ចក្ខុវិស័យរបស់ Facebook ស្រដៀងនឹងអ្វីដែល WeChat មានជាច្រើនឆ្នាំមកហើយ
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg កំពុងដឹកនាំក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះដោយប្រើប្រាស់យុទ្ធសាស្ត្រថ្មីមួយ ដោយផ្ដោតលើកម្មវិធីផ្ញើសារ (Messager) ដែលស្រដៀងនឹងអ្វីដែលមាននៅលើកម្មវិធី Wechat របស់ក្រុមហ៊ុនបចេ្ចកវិទ្យាចិនឈ្មោះ Tencent ជាច្រើនឆ្នាំមកហើយ។
លោក Zuckerberg បានបង្ហាញពីចក្ខុវិស័យរបស់លោកក្នុងការធ្វើឲ្យទំនាក់ទំនងមានលក្ខណៈឯករាជ ដោយរួមបញ្ចូលគ្នាតែមួយនូវសេវាកម្មផ្សេងៗរបស់ Facebook ដូចនេះអ្នកប្រើប្រាស់អាចទំនាក់ទំនងគ្នាបាននៅលើកម្មវិធីតែមួយ។
វាហាក់ដូចជាមានភាពពិសេសខ្លាំងដែលមានលក្ខណៈស្រដៀងទៅនឹងកម្មវិធី Wechat ដែរ ដែលមានមុខងារ និងសេវាកម្មផ្សេងៗនៅលើកម្មវិធីតែមួយ ដោយក្រុមហ៊ុន Facebook នឹងធ្វើការបញ្ចូលគ្នានូវសេវាកម្មរបស់កម្មវិធី Facebook, Messenger, WhatsApp និង Instagram ជាមួយនឹងកម្មវិធី Paypal និង Uber ។
WeChat បានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដែលជាកម្មវិធីមានលក្ខណៈសាមញ្ញក្នុងការទំនាក់ទំនងដូចជា ផ្ញើសារ ខលជាសំលេង និងខលជាវិឌីអូជាដើម ប៉ុន្តែកម្មវិធីនេះពុំមានការបំលែងកូដសុវត្តិភាពដូចទៅនឹងកម្មវិធី Whatsapp របស់ Facebook នោះទេ ។
ខាងក្រោមនេះជាលក្ខណៈពិសេសដែលមាននៅលើកម្មវិធី Wechat ៖
ការទូទាត់ប្រាក់តាមទូរស័ព្ទដៃ ( Mobile Money )
ការបូបលុយអេឡិចត្រូនិករបស់កម្មវិធី Wechat គឺជាចំនុចពិសេសមួយដែលបានធ្វើឲ្យកម្មវិធីនេះក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការរស់នៅរបស់ប្រជាជនចិន តាមរយៈការភ្ជាប់គ្នាទៅនឹងប័ណ្ណឥណទាន ឬគណនីធនាគារ ដែលអ្នកប្រើប្រាស់ អាចធ្វើការទូទាត់អ្វីៗបានស្ទើរតែទាំងអស់មានដូចជា ទិញសំបុត្រកុន ថ្លៃសេវាកម្មដឹកម្ហូបអាហារ សំបុត្ររថភ្លើង សំបុត្រឡានក្រុង ទូទាត់រួមគ្នាថ្លៃអាហារជាមួយមិត្តភ័ក្ដ បង់ថ្លៃភ្លើងអគ្គិសនី រក្សាទុកនូវប័ណ្ណសំរាប់បញ្ចុះថ្លៃទំនិញ និងការទូទាត់ថ្លៃទំនិញ សេវាកម្មផ្សេងៗទៀតជាច្រើន ជាពិសេសអាចផ្ញើលុយអោយគ្នាទៅវិញទៅមកបានទៀតផង។
ផ្នែកបណ្ដាញសង្គម ( Social Media )
Wechat ក៏ជាកម្មវិធីបណ្ដាញសង្គមមួយដែលអាចអោយអ្នកប្រើប្រាស់ធ្វើការបង្ហោះ សរសេរ និងចែកចាយនូវរូបថត វិដេអូបានផងដែរ ។ លើសពីនេះទៅទៀតក្រុមហ៊ុន អាជីវកម្ម ទាំងក្នុងនិងក្រៅប្រទេសទាំងអស់អាចប្រើប្រាស់កម្មវិធីនេះសំរាប់ធ្វើទំនាក់ទំនងទីផ្សារ ដោយធ្វើការកំណត់នូវគណនីផ្លូវការមួយ ។
ជាកម្មវិធីទំនាក់ទំនងសំរាប់ប្រជាជនចិនប្រើប្រាស់ ( The Chinese Model )
វាជាកម្មវិធីដែលមានការពេញនិយមយ៉ាងទូលំទូលាយក្នុងប្រទេសចិន និងបណ្ដាប្រទេសនានា ក៏ព្រោះតែថ្នាក់ដឹកនាំរបស់ប្រទេសកុម្មុនីសមួយនេះបានហាមខាត់ប្រជាជនមិនអោយប្រើប្រាស់ Facebook និងសេវាកម្មផ្សេងៗ។
អ្វីៗទាំងអស់ខាងលើនេះគឺជាចក្ខុវិស័យនាពេលអនាគតរបស់ក្រុមហ៊ុន Facebook ដែលវាត្រូវបានគេមើលឃើញថា ស្រដៀងនឹងអ្វីដែលកម្មវិធី WeChat របស់ប្រទេសចិនមានជាច្រើនឆ្នាំមកហើយ៕
ដោយ៖ វឌ្ឍនា