង​ ហើយដើរតួជាអ្នកស្រូបយកទាំងមនុស្ស និងគម្រោងផ្សេងៗអោយចូលទៅតំបន់នោះ។ អភិវឌ្ឍគម្រោងវិនិយោគបែបនេះអ្នកអាចបង្កើតកេរ្តិ៍ឈ្មោះបានយ៉ាងឆាប់រហ័ស។ អ្នកជំនាញជាច្រើនបានអះអាងថាតំបន់ជាយក្រុងក្នុងរង្វង់៣០គីឡូម៉ែត្រពីតំបន់កណ្តាលក្រុង មានសក្តានុពលបំផុតនៅពេលអនាគត។ ជាការពិតណាស់គម្រោងបែបនេះត្រូវតែត្រូវការធនធានដើមទុនធំដើម្បីវិនិយោគតែទោះយ៉ាងណាអ្នកអាចធ្វើក្នុងកម្រិតណាមួយតាមលទ្ធភាពជាក់ស្តែងរបស់អ្នក។

៦. ដើមទុន

រាល់ការវិនិយោគត្រូវតែមានដើមទុន ដើមទុនច្រើនវិនិយោបានកាន់តែធំ ហើយអាចទទួលបានទំនុកចិត្តពីអ្នកទិញបានកាន់តែខ្លាំង។ សម្រាប់ពេលបច្ចុប្បន្នមានវិយោគិនមួយចំនួនបានធ្វើការវិនិយោគដោយប្រើប្រាស់ដើមទុនតិចតួច ដោយរំពឹងលើការលក់មុនគម្រោង (ធ្វើនំអត់ម្សៅ)។ ពាក់ព័ន្ធនឹងចំណុចនេះទាំងអ្នកជំនាញរដ្ឋាភិបាល និងភាគីធនាគារបានព្រមានពីហានិភ័យខ្ពស់ ដោយសារតែគម្រោងនឹងជាប់គាំង នៅពេលគម្រោងមិនមានទុនបង្វិលគ្រប់គ្រាន់ដើម្បីដំណើរការសាងសង់ឲ្យចប់ទាំងស្រុង។ សរុបទៅការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យគឺពិតជាត្រូវទាមទារឲ្យវិនិយោគិនខ្លួ​នឯងធ្វើការថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ។ សម្រាប់វិនិយោគថ្មីថ្មោងអ្នកពិតជាមិនអាចធ្វើសម្រេចចិត្តដោយខ្វះការប្រឹក្សាយោបល់ពីអ្នកជំនាញបានទេ៕

ដៃគូសហការ៖ www.realestate.com.kh

X
5s