កម្មវិធីទំនាក់ទំនងលើអ៊ីនធឺណេតទាំង ១០ ដែលកំពុងធ្វើឲ្យពិភពលោកមានការប្រែប្រួល​



បច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំង ហើយវាបានជួយឲ្យការងារនិងការទំនាក់ទំនងកាន់តែមានភាពងាយស្រួល។ ដោយហេតុនេះគេឃើញមានកម្មវិធីផ្ដល់សេវាកម្មផ្ទុកលើបណ្ដាញអ៊ីនធឺណេតជាច្រើនដែលត្រូវបានគេបង្កើតឡើង ដើម្បីជួយឲ្យការងារ និងការទំនាក់ទំនងកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព ។ ខាងក្រោមនេះជាកម្មវិធីដែលប្រើប្រាស់លើបណ្ដាញអ៊ីនធឺណេតចំនួន ១០ ដែលត្រូវបានគេបង្កើតឡើងដើម្បីជាជំនួយក្នុងការងារ និងការទំនាក់ទំនង៖

១) Stripe : ជាកម្មវិធីផ្ដល់សេវាកម្មលើបណ្ដាញអ៊ីនធឺណេតមួយ ដែលផ្ដល់សេវាកម្មផ្ទុកទិន្នន័យ អនុញ្ញាតអោយអាជីវកម្មតូចៗអាចទទួលបានការទូរទាត់ប្រាក់ពីអតិថិជនរបស់ខ្លួនបាន ហើយកម្មវិធីផ្ដល់នូវសុវត្តិភាព និងទំនុកចិត្តខ្ពស់ដល់អាជីវកម្មតូចៗទាំងនោះ ។ Stripe បានបង្កើតឡើងក្នុងឆ្នាំ 2010 នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ហើយក្រុមហ៊ុននេះទទួលបានចំណូលតាមរយៈការ យកថ្លៃ 2.90 ភាគរយពីរាល់ប្រតិបត្តិការណ៍ទូរទាត់នីមួយៗ ។ មានក្រុមហ៊ុនធំៗដូចជា Amazon, Google, Spotify, Salesforce, និង Uber ក៏បានប្រើប្រាស់សេវាទូទាត់ប្រាក់របស់ Stripe នេះដែរ ។

២) Slack : ជាកម្មវិធីផ្ញើសារមួយដែលមិនខុសអ្វីពីកម្មវិធីផ្ញើសារដទៃផ្សេងទៀតនោះទេ តែវាផ្ដល់នូវជម្រើសច្រើន និងមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាតាមផ្នែកនីមួយៗនៅក្នុងក្រុមហ៊ុន ឬ អាជីវកម្ម ។ Slack បានបង្កើតឡើងក្នុងឆ្នាំ 2009 និងមានការរីកចម្រើនយ៉ាងខ្លាំង ព្រមទាំងមានក្រុមហ៊ុនជាង 500,000 ទូទាំងពិភពលោកបាននឹងកំពុងប្រើប្រាស់នូវកម្មវិធីនេះដើម្បីធ្វើការផ្ញើសារទំនាក់ទំនងគ្នា។

៣) Zoom Video Communication : ជាកម្មវិធីសំរាប់ទំនាក់ទំនងគ្នាតាមវីដេអូជាក្រុម (Group Video Chat) ហើយវាត្រូវបានគេប្រើប្រាស់នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ វគ្គបណ្ដុះបណ្ដាល និងជជែកកម្សានជាដើម។ ប៉ុន្តែដើម្បីទទួលបាននូវការប្រើប្រាស់ដែលគ្មានដែនកំណត់ និងទទួលបាននូវជំរើសច្រើនផ្សេងទៀត គឺតម្រូវឲ្យអ្នកប្រើប្រាស់ត្រូវបង់ប្រាស់ជាកញ្ចប់ប្រចាំខែ ។

៤) Tanium : ជាកម្មវិធីដែលបានបង្កើតឡើងក្នុងឆ្នាំ 2007 ហើយវាជាកម្មវិធីលើបណ្ដាញអ៊ីនធឺណេត ដែលផ្ដល់សេវាការពារក្នុងបណ្ដាញណេតវើក (Network) ដោយធ្វើការតាមដាននិងការពាររាល់បញ្ហាដែលកើតមានឡើងលើបណ្ដាញណេតវើក។ លើសពីនេះទៅទៀត អ្នកអាចកំណត់ឲ្យកម្មវិធីនេះធ្វើការពិនិត្យ និងតាមដាននៅលើបណ្ដាញណេតវើក ដើម្បីការពារពីការវាយប្រហារ និងការលួយយកទិន្នន័យតាមបណ្ដាញណេតវើករបស់ក្រុមហ៊ុនទៀតផង។

៥) Procore : មានមូលដ្ឋាននៅទីក្រុង Carpinteria រដ្ឋ California សហរដ្ធអាមេរិក ជាកម្មវិធីលើបណ្ដាញអ៊ីនធឺណេតជួយគ្រប់គ្រងក្នុងវិស័យសាងសង់ ដែលជាវិស័យមួយមានដំណាក់ក្នុងការសាងសង់ច្រើន ហើយវាជួយគ្រប់គ្រងក្នុងការសាងសង។ ការសាងសងជាការងារមួយដែលមានការប្រែប្រួលច្រើនដូចជា ការពន្យាពេលការដឹកជញ្ចូន បញ្ហាគ្រឿងយន្ត កង្វះខាតកម្មករ និងផ្លាស់ប្ដូរផែនការសាងសងជាដើម។ Procore ជួយគ្រប់គ្រងការដឹងជញ្ចូន ធ្វើផែនការហិរញវត្ថុ និងការសាងសងទាន់ពេលវេលា ដោយជួយគ្រប់គ្រងរាល់បញ្ហាដែលកើតមាននៅកំឡុងពេលសាងសង់។

៦) Crowdstrike : មានទីស្នាក់ការកណ្ដាលនៅទីក្រុង Sunnyvale រដ្ឋ California សហរដ្ឋអាមេរិច វាជាកម្មវិធីដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI (Artificial Intelligence) ដែលត្រូវបានគេបង្កើតឡើងដើម្បីការពារពីការវាយប្រហារតាមបណ្ដាញអ៊ីនធើណេតដែលលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ៧) Elastic : ជាកម្មវិធីសម្រាប់ផ្ទុក វិភាគ ស្រាវជ្រាវ និងបង្ហាញទិន្នន័យដល់អ្នកប្រើប្រាស់ដ៏ពេញនិយម ហើយត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗមួយចំនួនដូចជា Uber, Tinder និង Netflix ផងដែរ។ អ្នកប្រើប្រាស់អាចធ្វើការជាមួយ Elastic ដើម្បីផ្ទុក និងស្វែងរកទិន្នន័យរបស់ខ្លួនលើបណ្ដាញអ៊ីនធើណេត។

៨) Cloudflare : ជួយឲ្យការបើកវែបសាយបានលឿន និងជួយការពារពីការវាយប្រហារ និងគំរាមកំហែងតាមបណ្ដាញអ៊ីនធឺណេត ដោយផ្ដល់ឲ្យអ្នកប្រើប្រាស់នូវជញ្ជាំងការពារមួយលើបណ្ដាញអ៊ីនធើណេត ដើម្បីជួយឲ្យការទំនាក់ទំនងមានសុវត្តិភាព និងងាយស្រួល។

៩) Medallia : ជាកម្មវិធីសម្រាប់គ្រប់គ្រងផ្នែកអតិថិជន ។ Medallia ជួយឲ្យអាជីវកម្មបង្កើននូវផ្នែកសេវាកម្មអតិថិជន។ វាជួយឲ្យក្រុមហ៊ុនទទួលបានមតិយោបល់ពីអតិថិជន។ គេអាចប្រើកម្មវិធីគ្រប់គ្រងអតិថិជននេះដើម្បីដឹងពីមតិយោបល់ផ្សេងៗពីអតិថិជន ដែលមតិយោបល់ទាំងនោះត្រូវបានប្រមូលផ្ដុំពីប្រភពនានាដូចជា សារអេឡិចត្រូនិក (Email) ការស្រង់មតិ (in-app Surveys) និងមតិយោបល់ពីបណ្ដាញសង្គម ដោយមតិយោបល់ទាំងនោះត្រូវបានប្រមូលផ្ដុំជាលក្ខណៈរបាយការណ៍ដែលមានភាពងាយស្រួលមើល ហើយជួយឲ្យការបម្រើផ្នែកសេវាកម្មអតិថិជនកាន់តែមានភាពល្អប្រសើរឡើង។

១០) Snowflake : ជាកម្មវិធីសម្រាប់ផ្ទុក និងស្វែងរកទិន្នន័យដ៏ធំមួយ ដោយផ្ដល់ឲ្យអ្នកប្រើប្រាស់ធ្វើការផ្ទុក និងចូលទៅស្វែងរកទិន្នន័យតាមរយៈកម្មវិធីផ្ទុកទិន្នន័យផ្សេងៗលើបណ្ដាញអ៊ីនធឺណេត ដែលវាងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការផ្ទុក និងស្វែងរកនូវទិន្នន័យបានគ្រប់ទីកន្លែងតាមកម្មវិធីដែលសម្រាប់ផ្ទុក និងទាញយកទិន្នន័យផ្សេងៗទៀតបាន។ មានក្រុមហ៊ុនជាច្រើនបានប្រើប្រាស់កម្មវិថី Snowflake នេះ ព្រោះវាផ្ដល់ដំណោះស្រាយដែលទាក់ទងនឹងទិន្នន័យបានយ៉ាងមានប្រសិទ្ធភាព និងកាន់បន្ថយនូវការចំណាយផងដែរ។ កម្មវិធីទាំងអស់ខាងលើនេះ ជាកម្មវិថីដែលផ្ដល់សេវាកម្មសម្រាប់ជាជំនួយក្នុងការងារ និងទំនាក់ទំនងគ្នានាពេលអនាគត ហើយបាននឹងកំពុងមានការរីកចម្រើនបន្តិចម្ដងៗជារៀងរាល់ថ្ងៃ ខណៈពេលដែលមានកម្មវិធីសេវាកម្មជាច្រើនត្រូវបានគេបង្កើតឡើងជាមួយនឹងមុខងារថ្មីៗ និងពិសេសៗជាច្រើន៕

ដោយ៖ វឌ្ឍនា

X
5s